ទស្សនៈមិត្តអ្នកអាន៖ «សូមកុំបំភ្លៃរឿងកង្វះវត្ថុធាតុដើមរបស់រោងចក្រ ទៅជារឿងព្យួរផ្នែកខ្លះនៃ EBA !»


នៅពេលដែលប្រទេសចិនកំពុងមានបញ្ហារាតត្បាតដោយជម្ងឺរលាកផ្លូវដង្ហើមថ្មី COVID-19 ឬវីរុសកូរ៉ូណា បានធ្វើឱ្យសង្វាក់ផលិតកម្មមួយភាគធំនៃរោងចក្រដែលផលិតវត្ថុធាតុដើមនៅប្រទេសចិនសម្រាប់នាំចេញទៅលក់នៅបរទេសត្រូវផ្អាកសកម្មភាពមួយរយៈ ហើយនរណាក៏ដឹងដែរថា ចិនជាប្រទេសដែលធ្វើពាណិជ្ជកម្មធំបំផុតជាមួយប្រទេសនានាលំដាប់ទី២នៃពិភពលោក បន្ទាប់ពីអាមេរិក ដូច្នេះប្រទេសនានាមួយចំនួនធំច្បាស់ជាត្រូវទទួលរងនូវផលប៉ះពាល់នេះមិនខាន។ ដោយឡែករោងចក្រមួយចំនួននៅកម្ពុជា ក៏ត្រូវទទួលរងនូវការខ្វះខាតការផ្គត់ផ្គង់វត្ថុធាតុដើមនៅក្នុងសង្វាក់ផលិតកម្មផងដែរ ហើយបញ្ហានេះ វាជាប់ពា់ព័ន្ធទាល់តែសោះទៅនឹងការព្យួរឬមិនព្យួរ EBA ដែលសហភាពអឺរ៉ុបត្រូវសម្រេចនៅថ្ងៃនេះដូចការបំប៉ោង បំភ្លៃព័ត៌មានរបស់ក្រុមបំពុលសង្គមនៅក្នុងបណ្តាញផ្សព្វផ្សាយសង្គមហ្វេសប៊ុក និង You tube នោះទេ។
មិនថាតែរោងចក្រ និងសង្វាក់ផលិតកម្មនៅប្រទេសកម្ពុជាទេដែលកំពុងប្រឈមនឹងការខ្វះវត្ថុធាតុដើមសម្រាប់ការផលិតនេះ សូម្បីតែប្រទេសមួយចំនួនក៏កំពុងមានបញ្ហាដូចគ្នានេះដែរ ក្នុងនោះក៏មានក្រុមហ៊ុនផលិតសំលៀកបំពាក់នៅអាមេរិក កូរ៉េ បង់ក្លាដេស និងប្រទេសមួយចំនួនផ្សេងទៀតដែរ។ ដោយសារបញ្ហាវីរុស COVID-19 ឬវីរុសកូរ៉ូណាដែលកំពុងវាយប្រហារនៅប្រទេសចិននេះ បានធ្វើឲ្យក្រុមហ៊ុនបញ្ជាទិញធំៗដូចជា Nike និងAdidas ជាដើមបានកំណត់ចំនួននៃការបញ្ជាទិញនៅតាមបណ្តាប្រទេសផលិតនានា ក្នុងនោះរួមទាំងកម្ពុជាផងដែរ ដោយហេតុថាវត្ថុធាតុដើមដែលត្រូវផលិតនៅប្រទេសចិនទាំងនោះ ត្រូវបានរោងចក្រផ្អាកដំណើរការភាគច្រើនដោយសារជំងឺកូរ៉ូណានេះ។ ផលប៉ះពាល់នេះក៏បានធ្វើឱ្យក្រុមហ៊ុនផលិតយានយន្ត និងគ្រឿងអេឡិចត្រូនិកមានបញ្ហាផងដែរ ដូចជាក្រុមហ៊ុនផលិតរថយន្តហ៊ីយ៉ុនដាយ(HYUNDAI)នៅប្រទេសកូរ៉េ និងក្រុមហ៊ុនផលិតទូរស័ព្ទអេបផល(APPLE) នៅអាមេរិក ក៏ត្រូវផ្អាកសង្វាក់ផលិតកម្មរបស់ខ្លួនដែរ។

ពាក់ព័ន្ធនឹងបញ្ហាប្រឈមនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ច្បាស់ៗថា៖ «ប្រសិនបើប៉ុន្មានសប្តាហ៍ខាងមុខនេះ មានករណីបិទរោងចក្រកាត់ដេរមួយចំនួននៅកម្ពុជានោះ សូមប្រជាពលរដ្ឋកុំយល់ច្រឡំថា បិទដោយសារឥទ្ធិពលនៃទណ្ឌកម្មរបស់អឺរ៉ុប ឬការដក EBA ឲ្យសោះ រោងចក្រទាំងនោះបិទ ដោយសារតែខ្វះវត្ថុធាតុដើមបម្រើដល់ការផលិត ដែលត្រូវនាំចូលពីប្រទេសចិន ព្រោះតែឥទ្ធិពលនៃវីរុស COVID-19 ឬវីរុសកូរ៉ូណា» ។

ទន្ទឹមគ្នានោះដែរ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា ហៅកាត់ថា GMAC បញ្ជាក់ថារោងចក្រកាត់ដេរសម្លៀកបំពាក់ និងស្បែកជើងមួយចំនួននៅកម្ពុជានឹងត្រូវផ្អាកដំណើរការរយៈពេល១ ឬ២ខែ ចាប់ពីចុងខែកុម្ភៈនេះ ដោយសារខ្វះវត្ថុធាតុដើមពីចិន។ បើតាមសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០នេះ។ GMAC បញ្ជាក់ថា៖ «វត្ថុធាតុដើមបម្រើដល់វិស័យកាត់ដេរសម្លៀកបំពាក់ និងស្បែកជើងនៅកម្ពុជា ៦០ភាគរយ ត្រូវបាននាំចូលមកពីប្រទេសចិន។ រោងចក្រកាត់ដេរសម្លៀកបំពាក់ និងស្បែកជើងមួយចំនួននៅកម្ពុជានឹងត្រូវផ្អាកដំណើរការរយៈពេល១ ឬ២ខែ ចាប់ពីចុងខែកុម្ភៈនេះ ដោយសារខ្វះវត្ថុធាតុដើមពីចិន ព្រោះតែរោងចក្រផលិតវត្ថុធាតុដើមនៅប្រទេសចិនបានផ្អាក ដោយសារជំងឺរលាកសួត បង្កឡើងដោយវីរុសកូរ៉ូណា»។

បញ្ហាវីរុសកូរ៉ូណាដែលបានរីករាលដាលនៅក្នុងប្រទេសចិននេះ បានធ្វើឲ្យរោងចក្រផលិតវត្ថុធាតុដើម និងក្រុមហ៊ុនផ្តល់សេវាជាច្រើន បានបិទដំណើរការជាបណ្តោះអាសន្ន ហើយប្រហែលជារហូតដល់ចុងខែកុម្ភៈនេះ ទើបអាចចាប់ផ្តើម ដំណើរការឡើងវិញ ដែលបញ្ហានេះនឹងបង្កឱ្យមានផលប៉ះពាល់ដល់សង្វាក់ផ្គត់ផ្គង់ដល់រោងចក្រនៅកម្ពុជា។ សម្រាប់រោងចក្រមួយចំនួនវត្ថុធាតុដើមនៅក្នុងស្តុកសម្រាប់ផលិតកម្មអាចនឹងអស់នៅត្រឹមសប្តាហ៍ក្រោយ ឬសប្តាហ៍បន្ទាប់ ហើយការផ្អាករោងចក្របណ្តោះអាសន្ននៅប្រទេសចិនអាចនឹងធ្វើឱ្យរោងចក្រមួយចំនួនខ្វះវត្ថុធាតុដើម នៅចុងខែក្រោយនេះ។ ប្រឈមនឹងបញ្ហានេះ រោងចក្រគ្មានជម្រើសអ្វីក្រៅពីការផ្អាកប្រតិបត្តិការផលិតកម្មជាបណ្តោះអាសន្ន ដែលមានរយៈពេញ១ខែ ឬដល់២ខែ។

ប្រសិនបើមានការផ្អាកបណ្តោះអាសន្នរយៈពេលខ្លីនៃសង្វាក់ផលិតកម្មមួយចំនួន ដែលអាចរំពឹងទុកថានឹងកើតឡើងក្នុងពេលពេលដ៏ខ្លីខាងមុខនេះក្តី គឺពិតជាមិនមានអ្វីពាក់ព័ន្ធអ្វីនឹងដំណើរការនៃការព្យួរ ឬមិនព្យួរប្រព័ន្ធអនុគ្រោះពន្ធពាណិជ្ជកម្ម EBA របស់អឺរ៉ុបនោះទេ។ រឿង EBAនេះ បើទោះបីសហភាពអឺរ៉ុបដកទាំងស្រុង ឬដកផ្នែកខ្លះក៏គង់តែដល់ខែសីហា ឆ្នាំ២០២០ ឯណោះបានចាប់ផ្តើមអនុវត្ត។ សូមបងប្អូនប្រជាពលរដ្ឋយល់ថា បើទោះបីមានការព្យួរផ្នែកខ្លះនៃ EBA នៅពេលនេះក៏ដោយ គឺមិនមែនមានន័យថាកម្ពុជាមិនអាចធ្វើពាណិជ្ជកម្មជាមួយបណ្តាប្រទេសនៅអឺរ៉ុបនោះទេ ទំនិញរបស់កម្ពុជានៅតែអាចនាំទៅលក់នៅទីនោះបានជាធម្មតា ដោយយើងគ្រាន់តែត្រូវបង់ពន្ធនាំចូលដូចបណ្តាប្រទេសដទៃប៉ុណ្ណោះ។ សូមបងប្អូនកម្មករ-កម្មការិនី នៅតាមបណ្តារោងចក្រទាំងអស់កុំមានការយល់ច្រឡំថា ការបាត់បង់ផ្នែកខ្លះនៃEBAគឺជាការបាត់បង់ទីផ្សារឱ្យសោះពីព្រោះបញ្ហានេះវាខុសគ្នាស្រឡះ ពីការបាត់បង់ទីផ្សារ និងសូមបងប្អូនកម្មករកម្មការិនីកុំយល់ច្រឡំរឿងកង្វះវត្ថុធាតុដើម ថាបណ្តាលមកពីរឿងព្យួរផ្នែកខ្លះនៃ EBA របស់សហភាពអឺរ៉ុបនោះ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្ហាញនូវជំហរដ៏មុះមុតមិនទន់ជ្រាយ និងចុះញ៉មចំពោះមុខ ការគម្រាមរបស់បរទេសជាដាច់ខាត ហើយលោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសឱ្យងើបឈរឡើងជ្រោងទង់មហាសាមគ្គីជាតិខ្មែរ ដើម្បីថែរក្សាសន្តិភាព អធិបតេយ្យ និងឯករាជ្យភាពរបស់ប្រទេសកម្ពុជាឱ្យកាន់តែរឹងមាំជាងមុនថែមទៀត។ ដើម្បីឆ្លើយតបនឹងភាពមិនប្រាកដប្រជានៃបញ្ហាប្រព័ន្ធអនុគ្រោះពន្ធ EBA នេះរាជរដ្ឋាភិបាលកម្ពុជា បានត្រៀមខ្លួនមុនរួចជាស្រេចក្នុងការប្រើប្រាស់នូវទុនបម្រុងចំនួន៣ភាគរយនៃទំហំសេដ្ឋកិច្ចជាតិ ដែលស្មើនឹងប្រមាណ៧០០លានដុល្លារក្នុង១ឆ្នាំ សម្រាប់ប្រឈមនឹងបញ្ហានេះរយៈពេល៣ឆ្នាំតទៅមុខទៀត ដើម្បីឆ្លងឱ្យផុតនូវវិបត្តិនេះ ហើយសេដ្ឋកិច្ចកម្ពុជានឹងងើបឡើងវិញក្នុងភាពដ៏មោទនៈបំផុត ដោយមិនយកឯករាជ្យ អធិបតេយ្យជាតិរបស់កម្ពុជា ទៅដោះដូរជាមួយជំនួយ ឬភាពអនុគ្រោះណាទាំងអស់។ សូមប្រជាពលរដ្ឋកម្ពុជាគិតឲ្យច្បាស់ថា តើពេលនេះកម្ពុជាត្រូវការអ្វីពិតប្រាកដ? កម្ពុជាត្រូវការសន្តិភាព មិនអាចឲ្យអ្នកណាមកបំផ្លាញសន្តិភាពបានទេ បើទោះបីបង់ថ្លៃប៉ុនណាក៏ដោយចុះ កម្ពុជាត្រូវតែជាប្រទេសដែលមានសន្តិភាព។ មានសន្តិភាព ទើបមានការអភិវឌ្ឍ មានការអភិវឌ្ឍ ទើបមានការគោរពសិទ្ធិ្មនុស្ស និងប្រជាធិបតេយ្យ៕

ដោយ៖ យី វិសាល