ឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន បញ្ចុះខណ្ឌសីមាព្រះវិហារ និងសម្ពោធឆ្លងសមិទ្ធផលនានា វត្តឧទុម្ពរ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង


(កំពង់ឆ្នាំង)៖ ព្រះវិហារ និងសមិទ្ធផលនានា វត្តឧតុម្ពរស្ថិតភូមិឧតុម្ពរ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដែលទើបសាងសង់រួចចំណាយទឹកប្រាក់ប្រមាណ ២៩០ ៩០៩ ដូល្លារអាមេរិក ត្រូវបានប្រារព្ធពិធីបុណ្យបញ្ចុះខណ្ឌសីមា និងសម្ភោធឆ្លងដាក់ឲ្យប្រើប្រាស់ជាផ្លូវការ។

ពិធីនេះបានប្រព្រឹតទៅក្រោមអធិបតីភាពបណ្ឌិត បណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្ដចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល ខេត្តកំពង់ឆ្នាំង តំណាងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នាព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២០។

លោក ឈួរ ចាន់ឌឿន អភិបាលខេត្តកំពង់ឆ្នាំងបានបញ្ជាក់ថា៖ វត្តឧតុម្ពរនេះ បានចាប់ផ្តើមកសាងតាំងពីឆ្នាំ ១៩២២ មករហូតមកដល់បច្ចុប្បន្ននេះ បានឆ្លងកាត់ការគ្រប់គ្រងពីចៅអធិការវត្ត ៨ អង្គរួចមកហើយ ។ នៅចន្លោះឆ្នាំ១៩៦៦ ដល់ឆ្នាំ១៩៧៥ រាល់សមិទ្ធផលទាំងអស់ ដែលបានកសាងឡើងក្នុងនាសម័យកាលនោះ ត្រូវបានបំផ្លាញគ្មានសល់ ក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត។ ក្រោយថ្ងៃជ័យជម្នះ ៧មករាឆ្នាំ ១៩៧៩ សង្គមជាតិ ត្រូវបានរស់ឡើងវិញ ក្នុងនោះវិស័យព្រះពុទ្ធសាសនាក៏បានស្តារ និងកសាងឡើងវិញ វត្តឧតុម្ពរ ក៏ដូចជាវត្តផ្សេងៗទៀតនៅទូទាំងប្រទេសត្រូវបានចាប់ផ្ដើមកសាងឡើងវិញជាបន្តបន្ទាប់ ។
សមិទ្ធផលដែលសម្ពោធនាពេលនេះមាន៖ ព្រះវិហារ កុដិ ៣ ខ្នង សាលាឆាន់ ក្លោងទ្វារ របងវត្តបង្គោលភ្លើង និងសមិទ្ធផលជាច្រើនទៀត ចំណាយថវិកាសរុប ២៩០ ៩០៩ ដូល្លារអាមេរិក ក្នុងនោះមានការចូលរួម សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បណ្ឌិត អ៊ុក រ៉ាប៊ុន ឧបាសក ស្រី ឌឹម ឧបាសិកា ស៊ូ គឹមហួត លោកឧកញ៉ា ស្រី នួន និងលោកស្រី ស្រី វុទ្ធី លោកស្រី ប៊ុន ណាវី ឧបាសក សុខ សាន ឧបាសិកា ម៉ម សុន និងឧបាសិកា សេង សៀកហេង ព្រមទាំងពុទ្ធបរិស័ទក្នុង និងក្រៅប្រទេស ។

ឯកឧត្តម អ៊ុក រ៉ាប៊ុន បានបាននាំនូវបណ្ដាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនចំពោះប្រជាពលរដ្ឋនៅស្រុករលាប្អៀរ ក៏ដូចជានៅទូទាំងខេត្តកំពង់ឆ្នាំង និងបានជម្រាបជូនអំពី សមិទ្ធផលធំៗរបស់រាជរដ្ឋាភិបាល ជាពិសេសវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន។

ឯកឧត្តមបន្តថា ខេត្តកំពង់ឆ្នាំងជាខេត្តមួយដែលទទួលបានផ្លូវជាតិពីរគន្លង មុនខេត្តផ្សេងៗទៀត ដែលរាជរដ្ឋាភិបាលបានចាប់ផ្ដើមពង្រីកផ្លូវនេះ ពីស្ពានព្រែកក្ដាមរហូតទៅដល់ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ហើយក៏មិនភ្លេចទេ អរគុណសន្តិភាព។ ដោយសារតែប្រទេសយើងមានសុខសន្តិភាពទើបយើង មានឱកាសកសាងសមិទ្ធផលនានាទូទាំងប្រទេស និងធ្វើឲ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ឲ្យកាន់តែល្អប្រសើរឡើង។ ដោយឡែកបច្ច័យដែលទទួលបានពីពិធីបុណ្យបញ្ចុះខណ្ឌសីមានាពេលនេះមាន ៤១លាន២សែន៧ ម៉ឺនរៀល សម្រាប់បន្តកសាងសមិទ្ធផលនានានៅទីអារាមនេះ។

បន្ទាប់មកគណៈអធិបតី បានបំពាក់គ្រឿងឥស្សរិយយសប្រគេន និងជូនដល់សប្បុរសជន ៩ អង្គ/នាក់ និងបាននាំអំណោយរបស់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ជូនតាជី យាយជី ២០០នាក់ ម្នាក់ ក្រណាត់ស១ដុំ ថវិកា១ម៉ឺនរៀល ប្រគេនបច្ច័យ និងស្លាដក់ដល់ព្រអសង្ឃ ២៨ អង្គ លោកគ្រូ អ្នកគ្រូ គ្រូពេទ្យ កងការពារទាំង៤ប្រភេទ សិស្សានុសិស្ស និងប្រគេនបច្ច័យតាមរោងទិសទាំង៨ ក្នុងមួយរោងទិស៦០ម៉ឺនរៀល ទិសឥន្ទកិល២លានរៀល ព្រមទាំងបានអញ្ជើញកាត់ខ្សែបូរ និងឡើងលើព្រះវិហារប្រារព្ធកិច្ចតាមគន្លងប្រពៃណីព្រះពុទ្ធសាសនា កាត់ឬស្សសីមា បើកឲ្យប្រើប្រាស់ជាផ្លូវការ នូវព្រះវិហារ និងសមិទ្ធផលនានាចាប់ពីពេលនេះតទៅ៕