លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ផ្តល់នូវអានុសាសន៍ ៧ចំណុច សម្រាប់ដាក់ឲ្យសមាគមនារី និងគណៈចលនាស្រ្តី អនុវត្តបន្ត


លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុប លទ្ធផលការងារឆ្នាំ២០១៩ និងទិសដៅអនុវត្តឆ្នាំ ២០២០ របស់គណៈចលនាស្ត្រី និងសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ដោយមានការចូលរួមពីសំណាក់ពីគណៈកម្មាធិការកណ្តាលសមាគមនារី គណៈចលនាស្ត្រី សមាជិការដ្ឋសភា ព្រឹទ្ធសភា សមាជិការាជរដ្ឋាភិបាល ប្រធានកិត្តិយសសមាគម ថ្នាក់ដឹកនាំនារីក្រសួង ស្ថាប័ន រាជធានី ខេត្ត សប្បុរសជន និងមន្ត្រីរបស់សមាគមនារី ចូលរួមសរុបចំនួន ៣៥០នាក់ នារសៀលថ្ងៃអាទិត្យ ៨រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ២០២០ នៅ រាជធានីភ្នំពេញ។

អង្គសន្និបាតបានពិភាក្សាគ្នាយ៉ាងផុលផុស និងបានផ្តល់នូវធាតុចូលយ៉ាង សំខាន់សម្រាប់ដាក់ចេញជាផែនការអនុវត្តនៅឆ្នាំបន្តទៀតរបស់គណៈចលនាស្ត្រីនិងសមាគមនារី ។ ធាតុចូលទាំងនេះនឹងបានចូលរួមចំណែកក្នុងការថែរក្សាស្ថេរភាពនយោបាយ និងស្ថេរភាពសេដ្ឋកិច្ច និងសង្គម កែលំអរជីវភាពរស់នៅរបស់ប្រជាជនមានភាពកាន់តែល្អប្រសើរឡើង ដើម្បីបង្កើនជំនឿទុក្ខចិត្តរបស់ប្រជាជនបន្ថែមទៀតក្នុងការគាំទ្រគណបក្សប្រជាជន ។

លោកជំទាវក៏បានផ្តល់នូវអានុសាសន៍ ៧ចំណុច សម្រាប់ដាក់ឲ្យសមាគម និងគណៈចលនាស្រ្តី អនុវត្តដូចខាងក្រោម ៖

១- អនុវត្តឱ្យបានខ្ជាប់ខ្ជួន និងផ្សព្វផ្សាយឱ្យបានទូលំទូលាយ នូវគោលនយោបាយរបស់គណបក្ស និងខ្លឹមសារឯកសារសន្និបាតគណៈកម្មាធិការកណ្តាល លើកទី ៤២ អាណត្តិ ទី៥។

២-អនុវត្តឱ្យបានជោគជ័យនូវទិសដៅការងារ របស់សមាគមនារី និងក្រុមចលនាស្ត្រី ដោយយកចិត្តទុកដាក់ លើការពង្រឹងសតិអារម្មណ៍នយោបាយ បង្កើនស្មារតីសាមគ្គីភាព ឯកភាពផ្ទៃក្នុងឱ្យកាន់តែរឹងមាំ។

៣-ពង្រឹង និងបង្កើនប្រសិទ្ធភាពដឹកនាំ និងកិច្ចសហការជាមួយគណបក្សគ្រប់លំដាប់ថ្នាក់ ក្រុមការងារនយោបាយ គណៈចលនាមហាជន គណៈចលនាយុវជន សប្បុរសជន អង្គការ សមាគម ដែលធ្វើសកម្មភាពនៅទូទាំងប្រទេស និងផ្នែកដែលពាក់ព័ន្ធ ។

៤-រក្សាទំនាក់ទំនងជិតស្និតជាមួយប្រជាពលរដ្ឋ ពង្រីកទំនាក់ទំនងល្អជាមួយកម្លាំងគាំទ្រគណបក្សចុះមូលដ្ឋានជាប់ជាប្រចាំ ជួបប្រជុំជាមួយបងប្អូននារី ដើម្បីពង្រឹងសតិអារម្មណ៍ និងរក្សាប្រៀបខ្លាំងរបស់គណបក្ស។ ចិញ្ចឹមចលនា និងធ្វើបច្ចប្បន្នភាពកម្លាំងស្រ្តីក្នុងគណបក្ស បន្តជម្រុញពង្រីកសមាគមនារី ។

៥-ចូលរួមអបអរសាទរទិវាអន្តរជាតិនារី ៨មិនាលើកទី១០៩ ក្រោមប្រធានបទ «មានសន្តិភាព មានការលើកកម្ពស់សមភាពយេនឌ័រ» និង ចូលរួមនិងគាំទ្រសកម្មភាព «អរគុណសន្តិភាព»។

៦-ពង្រឹងសីលធម៌រស់នៅស្អាតស្អំ រក្សាប្រពែណីល្អ និងសេចក្តីថ្លៃថ្នូរបស់ជាតិយើង ជាពិសេសការផ្តល់តម្លៃស្រ្តី និងការថែរក្សាការពារកិត្តិយស និងជួយទប់ស្កាត់អំពើពាលាអាវ៉ាសែ ការសេពគ្រឿងញៀន និងគ្រឿងស្រវឹង ។

៧-ដោយមើលឃើញថា ចំនួនស្រ្តីដែលកំពុងបំពេញភារកិច្ចជាអ្នកដឹកនាំនៅគ្រប់លំដាប់ថ្នាក់ និងគ្រប់វិស័យនៅមានចំនួនតិច មិនទាន់ឆ្លើយតបទៅនឹងតម្រូវការរបស់ស្រ្តីនៅឡើយ ដូចនេះ ខ្ញុំស្នើសុំឱ្យបងប្អូននារីយើង ខិតខំពង្រឹងសមត្ថភាពខ្លួនជាប្រចាំ ទាំងផ្នែកជំនាញ និងបច្ចេកទេសឱ្យឆ្លើយតបទៅនឹងសំណូមពរការងារនាពេលបច្ចុប្បន្ន ដើម្បីបង្កើនចំនួនស្រ្តី ក្នុងជួរថ្នាក់ដឹកនាំឱ្យបានច្រើន។ ជាពិសេស ស្នើសុំឱ្យថ្នាក់ដឹកនាំគ្រប់ថ្នាក់បន្តយកចិត្តទុកដាក់លើការផ្តល់តួនាទីឱ្យស្រ្តីមានមុខតំណែង ជាអ្នកធ្វើសេចក្តីសម្រេចឱ្យបានច្រើនថែមទៀតទាំងក្នុងវិស័យនយោបាយ និងវិស័យមុខងារសាធារណៈ ។