ក្រសួងកសិកម្ម និងរដ្ឋបាលខេត្តស្វាយរៀង ពង្រឹងការទប់ស្កាត់ ក្រោយមានការផ្ទុះជំងឺផ្តាសាយបក្សីនៅវៀតណាម


(ស្វាយរៀង)៖ ក្រោយផ្ទុះឡើងជាថ្មី នៃជំងឺផ្ដាសាយបក្សីនៅប្រទេសវៀតណាម ក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ និងរដ្ឋបាលខេត្តស្វាយរៀង បានរៀបចំផែនការដល់មន្ត្រីកសិកម្មពាក់ព័ន្ធ ដើម្បីពង្រឹងការទប់ស្កាត់ និងពិនិត្យការនាំចូលសាច់សត្វពីប្រទេសជិតខាងឲ្យបានហ្មត់ចត់បំផុត។

នៅក្នុងពិធីផ្សព្វផ្សាយទប់ស្កាត់ការផ្ទុះឡើង និងឆ្លងរាលដាល នៃជំងឺផ្តាសាយបក្សីក្នុងខេត្តស្វាយរៀង នៅថ្ងៃទី២១ ខែកុម្ភៈ ឯកឧត្តម គឹម សុន រដ្ឋលេខាធិការក្រសួងកសិកម្ម បានលើកឡើងថា ការផ្ទុះរាលដាលជំងឺឆ្លងសាយបក្សី ឯកឧត្តមបានជំរុញឲ្យមន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ ត្រូវពង្រឹងការទប់ស្កាត់ឲ្យខានតែបាន ជាពិសេសការនាំចូលសាច់សត្វ និងសត្វបក្សីរស់មកពីប្រទេសជិតខាង តាមច្រកព្រំដែននានាមានច្រកអន្តរជាតិ និងច្រករបៀងជាដើម ដើម្បីទប់ស្កាត់ជំងឺនេះឲ្យមានប្រសិទ្ធភាពខ្ពស់។

ឯកឧត្តមបានបន្តថា មន្ត្រីជំនាញខាងផ្នែកបសុពេទ្យ ត្រូវធ្វើការផ្សព្វផ្សាយជូនម្ចាស់អាជីវកម្មឡរសត្តឃាត អាជីវករលក់សាច់សត្វ និងប្រជាពលរដ្ឋ ជាពិសេសប្រជាពលរដ្ឋ និងអ្នកចិញ្ចឹមសត្វទាំងអស់ឲ្យមានការយល់ដឹងការថែរក្សាអនាម័យឲ្យបានទៀងទាត់ ការអនុវត្តថ្នាំសម្លាប់មេរោគ។

ជាមួយគ្នានេះ ឯកឧត្តមបានជំរុញឲ្យមន្ត្រីពាក់ព័ន្ធទាំងអស់ សហការជាមួយអាជ្ញាធរព្រំដែនប្រទេសជិតខាង ចំពោះការនាំចូលសាច់សត្វចិញ្ចឹមគ្រប់ប្រភេទ មានការត្រួតពិនិត្យឲ្យបានត្រឹមត្រូវ មុននឹងនាំចូលមកក្នុងស្រុក បើមានកិច្ចការចាំបាច់ត្រូវមានការរាយការណ៍ជាបន្ទាន់ មកដល់មន្ត្រីជំនាញថ្នាក់ជាតិឲ្យបានទាន់ពេលវេលា។

ឯកឧត្តម សេង សិលា អភិបាលរងខេត្តស្វាយរៀង ក៏បានជំរុញបន្ថែមដល់មន្ត្រីជំនាញទាំងអស់ ត្រូវធ្វើយ៉ាងណាទប់ស្កាត់ឲ្យខានតែបាន និងពិនិត្យឲ្យបានត្រឹមត្រូវចំពោះការនាំចូល សាច់សត្វនិងសត្វរស់ ដើម្បីបង្ការកុំឱ្យមានជំងឺផ្តាសាយបក្សីកើតមាននៅក្នុងខេត្តស្វាយរៀង ក៏ដូចប្រទេសកម្ពុជាផងដែរ។

ឯកឧត្តមបានបញ្ជាក់ថា «នៅកិច្ចប្រជុំនេះដែរ ក៏មានការចូលរួមពីលោក ថាច់ រតនា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្ត និងប្រធានមន្ទីរ អភិបាល ស្រុក ក្រុង និងសមត្ថកិច្ចនៅតាមព្រំដែន មន្ត្រីពេទ្យសត្វជាច្រើនរូបផងដែរ»

ក្រសួងកសិកម្មបានឲ្យដឹងថា ផ្អែកតាមសារព័ត៌មានរបស់ប្រទេសវៀតណាម នៅពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ នៅខេត្តត្រាវិញភាគខាងត្បូង មានការផ្ទុះជំងឺផ្តាសាយបក្សីបង្កឡើងដោយវីរុសប្រភេទ A/H5N1 ហើយត្រូវបានកម្ទេចសត្វមាន់ប្រមាណជាង ៥៥ ០០០ក្បាល៕