អភិបាលខេត្តប៉ៃលិនជំរុញដល់ថ្នាក់ដឹកនាំរដ្ឋបាលស្រុកសាលាក្រៅត្រូវយកចិត្តទុកដាក់ពង្រឹងមន្រ្តីដែលមានស្រាប់ និងមន្រ្តីថ្មី ត្រូវមានចំណេះជំនាញ ច្បាស់លាស់


អភិបាលខេត្តប៉ៃលិនជំរុញដល់ថ្នាក់ដឹកនាំរដ្ឋបាលស្រុកសាលាក្រៅត្រូវយកចិត្តទុកដាក់ពង្រឹងមន្រ្តីដែលមានស្រាប់ និងមន្រ្តីថ្មី ត្រូវមានចំណេះជំនាញ ច្បាស់លាស់ ទៅតាម តួនាទីភារៈកិច្ចមុខដំណែងក្នុងការបំរើសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ

មានប្រសាសន៍ ក្នុងពិធីប្រកាសដាក់អោយដំណើរការរចនាសម្ព័ន្ធថ្មីរដ្ឋបាលស្រុកសាលាក្រៅ នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិនបាន ជំរុញដល់ថ្នាក់ដឹកនាំរដ្ឋបាលស្រុកសាលាក្រៅត្រូវយកចិត្តទុកដាក់ពង្រឹងមន្រ្តីដែលមានស្រាប់ និងមន្រ្តីថ្មី ត្រូវមានចំណេះជំនាញ ច្បាស់លាស់ ទៅតាមតួនាទីភារៈកិច្ច មុខដំណែង ក្នុងការបំរើ សេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការកែទម្រង់ស៊ីជម្រៅប្រព័ន្ធគ្រប់គ្រងរដ្ឋបាលសាធារណៈនៅថ្នាក់ក្រោមជាតិ ស្របតាមគោលនយោបាយ វិមជ្ឈការ និងវិសហមជ្ឈការ សំដៅធានាដល់ការផ្ទេរសិទ្ធិ ផ្ទេរអំណាច ផ្ទេរមុខងារ និងធនធានឱ្យទៅរដ្ឋបាលថ្នាក់ក្រោមជាតិដែលនៅកៀកជិតប្រជាពលរដ្ឋក្នុងការទទួលខុសត្រូវលើការគ្រប់គ្រង ការចាត់ចែង និងការប្រើប្រាស់សិទ្ធិ អំណាច និងធនធានទាំងនោះសម្រាប់ការផ្តល់សេវា និងការអភិវឌ្ឍមូលដ្ឋាន ឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព បរិយាប័ន្ន និងសមធម៌សង្គម។ ឯកឧត្តមលើកឡើងថា៖ការផ្ទេរធនធានអោយដំណើរការរចនាសម្ព័ន្ធថ្មីនៃរដ្ឋបាលស្រុកនៅពេលនេះពិតជាមានសារៈសំខាន់ណាស់ដល់រដ្ឋបាលស្រុកសាលាក្រៅ ក៍ដូចជារដ្ឋបាលនីមួយៗក្នុងខេត្តប៉ៃលិន ដើម្បីចូលរួមអនុវត្តគោលនយោបាយក្នុងការសម្របសម្រួលដោះស្រាយបញ្ហាប្រឈមផ្សេងៗ និងបំរើសេចក្តីត្រូវការ ជូនប្រជាពលរដ្ឋ ជាពិសេសចូលរួមពង្រឹងពង្រីកសមិទ្ធផលនានាក្នុងមូលដ្ឋាន អោយបានកាន់តែល្អ ឆ្ពោះទៅប្រទេសមួយដោយមានការរីចចំរើនលើគ្រប់វិស័យ។ ដូច្នេះមន្រ្តីដែលទទួលបានមុខដំណែងថ្មី ត្រូវចូល រួមសហការសាមគ្គីគ្នា ខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងការដឹកនាំ គ្រប់គ្រង និងអភិវឌ្ឍមូលដ្ឋាន ឲ្យមានការរីកចម្រើនលើគ្រប់វិស័យ រួមមានការផ្តល់សេវាសាធារណៈ ការអភិវឌ្ឍមូលដ្ឋាន ការជួយសង្គ្រោះប្រជាពលរដ្ឋពីគ្រោះធម្មជាតិនានា ការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន។ទន្ទឹមនឹងនេះឯកឧត្តមបញ្ជាក់ថា៖ក្នុងបរិបទប្រទេសកម្ពុជា ការអនុវត្តគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ មានគោលបំណងសំខាន់ៗចំនួន៣ រួមមាន៖ទីមួយ៖ ដើម្បីពង្រឹង និងពង្រីកលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស ឲ្យចាក់គ្រឹះរហូតដល់មូលដ្ឋានតាមរយៈការបោះឆ្នោតបង្កើតក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ដែលជាតំណាងសាធារណៈរបស់ប្រជាពលរដ្ឋ និងជាតួអង្គដ៏សំខាន់ក្នុងការដឹកនាំ គ្រប់គ្រងរដ្ឋបាលមូលដ្ឋានតាមគោលការណ៍អភិបាលកិច្ចតាមបែបប្រជាធិបតេយ្យ នៅក្នុងដែនសមត្ថិច្ចរបស់ខ្លួន។
ទីពីរ៖ ដើម្បីលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋានតាមរយៈការនាំមកនូវការផ្លាស់ប្តូរប្រព័ន្ធនិងរចនាសម្ព័ន្ធគ្រប់គ្រងរដ្ឋបាលនៅថ្នាក់មូលដ្ឋាន ស្របតាមគោលនយោបាយកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ សំដៅផ្ទេរសិទ្ធិអំណាច មុខងារ និងធនធានទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលនៅកៀកជិតប្រជាពលរដ្ឋ មានលទ្ធភាព មានភាពម្ចាស់ការ និងការទទួលខុសត្រូវច្បាស់លាស់ក្នុងការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋានដើម្បីឆ្លើយតបទៅនឹងតម្រូវការ និងដោះស្រាយនូវបញ្ហាប្រឈមជាក់ស្តែងនានារបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាននីមួយៗ ឱ្យបានទាន់ពេលវេលាប្រកប ដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព បរិយាប័ន្ន និងសមធម៌សង្គម។
ទីបី៖លើកកម្ពស់ការចូលរួមនិងភាពជាម្ចាស់របស់ប្រជាពលរដ្ឋនៅមូលដ្ឋានក្នុងការធ្វើសេចក្តីសម្រេចពាក់ព័ន្ធនឹងការគ្រប់គ្រងដឹកនាំ និងអភិវឌ្ឍមូលដ្ឋានរបស់ខ្លួន សំដៅចូលរួមកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ ជីវភាពរបស់ប្រជាពលរដ្ឋអោយប្រសើឡើង។
គួរបញ្ជាក់ថា៖ ពិធីប្រកាសដាក់ឱ្យដំណើរការរចនាសម្ព័ន្ធថ្មីនៃរដ្ឋបាលស្រុកសាលាក្រៅ ធ្វើឡើងស្របតាមសេចក្តីប្រកាសលេខ០៥២ សសរ/ គ.ជ.អ.ប ចុះថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ដោយរចនាសម្ព័ន្ធថ្មីរបស់សាលាស្រុកសាលាក្រៅមានមន្រ្តីចំនួន១៥រូបនិងមន្រ្តីដែលត្រូវបានធ្វើសមាហរណកម្មពីការិយាល័យជំនាញនៃក្រសួង ស្ថាប័ននានា មកស្ថិតនៅក្រោមរចនាសម្ព័ន្ធរដ្ឋបាលរដ្ឋបាលស្រុកសាលក្រៅ សរុបចំនួនទាំងអស់៤២ រូប។