នៅកំពង់ផែខេត្តព្រះសីហនុ បានក្លាយទៅជាទីចាប់អារម្មណ៍បំផុត សម្រាប់មនុស្សជាតិទូទាំងពិភពលោក។ សារព័ត៌មានធំៗបានចុះផ្សាយនៅលើទំព័រមុខរបស់ខ្លួន និងបានសម្តែងការកោតសរសើរយ៉ាងខ្លាំង ចំពោះសណ្តានចិត្តមនុស្សធម៌របស់ប្រជាជនកម្ពុជា។ ជាមួយគ្នានេះ លោកប្រធានាធិបតី ដូណាល់ ត្រាំ លោកប្រធានអង្គការសុខភាពពិភពលោក លោកអគ្គលេខាធិការនៃអង្គការទេសចរណ៍ពិភពលោក ក៏បានផ្ញើសារលិខិតកោតសរសើរសម្តេចតេជោ ហ៊ុន សែន ចំពោះកាយវិការមនុស្សធម៌នេះ។
លោក ត្រាំ បានសរសេរថា៖ «សូមអរគុណកម្ពុជាដ៏ស្រស់ស្អាត ដែលទទួលយកការសំចតនាវា Westerdam របស់ក្រុមហ៊ុន Carnival ចូលចតក្នុងផែរបស់អ្នក ។ សហរដ្ឋអាម៉េរិកនឹងចងចាំនូវអំពើល្អរបស់អ្នក»។ ព្រឹត្តិការណ៍មួយនេះ ក៏បានឆ្លុះបញ្ចាំងឲ្យឃើញអំពីតួនាទី និងការសម្រេចចិត្ត ដោយភាពក្លាហាន ឆន្ទៈមោះមុតរបស់ប្រជាជនកម្ពុជា ដែលបានប្រកាន់យកជំហរទទួលខុសត្រូវខ្ពស់ក្នុងឋានៈជាសមាជិករបស់សហគមន៍អន្តរជាតិ និងជាអ្នកដែលបានចូលរួមចំណែកលើកស្ទួយដល់សិទ្ធិរស់រានមានជីវិត សិទ្ធិដើរហើរដោយសេរី និងសិទ្ធិមិនត្រូវបានគេរើសអើង។
គួររំឭកថា កាលពីថ្ងៃទី១២ ខែកុម្ភៈ រាជរដ្ឋាភិបាលកម្ពុជាបានអនុញ្ញាតិឲ្យនាវាទេសចរណ៍ Westerdam ដែលផ្ទុកអ្នកដំណើរ៤១សញ្ជាតិ មានចំនួនមនុស្ស ២២៥៧នាក់ ចូលចតនៅកំពង់ផែព្រះសីហនុ ក្រោយពីប្រទេសជប៉ុន អាម៉េរិក (កោះហ្គាំ) ហ្វីលីពីន ថៃ និងកោះតៃវ៉ាន់ បានបដិសេធមិនឲ្យនាវាចូលចតកំពង់ផែរបស់ពួកគេ។ នៅថ្ងៃទី១៣ ខែកុម្ភៈ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញទៅស្វាគមន៍ដោយផ្ទាល់ជាមួយអ្នកដំណើរទាំងអស់នោះ ដោយសម្តេចបានចាត់ទុកថា ការសម្រេចចិត្តនេះ គឺជាសកម្មភាពមនុស្សធម៌ និងចង់បង្ហាញទៅពិភពលោកថា កម្ពុជាមិនរើសអើងជាតិសាសន៍ និងជួយសង្គ្រោះអ្នកដែលកំពុងត្រូវការជំនួយ ហើយនេះជាបញ្ហាជាសកល ដែលយើងទាំងអស់គ្នាត្រូវរួមគ្នាសហការដោះស្រាយ។ ការរាតត្បាតនៃវីរុស COVID-19 បានធ្វើឲ្យប៉ះពាល់ដល់ប្រទេសទាំងអស់នៅលើពិភពលោក ជាកង្វល់រួមគ្នា និងជាបញ្ហាដែលត្រូវរួមគ្នាដោះស្រាយ ពីព្រោះវាបាន និងកំពុងយាយី មិនមែនគ្រាន់តែប្រទេសណាមួយនោះទេ ប៉ុន្តែប្រទេសជាច្រើនបានជួបប្រទះរឿងនេះ ដែលបញ្ហានេះគឺជាការទទួលខុសត្រូវ របស់ពិភពលោកទាំងមូលតែម្តង។
កម្ពុជាក្នុងឋានៈជារដ្ឋមួយនៃសហគមន៍អន្តរជាតិបានប្រកាន់យកជំហរត្រឹមត្រូវ ក្នុងការស្វាគមន៍នាវា Westerdam ដែលនៅអណ្តែតតែលតោលកណ្តាលមហាសាគរ និងមិនត្រូវបានគេស្វាគមន៍ ដើម្បីឲ្យចូលចតនៅកំពង់ផែព្រះសីហនុ។ កម្ពុជាចង់បង្ហាញថា អ្នកណាក៏ដោយ ទោះបីជាកំពុងកើតមានជំងឺភ័យខ្លាចជ្រុលក្នុងអារម្មណ៍ដោយមិនសមហេតុផល ក៏មិនត្រូវប្រកាន់យកដាច់ខាតនូវភាពរើសអើង ហើយបដិសេធចោលតួនាទីនៃការជួយសង្គ្រោះអាយុជីវិតនោះទេ។ ការស្វាគមន៍នាវា Westerdam ក៏បង្ហាញឲ្យឃើញថា កម្ពុជាប្រកាន់យកការទទួលខុសត្រូវក្នុងការគោរពសិទ្ធិមនុស្សជាចម្បង ក្នុងនោះគឺគោរពដល់ការរស់រានមានជីវិតរបស់មនុស្ស ដែលមានជាង២ពាន់នាក់ នៅលើនាវានេះ រួមទាំងសិទ្ធិមិនត្រូវបានគេរើសអើង និងសិទ្ធិវិលត្រឡប់ទៅកាន់ប្រទេសខ្លួនវិញ ដោយសុវត្ថិភាព។ ជាមួយគ្នានេះ ក៏បង្ហាញឲ្យឃើញពីសណ្តានចិត្តប្រកបដោយមនុស្សធម៌ មេត្តាធម៌ និងក្តីស្រឡាញ់ ដោយគ្មានព្រំដែនរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងប្រជាជនកម្ពុជាទូទាំងប្រទេស ដែលជាប្រជាជាតិមានបេះដូងទូលាយ ស្មោះត្រង់ និងមានប្រពៃណីជួយយកអាសារគ្នាគ្រប់កាលៈទេសៈ ដែលមានទុក្ខលំបាកបំផុត។
សម្រាប់ប្រជាជនកម្ពុជា ការងារមនុស្សធម៌ គឺគ្មានព្រំដែនទេ។ កម្ពុជាក៏មិនត្រូវការកម្មភាពមនុស្សធម៌ណាមួយ ដើម្បីកេងយកចំណេញខាងនយោបាយនោះដែរ។ ប៉ុន្តែពេលនោះ ប្រសិនបើកម្ពុជាបដិសេធការចូលចតរបស់នាវា Westerdam នៅកំពង់ផែខេត្តព្រះសីហនុ ក្នុងពេលដែលប្រទេសខ្លះ បដិសេធន៍ហើយនោះ តើពាក្យថាមនុស្សធម៌នៅលើពិភពលោកនេះនៅមានន័យស្អីទៀត? ពេលនោះ តើវិបត្តិមនុស្សធម៌នឹងកើតឡើងឬទេ? មកដល់ពេលនេះ អ្នកទេសចរណ៍ចម្រុះជាតិសាសន៍ដែលបានស្នាក់នៅមួយរយៈលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជាបានចាកចេញទៅប្រទេសខ្លួនវិញហើយ ដោយបាននាំយកទៅជាមួយនូវក្តីស្រឡាញ់ និងទឹកចិត្តប្រកបដោយមនុស្សធម៌របស់ប្រជាជនកម្ពុជា អនុស្សាវរីយ៍ល្អៗ ព្រមទាំងសម្រស់ដ៏ស្រស់ត្រកាលនៃមាតុភូមិកម្ពុជា ដែលបានដក់ដិតជាប់ក្នុងអារម្មណ៍របស់ពួកគេទាំងអស់គ្នាទៅជាមួយផង។ គេបានទៅជួបក្រុមគ្រួសាររបស់គេវិញហើយ។ គេបានទៅដល់ទឹកដីនៃមាតុភូមិជាទីស្រឡាញ់របស់គេវិញហើយ។ ឯនាវា Westerdam ក៏នឹងត្រៀមចេញដំណើរពីកំពង់ផែខេត្តព្រះសីហនុ នាពេលដ៏ខ្លីខាងមុខនេះដែរ។ ប៉ុន្តែយើងសាកល្បងសួរឡើងវិញថា មកដល់ពេនេះ បើគ្មានការអនុញ្ញាតិពីរាជរដ្ឋាភិបាលកម្ពុជាទេ តើនាវានេះនឹងអណ្តែតទៅដល់ទីណា? ជោគវាសនាមនុស្សទាំងអស់នៅលើនាវានេះ នឹងទៅជាយ៉ាងណា? ហើយអ្នកណាខ្លះត្រូវរួមចំណែកទទួលខុសត្រូវ?
សណ្តានចិត្តមនុស្សធម៌គ្មានព្រំដែន និងប្រកបដោយវិសាលភាពធំល្វឹងល្វើយរបស់ប្រជាជនកម្ពុជា ត្រូវបានពិភពលោកកោតសរសើរ និងចងចាំ ហើយក៏ជាគំរូសម្រាប់ករណីដទៃទៀត។ សណ្តានចិត្តមនុស្សធម៌នេះ គឺជានិម្មិតរូបនៃការរួបរួមគ្នា ដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ សម្រាប់មនុស្សជាតិទាំងអស់ដែលរស់នៅលើភពផែនដី និងត្រូវបានរួមជោគវាសនាជាមួយគ្នាយូរអង្វែងតទៅ៕