លោកជំទាវ ប៊នសុភី បានថ្លែងនូវការកោតសរសើរដល់មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ក្នុងស្រុកជលគីរីដែលបានខិតខំប្រឹងប្រែងអភិវឌ្ឍន៍មូលដ្ឋាន បំរើសេវានិងដោះស្រាយបញ្ហាប្រឈមជូនប្រជាពលរដ្ឋបានទាន់ពេលវេលា


កំពង់ឆ្នាំងៈ លោកជំទាវ ប៊ន សុភីអភិបាលរងខេត្តកំពង់ឆ្នាំង បានថ្លែងនូវការកោតសរសើរបែបនេះក្នុងពិធីប្រកាសដាក់អោយដំណើរការរចនាសម្ព័ន្ធថ្មីនៃរដ្ឋបាលស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០នៅសាលាស្រុកជលគីរី ខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពី លោកគង់ សុវណ្ណអស្ចារ្ស នាយករងរដ្ឋបាលខេត្ត លោកលោកស្រីប្រធានអង្គភាពជុំវិញខេត្តនិងមន្រ្តីរាជការ រដ្ឋបាលស្រុកជលគីរីផងដែរ។

លោកជំទាវ ប៊ន សុភី បានក្រើនរំលឹកដល់មន្ត្រីរាជការនៅស្រុកជលគីរី ត្រូវលើកកម្ពស់គុណភាព ប្រសិទ្ធភាពការងារ ការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋាន ទប់ស្កាត់រាល់បទល្មើសនានា ស្របតាមគោលនយោបាយកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដោះស្រាយបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋតាមមូលដ្ឋាននីមួយៗ ដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និងសមធម៌។

លោកជំទាវ ប៊ន សុភី បានមានប្រសាសន៍បន្តថាៈការអនុវត្តគោលនយោបាយវិម្ឈការ និងវិសហមជ្ឈការរាជរដ្ឋាភិបាល មានគោលបំណងសំខាន់ៗ ដើម្បីឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិដំណើរការទៅដោយរលូនគឺការពង្រីងលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ឱ្យចាក់គ្រឹះ នៅមូលដ្ឋាន តាមរយៈការបោះឆ្នោតក្រុមប្រឹក្សាខេត្ត-ក្រុង ស្រុក-ខណ្ឌ-ឃុំ-សង្កាត់ ដែលជាតំណាងរបស់ប្រជាពលរដ្ឋ និងជាតួអង្គដ៏សំខាន់ ក្នុងការគ្រប់គ្រងរដ្ឋបាលមូលដ្ឋាន តាមរយៈអភិបាលកិច្ចតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ ការ លើកកម្ពស់ និងប្រសិទ្ធភាពនៃការអភិវឌ្ឍ តាមរយៈការនាំមកនូវរចនាសម្ព័ន្ធគ្រប់គ្រង ស្របតាមនយោបាយកំណែទម្រង់វិម្ឈការ និង វិសហមជ្ឈការសំដៅផ្ទេរមុខងារ និងធនធានទៅឱ្យថ្នាក់ក្រោមជាតិ មានលទ្ធភាពមានភាពជាម្ចាស់ និងការទទួលខុសត្រូវ ក្នុងការផ្តល់សេវានិងការអភិវឌ្ឍមូលដ្ឋាន ដើម្បីដោះស្រាយបញ្ហាប្រឈមជាក់ស្តែងនានា របស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានអោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និងសមធម៌។

លោកជំទាវ ប៊ន សុភី​ បានផ្តាំផ្ញើដល់មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ក្នុងស្រុកជលគីរី ក្រោយពីពិធីប្រកាសនេះទៅត្រូវអនុវត្តអោយបានតានតួនាទីនិងភារកិច្ចរបស់ខ្លួនបម្រើប្រជាពលរដ្ឋ អោយអស់កំលាំងកាយចិត្តស្របតាមគោលនយោបាយយុទ្ធសាស្រ្តចតុកោណ តំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល៕