ប្រកាសដាក់ឲ្យដំណើរការរចនាសម្ព័ន្ធថ្មី នៃរដ្ឋបាលស្រុករវៀង, អភិបាលខេត្តព្រះវិហារ ណែនាំមន្ត្រីពង្រឹងសាមគ្គីភាពឯកភាពផ្ទៃក្នុងឲ្យបានល្អ


(ព្រះវិហារ)៖ ឯកឧត្តម ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ នៅរសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានអញ្ជើញចូលរួមប្រកាសដាក់ឲ្យដំណើរការ រចនាសម្ព័ន្ធថ្មី នៃរដ្ឋបាលស្រុករវៀង ដោយមានការចូលរួមពី ថ្នាក់ដឹកនាំតាមមន្ទីរអង្គភាពជុំវិញខេត្ត ស្រុកជាច្រើនរូបទៀត។

ឯកឧត្តម ប្រាក់ សុវណ្ណ បានថ្លែងថា ការដាក់ឲ្យដំណើរការរចនាសម្ព័ន្ធថ្មី នៃរដ្ឋបាលស្រុក នាឱកាសនេះ ជាព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ នៃការកែទម្រង់ ប្រព័ន្ធគ្រប់គ្រងរដ្ឋបាលសាធារណៈនៅថ្នាក់ក្រោមជាតិ តាមគោលនយោបាយវិមជ្ឈការ និងសហវិមជ្ឈការ សំដៅធានាដល់ការផ្ទេរសិទ្ធិ ផ្ទេរអំណាច ផ្ទេរមុខងារ និងធនធានទៅឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលនៅកៀកជិតប្រជាពលរដ្ឋ ក្នុងការទទួលខុសត្រូវលើការគ្រប់គ្រង ការចាត់ចែង និងការប្រើប្រាស់សិទ្ធិអំណាច និងធនធានទាំងនោះ សម្រាប់ការផ្តល់សេវា និងការអភិវឌ្ឍមូលដ្ឋានឆ្លើយតបទៅនិងតម្រូវការរបស់ប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព។

ឯកឧត្តមអភិបាលខេត្ត បានបន្ដទៀតថា ការដាក់ឲ្យដំណើរការនូវរចនាសម្ព័ន្ធថ្មី នៃរដ្ឋបាលស្រុកនាពេលនេះ មានអត្ថន័យយ៉ាងជ្រាលជ្រៅ មកលើប្រពន្ធ័គ្រប់គ្រង រដ្ឋបាលថ្នាក់ក្រោមជាតិបន្ថែមទៀតគឺ ការគ្រប់គ្រងរដ្ឋបាលក្រុង ស្រុកតាមគោលការណ៍ នៃរដ្ឋបាលឯកភាព ដែលមានលក្ខណៈពេញលេញ ដើម្បីបង្កើតជំរុញ និងធ្វើឲ្យមានចីរភាព តាមការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ស្របតាមច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងគោលការណ៍កំណែទម្រង់វិមជ្ឈការ និងសហវិមជ្ឈការ។

ដើម្បីធានាឲ្យដំណើរការចាប់ផ្តើមអនុវត្តរចនាសម្ព័ន្ធថ្មី នៃរដ្ឋបាលស្រុក ដោយរលូនចាប់ពីពេលនេះតទៅ ឯកឧត្តម ប្រាក់ សុវណ្ណ បានធ្វើការណែនាំនូវកិច្ចការ ចាំបាច់មួយចំនួន ដែលត្រូវយកចិត្តអនុវត្តរួមមាន៖

*ទី១៖ ការធានានិរន្តរភាពការងាររដ្ឋបាល និងការផ្តល់សេវាជូនប្រជាពលរដ្ឋ ដោយអនុវត្តតាមនិតិវិធីរដ្ឋបាល និងនិតិវិធីហិរញ្ញវត្ថុ ការចរចារលិខិតស្នាម និងការរៀបចំទីកន្លែងបំពេញការងារ
*ទី២៖ ការគ្រប់គ្រងបុគ្គលិក
*ទី៣៖ ការគ្រប់គ្រងកិច្ចការ ឯកសារ និងទ្រព្យសម្បត្តិ
*ទី៤៖ ការផ្តល់សេវាតាមការិយាលយ័ច្រកចេញចូលតែមួយ
*ទី៥៖ ការគាំទ្រដល់រដ្ឋបាលឃុំ សង្កាត់
*ទី៦៖ អំពីបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម
*ទី៧៖ អំពីកិច្ចប្រជុំក្រុមប្រឹក្សាស្រុក។

ឯកឧត្តមអភិបាលខេត្ត បានអះអាងថា ដើម្បីរួមគ្នាសម្រេចបាននូវកិច្ចការខាងលើនេះ ចាំបាច់ត្រូវខិតខំពង្រឹងស្មារតីសាមគ្គីភាព ឯកភាពផ្ទៃក្នុងឲ្យបានល្អ នៅក្នុងក្រុមប្រឹក្សា គណៈអភិបាល មន្ត្រីរាជការ កងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ដោយឈរលើមូលដ្ឋាន នៃការលើកកម្ពស់ប្រសិទ្ធិភាពការងារ គោរពច្បាប់ គោរពគោលការណ៍នានារបស់រដ្ឋ និងពង្រឹងរបៀបរបបការងារ ដើម្បីលើកកម្ពស់ការទទួលខុសត្រូវ និងភាពជាម្ចាស់របស់មន្ត្រី នៅក្នុងការបំពេញ តួនាទី ភារកិច្ច សំដៅអភិវឌ្ឍន៍មូលដ្ឋាន ឆ្លើយតបចំពោះតម្រូវការរបស់ប្រជាពលរដ្ឋ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន៕