កិច្ចប្រជុំបូកសរុបលទ្ធផលការងារទឹកស្អាត និងអនាម័យជនបទឆ្នាំ២០១៩ របស់ក្រុមការងារវិស័យបច្ចេកទេសផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទថ្នាក់ខេត្ត(ក.ក.ប.ផ.ទ.អ) និងអង្គការដៃគូសហការ


នាព្រឹកថ្ងៃពុធ ៤រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង ០៨:៣០នាទី នៅសាលប្រជុំមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត លោក ង៉ាន់ ភិរុណ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិខេត្ត បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារទឹកស្អាត និងអនាម័យជនបទឆ្នាំ២០១៩ របស់ក្រុមការងារវិស័យបច្ចេកទេសផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទថ្នាក់ខេត្ត(ក.ក.ប.ផ.ទ.អ) និងអង្គការដៃគូសហការ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក លោកស្រី អភិបាល អភិបាលក្រុង ស្រុកទាំង១២ លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធជុំវិញខេត្ត តំណាងអាជ្ញាធរជាតិអប្សរា លោក លោកស្រី ប្រធានក្រុមប្រឹក្សាឃុំពាក់ព័ន្ធ តំណាងអង្គការសង្គមស៊ីវិល និងដៃគូរអភិវឌ្ឍន៍នានា។

ក្នុងពិធីបើកកិច្ចប្រជុំនេះ លោក អភិបាលរងខេត្ត បានមានលើកឡើងថា ការផ្គត់ផ្គង់ទឹកស្អាត និងការលើកកម្ពស់អនាម័យនៅជនបទ គឺជាផ្នែកមួយយ៉ាងសំខាន់ ដែលមិនអាចខ្វះបានក្នុងការកាត់បន្ថយភាពក្រីក្រនៅជនបទ។ ដោយមើលឃើញយ៉ាងច្បាស់អំពីផលប៉ៈពាល់អវិជ្ជមាន នៃកង្វះខាតការផ្គត់ផ្គង់ទឹកស្អាត និងការលើកកម្ពស់អនាម័យល្អនៅជនបទ រាជរដ្ឋាភិបាល ក៏ដូចជាបណ្តាដៃគូអភិវឌ្ឍន៍ អង្គការជាតិ និងអន្តរជាតិទាំងអស់ បានខិតខំយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងការដាក់ចេញនូវយុទ្ធសាស្ត្រគន្លឹះនានា ដើម្បីវិភាគអំពីលទ្ធភាព នៃធនធានធ្វើយ៉ាងណាសម្រេចឲ្យបាននូវអត្រាផ្គត់ផ្គង់ទឹកស្អាត ៩០% និងអត្រាគ្របដណ្តប់អនាម័យ ៩០% នៅឆ្នាំ២០២៣ ហើយលើសពីនេះទៅទៀតគឺ ការសម្រេចឲ្យខានតែបាននូវទស្សនវិស័យរបស់រាជរដ្ឋាភិបាល “នៅឆ្នាំ២០២៥ ប្រជាជនគ្រប់រូបនៅសហគមន៍ជនបទ ត្រូវមានការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យគ្រប់គ្រាន់ ព្រមទាំងរស់នៅក្នុងបរិស្ថាន ដែលមានអនាម័យប្រកបដោយនិរន្តរភាព”។

ក្នុងឱកាសនោះផងដែរ លោក បានថ្លែងអំណរអគុណយ៉ាងជ្រាលជ្រៅចំពោះក្រសួងអភិវឌ្ឍន៍ជនបទ និងអង្គការដៃគូរអភិវឌ្ឍន៍នានា ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់ចុះជួយផ្ទាល់ដល់ខេត្តសៀមរាប មន្ទីរ អង្គភាព ជាពិសេសរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ដែលតែងតែផ្តល់កិច្ចសហការល្អ ក្នុងការចូលរួមគ្រប់សកម្មភាព នៃការអភិវឌ្ឍន៍ក្នុងខេត្តសៀមរាប និងសូមសំណូមពរដល់សមាជិក សមាជិកា នៃកិច្ចប្រជុំទាំងមូល មេត្តាយកចិត្តទុកដាក់ស្តាប់ ផ្តល់ជាមតិយោបល់ និងកិច្ចពិភាក្សាឲ្យបានផុលផុស ដើម្បីចូលរួមដោះស្រាយនូវបញ្ហាប្រឈមក្នុងការអនុវត្តការងារ ធ្វើយ៉ាងណាដើម្បីជម្រុញឲ្យការផ្គត់ផ្គង់ទឹកស្អាត និងលើកកម្ពស់អនាម័យនៅខេត្តសៀមរាបទទួលបានជោគជ័យ ជាពិសេស បានអំពាវនាវ និងស្នើសុំដល់អង្គការ ក៏ដូចជាដៃគូរអភិវឌ្ឍន៍នានា សូមបន្តជួយគាំទ្រ និងពង្រីកនូវវិសាលភាព នៃកម្មវិធីផ្គត់ផ្គង់ទឹកស្អាត និងការលើកកម្ពស់អនាម័យនៅតាមសហគមន៍ និងសាលារៀនឲ្យបានគ្រប់ភូមិ ឃុំ ក្នុងខេត្តសៀមរាបទាំងមូល។