ឯកឧត្តម ចាន់ សុីណាត អញ្ជើញដឹកនាំក្រុមការងារក្រសួងធនធានទឹក និងឧតុនិយម ធ្វើសកម្មភាព ជួបប្រជុំនឹងគណៈប្រតិភូអង្គការ UN-FAO


នៅថ្ងៃព្រហស្បតិ៍ ១២រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ ឯកឧត្តម ចាន់ សុីណាត អនុរដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំក្រុមការងារក្រសួងធនធានទឹក និងឧតុនិយម ធ្វើសកម្មភាព ជួបប្រជុំនឹងគណៈប្រតិភូអង្គការ UN-FAO ។

ការប្រជុំនេះ បានប្រព្រឹត្តទៅនៅក្នុង ស្ថានតំណាងអង្គការ UN-FAO ប្រចាំប្រទេសកម្ពុជា ទីក្រុងភ្នំពេញ ។

ខាងអង្គការ UN-FAO បានដឹកនាំដោយ អ្នកស្រីបណ្ឌិត Louise Whiting តំណាងស្ថានតំបន់អង្គការ UN-FAO ប្រចាំទីក្រុង Bangkok និងឯកឧត្តម Alexandre HUYNH តំណាងស្ថានអង្គការ UN-FAO ប្រចាំប្រទេសកម្ពុជា ទីក្រុងភ្នំពេញ ។

ការប្រជុំនេះស្តីពី គម្រោងគ្រប់គ្រងវិស័យធនធានទឹកអន្តរជាតិរវាងប្រទេសកម្ពុជា និងប្រទេសវៀតណាម ។

របៀបវីរៈនៃអង្គប្រជុំមានដូចតទៅ ៖

១- ធ្វើការកែលម្អឲ្យកាន់តែប្រសើរឡើងលើការធានាសុវត្ថិភាពទឹកក្នុងតំបន់ព្រំដែននៃប្រទេសទាំងពីរ
២- ធ្វើការផ្លាស់ប្តូរទិន្នន័យ និងបច្ចេកវិទ្យាថ្មីៗលើការគ្រប់គ្រងវិស័យធនធានទឹកតាមព្រំដែននៃប្រទេសទាំងពីរ
៣-ធ្វើការគ្រប់គ្រងឲ្យខានតែបានលើហានិភ័យដែលកើតឡើងពីរាល់ទង្វើឲ្យពុលដល់ទឹកតាមតំបន់ព្រំដែននៃប្រទេសទាំងពីរ
៤-ធ្វើការវិភាគនិងស្រាវជ្រាវបន្ថែមលើវិស័យច្បាប់ទម្លាប់ស្តីពីធនធានទឹកតាមព្រំដែននៃប្រទេសទាំងពីរ
៥-ធ្វើការរៀបចំនូវផែនការយុទ្ធសាស្រ្តសម្រាប់ធ្វើការអនុវត្តប្រកបដោយផលប្រយោជន៍រួមសម្រាប់ប្រទេសទាំងពីរ ។ ដើម្បីអនុវត្តការងារនេះឲ្យប្រព្រឹត្តទៅដោយរលូននោះចាំបាច់ត្រូវធ្វើសកម្មភាពបំពេញបេសកកម្មដូចខាងក្រោម ៖

-បង្កើតយន្តការគ្រប់គ្រងសមស្របក្នុងក្របខណ្ឌបច្ចេកទេសដែលអាចទទួលយកបានដោយប្រទេសទាំងពីរ

– គ្រប់ការអភិវឌ្ឍន៍ត្រូវតែគិតដល់និរន្តរភាពសម្រាប់ប្រទេសទាំងពីរ

-ត្រូវតែអនុវត្តនូវនិតិវិធីប្រព័ន្ធអេកូជាកញ្ចប់ក្នុងការរៀបចំផែនការអភិវឌ្ឍន៍លើវិស័យធនធានទឹកតាមតំបន់ព្រំដែននៃប្រទេសទាំងពីរ

– ត្រូវតែចាត់វិធានការក្នុងការទប់ទល់នឹងបម្រែបម្រួលអាកាសធាតុប្រកបដោយស្មារតីតម្លាភាព និងគណនេយ្យភាពសម្រាប់ប្រទេសទាំងពីរការប្រជុំនេះបានប្រព្រឹត្តទៅដោយបានទទួលជោគជ័យជាផ្លែផ្កាល្អបំផុតប្រកបដោយស្មារតីសាមគី្គភាព និងឯកភាព និងមិត្តភាពខ្ពស់បំផុត ៕