ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រៀបចំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០


(ភ្នំពេញ)៖ អញ្ជើញជាអធិបតីក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ នាព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ នៅទីស្តីការក្រសួង ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងនូវការកោតសរសើរ ចំពោះថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានខិតខំយកចិត្តទុកដាក់ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការអនុវត្តផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈ ២០១៩-២០២៣ រយៈពេល១ឆ្នាំនេះ ប្រកបដោយជោគជ័យស្របតាមផែនការគួរជាទីមោនៈ។ ទន្ទឹមនេះ ឯកឧត្តមក៏បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះក្រសួង ស្ថាប័នពាក់ព័ន្ធ អង្គការជាតិ និងអន្តរជាតិ ដៃគូអភិវឌ្ឍន៍នានា អង្គការវិជ្ជាជីវៈ និងវិស័យឯកជន ដែលតែងតែគាំទ្រ និងផ្តល់កិច្ចសហការល្អជាមួយក្រសួង ក្នុងការរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាពេលកន្លងមក ដែលធ្វើឱ្យយើងសម្រេចបានជោគជ័យ ក្នុងការបង្កើតឱកាសការងារ និងធានាបាននូវសុខដុមនីយកម្មរវាងកម្មករនិយោជិត និងនិយោជក។
សន្និបាតនាពេលនេះ គឺរៀបចំឡើងក្នុងគោលបំណង ដើម្បីពិនិត្យមើលអំពីវឌ្ឍនភាពការងារប្រចាំឆ្នាំ ២០១៩ នៃការអនុវត្តផែនការយុទ្ធសាស្រ្ត អភិវឌ្ឍន៍វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ២០១៩-២០២៣ ដែលផ្តោតលើយុទ្ធសាស្រ្តអាទិភាពទាំង ៥ រួមមាន ទី១-ការអភិវឌ្ឍលក្ខខណ្ឌការងារ និងសុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈ, ទី២-ការធ្វើទំនើបកម្មប្រព័ន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ, ទី៣-ការរក្សានិងបង្កើនមុខរបរ និងការងារនៅក្នុងនិងក្រៅប្រទេស, ទី៤-ការអភិវឌ្ឍរបបសន្តិសុខសង្គម និងទី៥-ការពង្រឹងសេវាគាំទ្រទូទៅ និងបញ្ហាប្រឈមមួយចំនួន ដើម្បីដាក់ចេញនូវទិសដៅអាទិភាពសម្រាប់អនុវត្តការងារបន្តនៅឆ្នាំ ២០២០ សំដៅបង្កើនប្រសិទ្ធភាពការងារ ឱ្យស្របទៅនឹងកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាលនីតិកាលទី៦ ព្រមទាំងខិតខំសម្រេចឱ្យបានជាលទ្ធផលផ្លែផ្កានូវរាល់ផែនការយុទ្ធសាស្រ្ត និងគោលនយោបាយនានា ដែលបានដាក់ចេញ ជាពិសេសគោលនយោបាយជាតិស្តីពីមុខរបរ និងការងារ ឆ្នាំ២០១៥-២០២៥ និងគោលនយោបាយជាតិ ស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ឆ្នាំ២០១៧-២០២៥។ សមិទ្ធផលដែលសម្រេចបានពេញ១ឆ្នាំនេះ បានធ្វើឱ្យវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាកាន់តែដើរតួរនាទីយ៉ាងសំខាន់ដល់ការគាំទ្រនូវគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងបន្តជម្រុញកំណើនសេដ្ឋកិច្ច ការបន្តភាពប្រកួតប្រជែងរបស់កម្ពុជា ការបន្តនីរន្តភាពពាណិជ្ជកម្ម អាជីវកម្ម ផលិតកម្ម និងវិនិយោគ។
ក្រសួងបានខិតខំបន្តគ្រប់គ្រងទីផ្សារការងារ និងកម្លាំងពលកម្មដែលរាជរដ្ឋាភិបាលខិតខំបង្កើតការងារជូនបងប្អូនជាពលរដ្ឋ រហូតមានកម្លាំងពលកម្មសរុបប្រមាណ ១០លាននាក់ ក្នុងនោះ នៅក្នុងប្រទេសប្រមាណ ៣,៦៩លាននាក់ (ផ្នែកសេដ្ឋកិច្ចក្នុងប្រព័ន្ធមានចំនួនជាង ១,៥០លាននាក់ និងផ្នែកសេដ្ឋកិច្ចក្រៅប្រព័ន្ធប្រមាណ ២,២០លាននាក់) វិស័យកសិកម្មប្រមាណ៤លាននាក់ មន្រ្តីសាធារណៈ ៥០ម៉ឺននាក់ និងពលករដែលធ្វើការនៅក្រៅប្រទេសមានចំនួនប្រមាណជាង ១,២៨លាននាក់។ ដែលកត្តានេះបានធ្វើឱ្យប្រជាពលរដ្ឋជាង ៩៩,៣% មានការងារធ្វើ។ សហគ្រាស គ្រឹះស្ថាន សេដ្ឋកិច្ចក្នុងប្រព័ន្ធដែលមានចុះបញ្ជីនៅ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សរុបចំនួន ១៤ ០៦០ សហគ្រាស គ្រឹះស្ថាន ដែលមានកម្មករនិយោជិតចំនួន ១,៥០ លាននាក់ ដោយបានទទួលប្រាក់ឈ្នួលជាមធ្យមជាង ៣,៧០ ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំ បើគិតបូកប្រាក់បញ្ញើ ដែលបងប្អូនពលករមកពីក្រៅប្រទេស ក្នុងឆ្នាំជាង២,៨០ពាន់លានដុល្លារទៀត សរុបទៅជាង៦,៥០ ពាន់លានដុល្លារក្នុងមួយឆ្នាំ។
តាមរយៈការព្រង្រឹងការអនុវត្តច្បាប់ស្តីពីការងារ មន្រី្តអធិការកិច្ចការងារបានចុះអធិការកិច្ច ចំនួន ៤ ៩២២លើក, បានដាក់កំហិតចំនួន ៩៧៧សហគ្រាស, បានចេញលិខិតផាកពិន័យ ៥៥សហគ្រាស និងប្តឹងទៅតុលាការ ៦សហគ្រាស ជាលទ្ធផលរោងចក្រ សហគ្រាសដែលមិនគោរពច្បាប់ស្តីពីការងារបានធ្លាក់ចុះគួរកត់សំគាល់។ ទន្ទឹមនឹងនេះការពង្រឹងការអនុវត្តច្បាប់ស្តីពីសហជីព បានធ្វើអោយចំនួនអង្គការវិជ្ជាជីវៈចុះបញ្ជិការកើនឡើងដល់ ៥ ២០៩ ក្នុងនោះហជីពមូលដ្ឋានចំនួន ៤ ៩៤៩, សហព័ន្ធសហជីពចំនួន ២១៦, សហភាពសហជីពចំនួន ៣៣ និងសមាគម និយោជកចំនួន ១១។ ក្នុងឆ្នាំ២០១៩ នេះ បានចុះបញ្ជីសហជីពមូលដ្ឋានចំនួន ៣៧៥, សហព័ន្ធសហជីពចំនួន ៣៦, សហភាពសហជីពចំនួន៥ និងសមាគមនិយោជកចំនួន២។ មន្រ្តីអធិការកិច្ចបានខិតខំដោះស្រាយវិវាទការងារចំនួន ៨២៨ករណី ក្នុងនោះសះជាចំនួន ៤១៥ករណី មិនសះជាចំនួន ៣៧៧ករណី និងមោឃៈចំនួន ៣៦ករណី និងបានបន្តអនុវត្តយន្តការដោះស្រាយវិវាទការងារក្រៅប្រព័ន្ធតុលាការដោយបញ្ជូនសំណុំរឿងចំនួន ១២១ករណី ទៅក្រុមប្រឹក្សាអាជ្ញាកណ្តាល ដោះស្រាយបញ្ហាកូដកម្មចំនួន ៧៥ករណី សះជាមានចំនួន ៦៩ករណី បាតុកម្មចំនួន ១១ករណី សះជាបានចំនួន ៨ករណី។ ជារួមបញ្ហាវិវាទការងារ និងបញ្ហាកូដ្ឋកម្ម បាតុកម្មខុសនីតិវិធីច្បាប់ក៏បានធ្លាក់ចុះគួរអោយកត់សំគាល់ផងដែរ ដែលជាការបង្ហាញឱ្យ អោយឃើញនូវសុខុដុមនីកម្មភាពទំនាក់ទំងវិជ្ជាជីវៈកាន់តែប្រសើរ ការលើកកម្ពស់លក្ខខណ្ឌការងារ សិទ្ធិសេរីភាពអង្គការវិជ្ជាជីវៈ កិច្ចសន្ទាសង្គម ការការពាសិទ្ធ និងអត្ថប្រយោជន៍បងប្អូនកម្មរនិយោជិត និងកិច្ចគាំពារសង្គមកាន់តែប្រសើរផងដែរ។
ឯកឧត្តមបណ្ឌិត អ៊ិត សំហេង បានរំលឹកជូនអង្គសន្និបាតនូវអ្វីដែលជាបញ្ហាប្រឈមនានាដែលមានឥទ្ធិពលមកពីខាងក្រៅ ដូចជាសេដ្ឋកិច្ចពិភពលោក បញ្ហាជំងឺកូរ៉ូណាវីរុស ហៅកូវីត១៩ ករណី EBA សង្គ្រាមពាណិជ្ជកម្ម ។ល។ ដែលកំពុងកើតមានឡើងនាពេលបច្ចុប្បន្ននេះ ដែលជាទឡ្ហីករណ៍ទាមទារ ឲ្យមន្ត្រីបង្កើន ការយកចិត្តទុកដាក់ខ្ពស់ ដើម្បីដោះស្រាយការវិវត្តថ្មីៗនេះ សម្រាប់ជាប្រធានបទដល់អង្គសន្និបាតរបស់យើងផងដែរ ដើម្បីធ្វើការពិភាក្សាលើបញ្ហាប្រឈម និងដាក់ចេញនូវដំណោះស្រាយ ក្នុងបរិបទដែលវិស័យឯកជន កាន់តែប្រឈមកាន់តែខ្លាំងទៅនឹង លទ្ធភាពប្រកួតប្រជែងជាមួយប្រទេសនាំចេញនានា យើងបានធ្វើការយ៉ាង ជិតស្និតជាមួយគ្នាស្វែងរកដំណោះស្រាយរួមគ្នា ដើម្បីធានាថា វិស័យឯកជន នៅតែអាចបន្តធានាបាននូវឧត្តមភាពប្រកួតប្រជែង អាចរក្សាបានដំណើរផលិតកម្ម អាជីវកម្មរបស់ខ្លួនប្រកបដោយចីរភាព។ ដូចដែលឯកឧត្តមរដ្ឋមន្រ្តីបានណែនាំរួចហើយដល់អគ្គនាយកដ្ឋានការងារថា អាទិភាពទី១ គឺត្រូវពិនិត្យមើលនីតិវិធីព្យួរកិច្ចសន្យាការងារ ការទូទាត់ប្រាក់បំណាច់អតីតភាពការងារ និងការទូទាត់អត្ថប្រយោជន៍សម្រាប់កម្មករនិយោជិត ការសម្រួលបែបបទនីតិវិធី ក្នុងការបញ្ជូលពលករទៅធ្វើការនៅក្រៅប្រទេស។ គណៈកម្មការសម្រាប់ដោះស្រាយបញ្ហាកូដកម្ម-បាតុកម្មនៅតាមគ្រប់មុខសញ្ញា (គ.ក.ប) ត្រូវបន្តពង្រឹងការគ្រប់គ្រង តាមដានករណីថៅកែរត់ចោលរោងចក្រមិនបើកប្រាក់ខែជូនកម្មករ ឬករណីកូដកម្ម បាតុកម្ម ជាយថាហេតុណាមួយត្រូវតែគ្រប់គ្រងឱ្យបាន។ចំណែកខាងវិទ្យាស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ត្រូវពិនិត្យលទ្ធភាពនៃការបណ្ដុះបណ្ដាលធនធាន ជំនាញវិជ្ជាជីវៈថ្មី ត្រូវពិនិត្យលើលទ្ធភាពនៃការទទួលសិស្សបណ្ដុះបណ្ដាល ពិនិត្យលើជំនាញណាខ្លះដែលអាចបង្កើនផលិតភាពខ្ពស់ ម្យ៉ាងទៀតក៏ត្រូវពិនិត្យថាតើត្រូវការគ្រូបណ្ដុះបណ្ដាលប៉ុន្មាននាក់បន្តបន្ទាប់ទៀត។ចំពោះទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) ត្រូវចុះសិក្សាលើចរន្តទីផ្សារការងាររក្នុងប្រទេស ដើម្បីរកឱ្យឃើញថាកន្លែងណាខ្លះត្រូវការកម្លាំងពលកម្ម កន្លែងណាខ្លះសម្បូរកម្លាំងពលកម្ម ហើយត្រូវបំពេញកម្លាំងពលកម្មឱ្យឆ្លើយតបនឹងតម្រូវការងារទីផ្សារការងារ។ ចំពោះបេឡាជាតិសន្តិសុខសង្គម (បសស) ត្រូវពិនិត្យពិភាក្សាជាមួយវិស័យឯកជនក្នុងការសម្រួលនីតិវិធី ឬកាតព្វកិច្ចដែលអាចធ្វើវិស័យឯកជននៅតែអាចបន្តនីរន្តរភាពបាន ហើយបងប្អូនកម្មករនិយោជិតយើងនៅតែអាចទទួលបាននូវអត្ថប្រយោជន៍។ ដើម្បីសម្រេចបាននូវសមិទ្ធផលថ្មីៗថែមទៀតក្នុងឆ្នាំ២០២០នេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងបន្តកិច្ចសហប្រតិបត្តិការល្អជាមួយក្រសួង ស្ថាប័ន ពាក់ព័ន្ធ និយោជក សហជីព ដៃគូរសង្គម ដៃគូរអភិវឌ្ឍន៏ អង្គការជាតិ និងអន្តរជាតិ សង្គមស៊ីវិល ក្នុងការអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវ អភិក្រមទាំង៥ គឺ ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់ និងបាវចនា២ គឺ “កែទម្រង់ខាងក្នុង បង្កើនមិត្តខាងក្រៅក្នុងស្មារតីឯករាជ្យ” ដើម្បីបង្កើនប្រសិទ្ធភាពនៃអាទិភាពទាំង៥ នៃវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។