មន្ត្រីជាន់ខ្ពស់ក្រសួងអភិវឌ្ឍជនបទ អំពាវនាវដៃគូអភិវឌ្ឍន៍នៅខេត្តត្បូងឃ្មុំ ឱ្យខិតខំបំពេញការងារឱ្យសម្រេច និងទទួលបានប្រសិទ្ធិភាពខ្ពស់


(ត្បូងឃ្មុំ)៖ លោកជំទាវ ម៉ាត់ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ អំពាវនាវដល់មេឃុំ ចៅសង្កាត់ និងតំណាងអង្គការដៃគូអភិវឌ្ឍន៍នានា នៅក្នុងខេត្តត្បូងឃ្មុំ ត្រូវខិតខំបំពេញការងារដោយអនុវត្តគម្រោងនានា របស់មន្ទីរអភិវឌ្ឍន៍ឱ្យសម្រេចបានល្អ និងទទួលបានប្រសិទ្ធិភាពខ្ពស់។

ការអំពាវនាវបែបនេះរបស់លោកជំទាវ ម៉ាត់ ម៉ារ៉ា បានធ្វើឡើងនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០នេះ នៅក្នុងឱកាសដែលលោកជំទាវ បានអញ្ជើញជាតំណាង ឯកឧត្តម អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ, ដោយការចូលរួមពីសំណាក់ឯកឧត្តម ឡុង ធាម សមាជិកក្រុមប្រឹក្សាខេត្ត និងឯកឧត្តម កេង ប៊ុនណា អភិបាលរងខេត្តត្បូងឃ្មុំ ក្នុងពិធីបើកកិច្ចប្រជុំផ្សព្វផ្សាយខ្លឹមសារ សន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០១៩ និងលើកទិសដៅបន្តឆ្នាំ២០២០ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ដល់មន្ទីរអង្គភាព អាជ្ញាធរ និងអង្គការដៃគូក្នុងខេត្តត្បូងឃ្មុំ។

ថ្លែងនាឱកាសនោះ លោកជំទាវ ម៉ាត់ ម៉ារ៉ា បានលើកឡើងថា ក្រសួងអភិវឌ្ឍន៍ជនបទ ជាពិសេសមន្ទីរអភិវឌ្ឍន៍ជនបទខេត្តត្បូងឃ្មុំផ្ទាល់ បានចូលរួមចំណែកយ៉ាងសកម្ម ក្នុងសមត្ថកិច្ចរបស់ខ្លួន ស្របតាមគោលដៅនៃចក្ខុវិស័យតាមកម្មវិធីអភិវឌ្ឍន៍ជនបទចម្រុះធ្វើឱ្យសម្រេចបាន នូវសមិទ្ធផលសំខាន់ៗជាច្រើន ជំរុញឱ្យមានការផ្លាស់ប្ដូរជីវភាពរស់នៅ ដោយផ្ទាល់របស់ប្រជាជននៅតាមទីជនបទ។

លោកជំទាវ ម៉ាត់ ម៉ារ៉ា បានបន្តថា លទ្ធផលដែលសម្រេចបានក្នុងរយៈពេល ១ឆ្នាំកន្លងមកនេះ គឺពិតជាបានមកពីការខិតខំយកចិត្តទុកដាក់ ក្នុងការបំពេញភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ របស់មន្ត្រីរាជការ បុគ្គលិក មន្ទីរអភិវឌ្ឍន៍ជនបទខេត្តត្បូងឃ្មុំ ពិសេសការដឹកនាំ បញ្ជាដោយផ្ទាល់ប្រកបដោយភាពឆ្លាតវាងវៃ ទន់ភ្លន់ រហ័សរហួន តម្លាភាពនិង មានប្រសិទ្ធភាព ដែលបានជួយបង្កគ្រប់ លក្ខណៈសម្បត្តិងាយស្រួល ទាំងស្មារតី សម្ភារៈ និងថវិកា ដែលជាប្រភពទុនដ៏សំខាន់អាចឱ្យមន្ទីរអភិវឌ្ឍន៍ជនបទខេត្តត្បូងឃ្មុំ ធ្វើការអភិវឌ្ឍនៅមូលដ្ឋានទទួលបានលទ្ធផលល្អ និងមានកំណើនជារៀងរាល់ឆ្នាំ។

បើតាមឯកឧត្តម កេង ប៊ុនណា បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងយកចិត្តទុកដាក់ ពីសំណាក់ថ្នាក់ដឹកនាំ ក្រសួងអភិវឌ្ឍន៍ជនបទ និងដៃគូអភិវឌ្ឍន៍ ព្រមទាំងការខិតខំអនុវត្តការងារ នៅតាមមូលដ្ឋានផ្ទាល់ របស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់ ក្នុងការរួមចំណែកអភិវឌ្ឍខេត្ត ដែលធ្វើឱ្យខេត្ត អាចសម្រេចបានជោគជ័យ ល្អប្រសើរ សម្រាប់ឆ្នាំកន្លងទៅនេះ ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាប្រមុខដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសព្វ។

លោក អាន ស៊ីណា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តត្បូងឃ្មុំ ក៏បានជម្រាបជូនផងដែរ ពីវឌ្ឍនភាពលទ្ធផលការងារ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត នូវសកម្មភាពនៅតាមមូលដ្ឋាន ខិតខំសម្រេចបានកន្លងមក ពិសេសការស្ថាបនាផ្លូវលំតាមជនបទ ដែលជាចរន្តដ៍សំខាន់ក្នុងការធ្វើដំណើរ និងដឹកជញ្ជូនដំណាកសិផលំរបស់ពលរដ្ឋ៕