សម្តេចតេជោ ហ៊ុន សែន ប្រគល់ផ្ទះ២ខ្នង​ ជូនដល់អតីតយុទ្ធជន និងនិវត្តន៍ជន


ភ្នំពេញ៖ឯកឧត្តម​ ហ៊ុន ម៉ាណែត អគ្គលេធិការរងសមាគមអតីតយុទ្ធជន បានអញ្ជើញប្រគល់ផ្ទះ២ខ្នង ទំហំ ៦មx ៨ម​ធ្វើពីឈើ ប្រក់ស័ង្កសី ក្រាលការ៉ូដែលជាអំណោយ ដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានសមាគម អតីតយុទ្ធជនកម្ពុជា ជូនដល់អតីតយុទ្ធជនឈ្មោះ ទាវ វិបុល អាយុ៥៤ ជាអតីតយុទ្ធជនពិការរស់នៅភូមិសាមគ្គី ឃុំបវេល ស្រុកបវេល និងមួយខ្នងទៀតប្រគល់ជូន លោក នួន សុផាត អាយុ៦១ឆ្នាំ ជានិវត្តន៍ជន រស់នៅភូមិបន្សាយត្រែង ឃុំបន្សាយត្រែង ស្រុកថ្នគោល ខេត្តបាត់ដំបង សម្រាប់ជាកម្មសិទ្ធរស់នៅជាមួយគ្រួសារអស់មួយជីវិតរួមទាំងបានផ្តល់គ្រឿងឧបភោគបរិភោគមួយចំនួនទៀតទៀត។

ឯកឧត្តម ហ៊ុន ម៉ាណែត តែងតែបានបញ្ជាក់ថាគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាគឺ លើកម្ពស់ជីវភាពមន្ត្រីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធ អតីតយុទ្ធជន តាមរយៈការតម្លើងប្រាក់បៀវត្ស ការផ្តល់ទីជម្រក ការផ្តល់ដីសម្បទានដល់អតីតយុទ្ធជនដែលមានជីវភាពលំបាក និងអត្ថប្រយោជន៍ផ្សេងៗទៀត។

ឯកឧត្តម​ បានបញ្ជាក់បន្ថែមថា ជាគុណធម៌ និងជាការដឹងគុណចំពោះអតីតយុទ្ធជន ប្រមុខរាជរដ្ឋាភិបាល​ ដែលជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា គឺមិនបោះបង់អតីតយុទ្ធជននោះទេ​ គឺបានខិតខំយកចិត្តទុកដាក់ដោះស្រាយនូវតម្រូវការផ្សេងៗ ការលើកស្ទួយជីវភាពរស់នៅ និងលើកតម្កើងកិត្តិយសអតីតយុទ្ធជន តាមរយៈគោលនយោបាយរាជរដ្ឋាភិបាល​ននិងយន្តការប្រកបដោយប្រសិទ្ធភាព។

លើសពីនេះរាជរដ្ឋាភិបាលបាន គិតគូរយកចិត្តទុកដាក់ចំពោះការលើកតម្កើនកិត្តិយស ជូនដល់កងកម្លាំងប្រដាប់អាវុធនិងអតីតយុទ្ធជនតាមរយៈបំផុសគំនិតឱ្យមហាជនឱ្យទទួលស្គាល់ពីតម្លៃពីកងកម្លាំងប្រដាប់អាវុធនិងអតីតយុទ្ធជនដែលបានចូលរួមស្វែងរកសន្តិភាពជូនប្រទេសជាតិនិងប្រជាជន។

អតីតយុទ្ធជននិងនិវត្តន៍ជនដែលបានទទួលផ្ទះ២ខ្នងខាងលើ បានបង្ហាញអារម្មណ៍ត្រេកអរសប្បាយរីករាយរកអ្វីមកប្រៀបផ្ទឹមបានឡើយចំពោះការគិតគូរយកចិត្តទុកដាក់ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាចំពោះអតីតយុទ្ធជននិងនិវត្តន៍ជននិងសូមគោរពដឹងគុណនិងថ្លែងអំណរគុណចំពោះអំណោយដ៏ថ្លៃថ្លាមិនអាចកាត់ថ្លៃបានរបស់សម្តេចតេជោ ហ៊ុន សែន ព្រមទាំងថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជនកម្ពុជាទាំងអស់៕