អគ្គរដ្ឋទូតអាមេរិក កោតសរសើរយ៉ាងខ្លាំងចំពោះកម្ពុជា ដែលជួយឲ្យកប៉ាល់ Westerdam ឱ្យចូលចតនៅខេត្តព្រះសីហនុ


(ភ្នំពេញ)៖ លោក W. Patrick Murphy អគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា បានបង្ហោះសារមួយតាមបណ្តាញសង្គម Twitter ដោយសូមអរគុណ និងកោតសរសើរយ៉ាងខ្លាំងចំពោះទឹកចិត្តរាជរដ្ឋាភិបាលកម្ពុជា ដែលបានអនុញ្ញាតជួយឱ្យកប៉ាល់ខ្នាតយក្ស Westerdam ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ដែលកំពុងវិលវល់នោះចូលចតនៅកំពង់ផែ ខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០នេះ។

បើតាមលោកអគ្គរដ្ឋទូត, អ្នកនៅលើកប៉ាល់នោះក៏មានពលរដ្ឋអាមេរិកជាច្រើននាក់ផងដែរ។ ហើយតាមសេចក្តីរាយការណ៍កប៉ាល់បានឲ្យដឹងថា មិនមាននរណាម្នាក់ផ្ទុកមេរោគកូរ៉ូណាថ្មីនោះទេ ដែលត្រូវបានត្រួតពិនិត្យ និងធ្វើតេស្តដោយគ្រូពេទ្យនៅលើកប៉ាល់នេះតែម្តង។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតឲ្យនាវាទេសចរណ៍ខ្នាតយក្សដែលមានម្ចាស់ជាជនជាតិហូឡង់កាត់អាមេរិក និងមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ដែលផ្ទុកមនុស្សជាង២២០០នាក់ ចូលសំចតនៅ កំពង់ផែខេត្តព្រះសីហនុរបស់កម្ពុជា ក្រោយពីប្រទេស និងកោះសរុបចំនួន៦ បដិសេធមិនឲ្យនាវាដ៏ធំមួយនេះចូលចត ដោយសារភ័យខ្លាចអ្នកដំណើរមានផ្ទុកវីរុសកូរ៉ូណាថ្មី។ ការអនុញ្ញាតឲ្យចូលចតនេះធ្វើឡើង បន្ទាប់ពីមានការធានាច្បាស់លាស់ពីអ្នកគ្រប់គ្រងនាវាទេសចរណ៍ Westerdam ថា មនុស្សទាំងអស់លើកប៉ាល់មិនមានអ្នកណាម្នាក់ ផ្ទុកវីរុសកូរ៉ូណាថ្មី ឬ Covid-19 នោះទេ។

ឆ្លើយតបបញ្ហានេះលោក លឹម ជាវុត្ថា នាយកប្រតិបត្តិអង្គភាពព័ត៌មាន Fresh News បានស្នើសុំធ្វើកិច្ចសម្ភាសន៍ជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា តាមទូរស័ព្ទដោយលើកឡើងថា តើហេតុអ្វីកម្ពុជាសម្រេចអនុញ្ញាតឲ្យនាវាទេសចរណ៍របស់អាមេរិក ចូលចតនៅកំពង់ផែ ខេត្តព្រះសីហនុ ខណៈប្រទេសនិងកោះសរុបចំនួន៦ បានបដិសេធ, មិនឲ្យចូលចតកំពង់ផែរបស់ខ្លួន ដោយសារខ្លាចមេរោគកូរ៉ូណា ឬ Covid-19 ?

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ឆ្លើយតបថា «ហេតុអ្វីត្រូវសម្រេចអនុញ្ញាតឲ្យនាវានេះចូលចត តើត្រូវឲ្យពួកគេទៅណា បើគេបានបិទអស់ហើយ, ដូចដែលខ្ញុំបាននិយាយហើយថា ជំងឺពិតប្រាកដគឺភាពភ័យខ្លាច មិនមែនជាជំងឺកូរ៉ូណានោះទេ។ ការអនុញ្ញតឲ្យចូលនេះបង្ហាញពីការលុបបំបាត់នូវជំងឺភ័យខ្លាច ដែលកំពុងកើតមាននៅលើពិភពលោកយើងនេះ ហើយកម្ពុជាគ្មានឡើយការរើសអើងពូជសាសន៍ ត្រូវតែចូលរួមសង្រ្គោះក្នុងកិច្ចការមនុស្សធម៌ ខណៈពួកគេកំពុងជួបគ្រោះអាសន្ន»

«យើងត្រូវសហការគ្នា ទាំងអ្នកជាប់នៅលើនាវា ដើម្បីជួយសង្រ្គោះដោយមិនខ្វល់ពីជាតិសាសន៍ ទោះបីជាតិសាសន៍ណាក៏ដោយ កិច្ចការនេះបង្ហាញពីការងារ មនុស្សធម៌ដ៏ប្រពៃ និងសណ្តានចិត្តរបស់កម្ពុជាសម្រាប់មនុស្សលើពិភពលោក ក្នុងការយកអាសារសម្រាប់ជាតិសាសន៍ដទៃ។ បើគេមិនទទួលកម្ពុជាទទួល, កម្ពុជាក៏ចង់បង្ហាញថា កម្ពុជាមិនមែនគ្រាន់តែសហការជាមួយចិននោះទេ គឺធ្វើជាមួយគ្រប់ជាតិសាសន៍ទាំងអស់ ព្រោះបញ្ហានេះវាក្លាយជាបញ្ហាប្រឈម ជាសកលរួចទៅហើយ និងម្យ៉ាងទៀតបញ្ហាមនុស្សធម៌ក៏គ្មានព្រំដែនដែរ។ យើងត្រូវតែជួយពួកគេនៅពេលដែលពួកគេសុំឱ្យយើងជួយ យើងត្រូវតែជួយគេប្រកប ដោយស្មារតីទទួលខុសត្រូវ», នេះជាប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន បញ្ជាក់បន្ថែមយ៉ាងដូច្នេះ។

ក្រុមហ៊ុននាវាទេសចរណ៍ បានឱ្យដឹងតាមរយៈគេហទំព័ររបស់ខ្លួនថា បន្ទាប់ពីសំចតរយៈពេលមួយទៅពីរថ្ងៃនៅខេត្តព្រះសីហនុ ក្រុមហ៊ុនបានសម្រេចជួលយន្តហោះសម្រាប់ដឹកជញ្ជូនអ្នកដំណើរពីព្រលានយន្តហោះកងកេង ក្នុងខេត្តព្រះសីហនុ ទៅកាន់អាកាសយានយន្តអន្តរជាតិភ្នំពេញ និងហោះហើរបន្តទៅកាន់ស្រុកកំណើតរបស់ពួកគេ។

អាជ្ញាធររបស់កម្ពុជា បានអះអាងផងដែរថា នៅពេលនាវានេះចូលចតនឹងមានការពិនិត្យសុខភាពរបស់អ្នកទេសចរនៅលើនាវាទាំងអស់នោះ ហើយបើមានករណីសង្ស័យមានជំងឺណាមួយ នឹងត្រូវយកទៅតាមដាន និងពិនិត្យកំហាកភ្លាមៗតែម្តងដោយដឹកតាមយន្តហោះទៅពិនិត្យនៅវិទ្យាស្ថានប៉ាស្ទ័រ។ តែទោះបីជាយ៉ាងណាអ្នកគ្រប់គ្រងលើនាវានេះ បានបញ្ជាក់និងអះអាងថា មនុស្សទាំងអស់នៅលើនាវាមិនមានផ្ទុកមេរោគកូរ៉ូណានោះឡើយ។

កម្ពុជាមិនត្រឹមតែអនុញ្ញាតឱ្យនាវានេះចូលចតនោះឡើយ ថែមទាំងមិនយកថ្លៃទិដ្ឋាការ (Visa) និងសេវាកម្មផ្សេងៗនោះឡើយ។ តាមរយៈកាយវិការទាំងនេះ បានបង្ហាញពីសមានចិត្តដ៏ជ្រាលជ្រៅបំផុតលើផ្នែកការងារមនុស្សធម៌របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន។ កាយវិការនេះបានបង្ហាញផងដែរថា ទោះបីក្នុងកាលៈទេសៈណាក៏ដោយរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោ មានស្មារតីខ្ពស់បំផុតក្នុងការចូលរួមដោះស្រាយបញ្ហារបស់ពិភពលោក និងគ្មានការរើសអើងពូជសាសន៍ និងជាតិសាសន៍ដទៃនោះឡើយ។

បន្ទាប់ពីការរកទីសំចតមិនបានដើម្បីវិលត្រឡប់ទៅផ្ទះវិញអស់ជាច្រើនថ្ងៃ ក្រុមអ្នកទេសចរនៅលើនាវាបានរីករាយជាខ្លាំង ក្រោយទទួលបានដំណឹងថា ប្រទេសកម្ពុជាអនុញ្ញាតឱ្យពួកគេចូលសំចតនោះ។ តាមរយៈទំព័រ Facebook របស់នាយកប្រតិបត្តិរបស់នាវា «Holland America Line» ក្រុមអ្នកទេសចរទាំងនេះ បានថ្លែងអំណរគុណចំពោះដល់ប្រទេសកម្ពុជា ដែលបានជួយដោះស្រាយកង្វល់របស់ពួកគេ។ ពួកគេក៏បានលើកឡើងផងដែរថា នឹងចងចាំចំពោះសមានចិត្ត និងកាយវិការប្រកបដោយសប្បុរសធម៌ មនុស្សធម៌ និងគ្មានការរើសអើងមួយនេះរបស់កម្ពុជា៕