សម្តេចអគ្គមហាពញាចក្រី ហេង សំរិន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតថ្មីប្រទេសគុយបាចូលជួបសម្តែងការគួរសម


សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានអនុញ្ញាតឱ្យ លោកជំទាវ លឿកា រ៉ូទ្រីហ្គេស បារីយ៉ូស (Liurka Rodriguez Barriose ) ឯកអគ្គរដ្ឋទូតថ្មីប្រទេសគុយបាចូលជួបសម្តែងការគួរសម នាព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ នៅវិមានរដ្ឋសភា។

ក្នុងនាមរដ្ឋសភា សម្តេចអគ្គមហាពញាចក្រី បានសូមស្វាគមន៍ និងអបអរសាទរចំពោះ លោកជំទាវ លឿកា រ៉ូទ្រីហ្គេស បារីយ៉ូស ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋគុយបា ប្រចាំព្រះរាជាណាចក្រកម្ពុជា។ សម្តេចបន្តថា កម្ពុជា-គុយបា មានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយគ្នាជាយូរមកហើយ គឺនៅតែប៉ុន្មានខែទៀតប៉ុណ្ណោះគម្រប់៦០ឆ្នាំហើយ។ ចំណងការទូតនេះ ត្រូវបានថ្នាក់ដឹកនាំប្រទេសទាំងពីរបន្តថែរក្សា និងលើកកម្ពស់រហូតដល់ពេលបច្ចុប្បន្ន។

សម្តេចប្រធានរដ្ឋសភា បានលើកឡើងបន្តថាគុយបា ជាមិត្តដ៏ល្អរបស់កម្ពុជា តែងជួយនិងគាំទ្រនៅគ្រប់កាលៈទេសៈ។ ជាក់ស្តែង នៅពេលកម្ពុជា ទើបបានរំដោះចេញពីរបបប្រល័យពូជសាសន៍ និងត្រូវបានហ៊ុមព័ទ្ធសេដ្ឋកិច្ច ពីប្រទេសមហាអំណាច មួយចំនួននាទសវត្សរ៍៨០ មិត្តគុយបា បានចាប់ផ្តើមទំនាក់ទំនងការទូតឡើងវិញ។

លោកជំទាវ លឿកា រ៉ូទ្រីហ្គេស បារីយ៉ូស បានថ្លែងអំណរគុណជ្រាលជ្រៅដែលសម្តេចប្រធានរដ្ឋសភាបានចំណាយពេលវេលា ទទួលជួបសវនាការជាមួយលោកជំទាវ នាឱកាសនេះ។ លោកជំទាវ បានអរគុណរដ្ឋសភា ដែលតែងជំរុញលើកកម្ពស់មិត្តភាពកម្ពុជា-គុយបា ឱ្យរឹងមាំជាលំដាប់ ពិសេសតាមរយៈក្រុមមិត្តភាពរដ្ឋសភាកម្ពុជា-គុយបា។

លោកជំទាវបានលើកឡើងថា ចំណងមិត្តភាពកម្ពុជាគុយបា ក្នុងរយៈពេល៦០ឆ្នាំមកនេះ មិនមែនត្រឹមជាទំនាក់ជាទំនាក់ទំនងការទូតនោះទេ តែជាទំនាក់ទំនងប្រវត្តិសាស្រ្ត ដែលប្រទេសទំាងពីរបានធ្វើកិច្ចការជាច្រើនរួមគ្នា។លោកជំទាវឯកអគ្គរដ្ឋទូត លើកឡើងថាលោកជំទាវមានកិត្តិយសណាស់ ដែលបានបំពេញបេសកកម្មការទូតនៅកម្ពុជា និងបានសន្យាថានឹងខិតខំជំរុញលើកកម្ពស់ ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិ ប្រទេសទំាងពីរឱ្យកាន់តែរឹងមាំឡើង។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានមានប្រសាសន៍ថា រដ្ឋសភាកម្ពុជា ពេញចិត្តចំពោះកិច្ចសហប្រតិបត្តិ ការដ៏ល្អ រវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ ដែលបាននាំមកនូវផលប្រយោជន៍ប្រទេសទាំងសងខាង តាមរយៈការផ្លាស់ប្តូរទស្សនកិច្ច និងការគាំទ្រគ្នាទៅវិញទៅ មកនៅលើឆាកអន្តរជាតិ។ រដ្ឋសភាកម្ពុជាគាំទ្របេសកកម្មការទូតរបស់ លោកជំទាវលឿកា រ៉ូទ្រីហ្គេស បារីយ៉ូស ហើយនឹងធ្វើកិច្ចសហប្រតិបត្តិការពេញលេញ ដើម្បីឱ្យការងារការទូតរបស់លោកជំទាវប្រចាំកម្ពុជាទទួលបានជោគជ័យ៕