គណៈកម្មការទី៥នៃព្រឹទ្ធសភា សិក្សាឈ្វេងយល់ពីការអនុវត្តច្បាប់អន្តោប្រវេសន៍ ការផ្សព្វផ្សាយព័ត៌មាន នៅខេត្តបាត់ដំបង


នៅថ្ងៃអង្គារ ៣រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែកុម្ភ: ឆ្នាំ២០២០ នៅសាលាខេត្តបាត់ដំបង បានបើកកិច្ចប្រជុំរវាងប្រតិភូគណ:កម្មការទី៥ នៃព្រឹទ្ធសភាដឹកនាំដោយលោកជំទាវ ទី បូរ៉ាស៊ី ប្រធានគណ:កម្មការទី៥ និង រដ្ឋបាលខេត្តបាត់ដំបង ដឹកនាំដោយ ឯកឧត្តម ហឿង សុគន្ធ អភិបាលរងខេត្តបាត់ដំបង ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្រ្តីរាជការ មកពីគ្រប់មន្ទីរ អង្គភាពនានា អភិបាលក្រុង ស្រុក ពាក់ព័ន្ធជាច្រើនរូបទៀត។

ឯកឧត្តម ហឿង សុគន្ធ អភិបាលរងខេត្ត បានមានប្រសាសន៍ស្វាគមន៍ និងធ្វើរបាយការណ៍សង្ខេប ពីស្ថានភាពទូរទៅរបស់រដ្ឋបាលខេត្ត និងការគ្រប់គ្រងរដ្ឋបាល ដោយមានក្រុង ចំនួន ១ និងស្រុកចំនួន ១៣ និង ច្រកទ្វារព្រំដែនអន្តរជាតិចំនួន២ គឺច្រកទ្វារអន្តរជាតិដូងក្នុងស្រុកកំរៀង, ច្រកទ្វារអន្តរជាតិភ្នំដី ក្នុងស្រុកសំពៅលូន, និងមានច្រកទ្វារតំបន់ចំនួន៣គឺ ច្រកទ្វារតំបន់ព្រំដែនអូររំដួល ក្នុងស្រុកភ្នំព្រឹក, ច្រកទ្វារតំបន់ព្រំដែនអូរអន្លក់ ក្នុងស្រុកកំរៀង, និង ច្រកទ្វារតំបន់ព្រំដែន៤០០ ក្នុងស្រុកសំឡូត ដើម្បីធ្វើការទំនាក់ទំនងសហប្រតិបត្តិការលើគ្រប់វិស័យជាមួយព្រះរាជាណាចក្រថៃ។

ក្នុងកិច្ចប្រជុំនេះ លោកជំទាវ ទី បូរ៉ាស៊ី ជាប្រធានគណ:កម្មការទី៥ នៃព្រឹទ្ធសភា បានស្នើសុំឱ្យមន្រ្តីជំនាញនីមួយៗឡើងរាយការណ៍តាមជំនាញរបស់ខ្លួន ដើម្បីចង់ដឹងពីការលំបាកនិងការងាយស្រួល ក្តាប់របាយការណ៍ និងសំណូមពរមួយចំនួនផងដែរ ដើម្បីងាយស្រួលរកដំណោះស្រាយ ។

ក្រោយពីបានស្តាប់ការៀបរាប់របស់មន្ត្រីរជំនាញរួចមក លោកជំទាវប្រធានគណ:កម្មការទី៥ នៃព្រឹទ្ធសភា ក៏បានថ្លែងអំណរគុណដល់ឯកឧត្តម ហឿង សុគន្ធ អភិបាលរងខេត្តដឹកនាំប្រជុំ និងបង្កលក្ខណ:ឱ្យគណ:ប្រតិភូគណ:កម្មការទី៥ នៃព្រឹទ្ធសភាបានចូលជួបប្រជុំ ពិភាក្សា ការងារប្រកបដោយជោគជ័យផងដែរ៕