រាជរដ្ឋាភិបាល ផ្តល់ថវិកាជួយស្តារប្រឡាយនាំទឹកនៅឃុំស្វាយរំពារ ស្រុកកំពង់លែង ដើម្បីសោចស្រពដីស្រែជាង ២០០០ហិកតា, ពលរដ្ឋថ្លែងអំណរគុណដល់សម្តេចតេជោ និងក្រសួងធនធានទឹក


(កំពង់ឆ្នាំង)៖ ប្រឡាយទឹកប្រវែង ២៧០០ម៉ែត្រ ចេញពីស្ទឹងតាកួន មកបឹងកំភ្លាញ ស្ថិតនៅក្នុងភូមិល្វា និងភូមិតាឡាត់ ឃុំស្វាយរំពារ ស្រុកកំពង់លែង ពេលនេះក្រុមហ៊ុនដែលទទួលម៉ៅការ កំពុងប្រើប្រាស់គ្រឿងចក្រកកាយប្រឡាយឲ្យជ្រៅ និងពង្រីកឲ្យធំជាងមុន ទៅតាមផែនការរបស់ស្រុក ដើម្បីនាំទឹកស្រោចស្រពដីស្រែជាង ២០០០ហិកតា ចំណែកខ្នងប្រឡាយនេះ ក៏ត្រូវបានឈូសឆាយ និងកិនបង្ហាប់ ធ្វើជាផ្លូវលំ សំរាប់ដឹកស្រូវពីស្រែមកកាន់មូលដ្ឋានផងដែរ។ ចំណាត់ការនេះធ្វើឲ្យពលរដ្ឋជាម្ចាស់ស្រែប្រាំង រីករាយសប្បាយចិត្តគ្រប់ៗគ្នា នឹងសង្ឃឹមថា ឆ្នាំក្រោយៗ ស្រូវក្នុងសែ្ររបស់ពួកគាត់នឹងលែងខ្វះទឹកដូចឆ្នាំមុនៗទៀតហើយ។

លោក សឹង សុន ប្រធានគណៈកម្មការគ្រប់គ្រងទឹកក្នុងភូមិតាឡាត់ បាននិយាយឲ្យដឹងថា នៅក្នុងតំបន់នេះជារៀងរាល់ឆ្នាំការធ្វើស្រែប្រាំង តែងតែខ្វះខាតទឹកដោយសារប្រឡាយចាស់ បានគោកហើយរាក់ ដែលប្រជាពលរដ្ឋពុំមានលទ្ធភាពស្តារបានឡើយ ហើយរាល់ឆ្នាំក៏បានធ្វើឲ្យស្រូវក្នុងស្រែមួយចំនួនខូចខាតស្វិត និងស្កកអស់ជាច្រើនហិកតាផងដែរ។

ប៉ុន្តែនៅក្នុងឆ្នាំ២០២០នេះ តាមសំណូមពរប្រជាពលរដ្ឋ ប្រមុខរាជរដ្ឋាភិបាល ក៏បានទម្លាក់ថវិកាជួយស្តារប្រឡាយនេះ ដែលមានប្រវែង ២៧០០ម៉ែត្រ ឲ្យជ្រៅ និងឲ្យធំជាងមុន ដើម្បីនាំទឹកពីស្ទឹងតាកួន មកស្រោចស្រពដី ស្រែប្រជាពលរដ្ឋជាង ២០០០ហិកតា ហើយខ្នងប្រឡាយនេះ ក៏បានក្លាយជាផ្លូវលំងាយស្រួលក្នុងការដឹកជញ្ជូនផលស្រូវ ទៅកាន់មូលដ្ឋានរបស់ពួកគាត់ផងដែរ។

ក្នុងនាមតំណាងឲ្យប្រជាពលរដ្ឋ លោកក៏សូមថ្លែងអំណរអរគុណ ដល់ប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងក្រសួងធនធានទឹក និងឧតុនិយម ដឹកនាំដោយ ឯកឧត្តមរដ្ឋមន្រ្តី លឹម គានហោ ដែលជានិច្ចជាកាលតែងតែគិតគូរ និងយកចិត្តទុកដាក់ដោះស្រាយរាល់ការលំបាករបស់ប្រជាកសិករនៅគ្រប់កន្លែង ជាពិសេសការខ្វះខាតទឹកតែម្តង។

ដោយឡែក មេការក្រុមហ៊ុន យូសារិទ្ធ ដែលទទួលម៉ៅការស្តារប្រឡាយនេះ បានឲ្យដឹងថា គម្រោងស្តារប្រឡាយនេះគឺ បាតក្រោមមានទទឹង ២ម៉ែត្រ មាត់លើទទឹង ៨ម៉ែត្រ និងបណ្តោយសរុប មានប្រវែង ២៧០០ម៉ែត្រហើយមក ដល់ថ្ងៃនេះ ក្រុមហ៊ុនលោកស្តារប្រឡាយនេះបានជាង ៤០%ហើយ និងប្រហែលជាបញ្ចប់គម្រោងនេះ នៅពាក់កណ្តាលខែមិនាខាងមុខនេះ។

ចំណែក លោក សុខ រិន ប្រធានការិយាល័យកសិកម្ម ស្រុកកំពង់លែង នៅល្ងាចថ្ងៃទី១៨ នេះក៏បានឲ្យដឹងផងដែរថា គម្រោងផែនការស្តារប្រឡាយនេះ គឺចំណាយថវិកាមូលនិធិឃុំ បូក និងថវិការរបស់ប្រមុខរាជរដ្ឋាភិបាល តាមកម្មវិធី អាសប៉ាយ (កម្មវិធីផ្សព្វផ្សាយបច្ចេសកទេសកសិកម្មថ្មី ដែលធុនទ្រាំ និងការប្រែប្រួលអាកាសធាតុ)។

លោក សុខ រិន បានបញ្ជាក់ឲ្យដឹងទៀតថា គម្រោងការស្តារប្រឡាយខាងលើនេះ ពិតជាមានសារប្រយោជន៍សំខាន់ណាស់ ដល់ប្រជាកសិករ ក្នងឃុំស្វាយរំពារ ដែលកន្លងមកស្រែពួកគាត់ តែងខ្វះខាតទឹករៀងរាល់ឆ្នាំ ប៉ុន្តែឥឡូវនេះ ពួកគាត់លែងព្រួយបារម្មណ៍ទៀតហើយ ព្រោះសង្ឃឹមថា ពេលស្តារប្រឡាយនេះរួច ស្រូវស្រែរបស់ពួកគាត់ ពិតជាមានទិន្នផលខ្អស់ ដែលអាចប្រមូលផលផ្គត់ផ្គង់ក្នុងក្រុមគ្រួសារបានធូរធាមិនខានឡើយ៕