កម្ពុជា ស្នើឲ្យម៉ាឡេស៊ី ពិនិត្យឡើងវិញ ចំពោះការរកឃើញថា មានស្រ្តីអាមេរិកាំងម្នាក់ លើនាវា WESTERDAM ដែលចេញពីកម្ពុជា មានផ្ទុកវីរុសកូរ៉ូណា Covid-19


(ភ្នំពេញ)៖ នាយប់រំលង​អាធ្រាតថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០ ក្រសួងសុខាភិបាល​នៃព្រះរាជាណាចក្រកម្ពុជា​ ស្នើឲ្យម៉ាឡេស៊ី ពិនិត្យឡើងវិញ ​ចំពោះការរកឃើញថា មានស្រ្តី​អាមេរិកាំងម្នាក់ លើនាវា Wester​dam ដែលចេញពីកម្ពុជា មានផ្ទុកវីរុសកូរ៉ូណា Covid-19។

ការទាមទារឲ្យពិនិត្យឡើងវិញនេះ បានធ្វើឡើងតាមរយៈ​សេចក្តីប្រកាសព័ត៌មាន បន្ទាប់ពី​ប្រទេស​ម៉ាឡេស៊ី លើក​ឡើងថា ខ្លួនបានធ្វើតេស្តវិជ្ជមាន​វីរុសកូរ៉ូណា​ថ្មី Covid-19 លើជនជាតិអាមេរិកកាំង​ម្នាក់ ក្រោយពីបានចាកចេញ​ពីនាវាខ្នាតធំ Westerdam ចូលសំចត នៅកម្ពុជា។

ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសថា៖ នៅក្នុងពេលប៉ុន្មានម៉ោងមុននេះ មានការផ្សព្វផ្សាយព័ត៌មាន​ ស្ដីពី ករណីស្ត្រីជនជាតិអាមេរិកាំងម្នាក់អាយុ ៨៣ឆ្នាំ ដែលអាជ្ញាធរ​ម៉ាឡេស៊ី ពិនិត្យឃើញថា មានផ្ទុក Covid-19 នៅប្រទេសម៉ាឡេស៊ី។

ករណីនេះ មុននឹងចាកចេញរបស់បុគ្គលរូបនេះ ក៏ដូចជាអ្នកទេសចរដទៃទៀតពីនាវាខ្នាតធំ Westerdam ត្រូវបបានក្រសួងសុខាភិបាល ពិនិត្យយ៉ាងល្អិតល្អន់ និងធ្វើការជាមួយអង្គការសុខភាព​ពិភពលោក ព្រមទាំងអង្គការ USCDC រ​បស់អាមេរិក ហើយយើងបានអនុវត្តតាមស្តង់ដារ​បច្ចេកទេស និងនិយ័តកម្មសុខភាពអន្តរជាតិ ឆ្នាំ ២០០៥ របស់អង្គការសុខភាពពិភពលោក។

ចំពោះករណី ដែលបានប្រកាស ដោយអាជ្ញាធរម៉ាឡេស៊ី និងភាពវិជ្ជមាន​លើវីរុស Covid-19 ក្រសួងសុខាភិបាល​នៃព្រះរាជាណាចក្រកម្ពុជា ស្នើសុំឲ្យអាជ្ញាធរម៉ាឡេស៊ី ពិនិត្យឡើងវិញ អំពីលទ្ធភាព​នៃការធ្វើតេស្តនេះ ឲ្យមានភាពសុក្រិតឡើងវិញ៕ SN-ពុទ្ធិរៈ