ឯកឧត្តម យូ ស៊ុនឡុង និងអភិបាលខេត្តពោធិ៍សាត់ ចុះពិនិត្យទីតាំង និងប្រជុំពិភាក្សាផែនការបែងចែកភារកិច្ច រៀបចំពិធីសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវជាតិលេខ៥៥ និងលេខ១០ ក្រោមអធិបតីសម្តេចតេជោ


(ពោធិ៍សាត់)៖ ឯកឧត្តម យូ ស៊ុនឡុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អមដំណើរដោយ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ និង ឯកឧត្តម ហ៊ុន ស៉ីថា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជានាយករងខុទ្ធកាល័យសម្តេចតេជោ នាថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០ បានចុះពិនិត្យទីតាំង និងប្រជុំពិភាក្សា ផែនការបែងចែកភារកិច្ច រៀបចំពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវជាតិលេខ៥៥ ប្រវែង ១៨២,១៦គីឡូម៉ែត្រ និងបើកការដ្ឋានសាងសង់ ផ្លូវជាតិលេខ១០ ប្រវែង១៩៨,១៧៦គីឡូម៉ែត្រ ក្រោមហិរញ្ញប្បទាន ពីរដ្ឋាភិបាលនៃសាធារណៈរដ្ឋប្រជាមានិតចិន។

ឯកឧត្តម យូ ស៊ុនឡុង រដ្ឋមន្ត្រី បានឲ្យដឹងថា ពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវជាតិលេខ៥៥ «ពីខេត្តពោធិ៍សាត់, វាលវែង, ថ្មដា ព្រំដែនកម្ពុជា-ថៃ» និងពិធីបើកការដ្ឋានសាងសង់ផ្លូវ ជាតិលេខ១០ «ពីសំឡូត, វាលវែង, អូរសោម, កោះកុង» នឹងប្រព្រឹត្តទៅក្រោមអធិបតីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នាថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០ខាងមុខ នៅបរិវេណសាលាបឋមសិក្សាប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។

ឯកឧត្តមបានបន្ថែមថា ពាក់ព័ន្ធនឹងការងាររៀបចំពិធីការ និងសន្តិសុខសុវត្ថិភាព សណ្ដាប់ធ្នាប់ ក្នុងអង្គពិធីទាំងមូលត្រូវត្រៀមលក្ខណៈឲ្យបានម៉ត់ចត់ ដើម្បីទទួលភ្ញៀវកិត្តិយសជាតិ អន្តរជាតិ និងប្រជាពលរដ្ឋ ចូលរួមប្រមាណ ៨ពាន់នាក់ឯណោះ។

ក្នុងដំណើរចុះត្រួតពិនិត្យទីតាំងនោះដែរឯកឧត្តម យូ ស៊ុនឡុង ក៏បានបើកកិច្ចប្រជុំពិភាក្សា ពីផែនការបែងចែកភារកិច្ចលម្អិត នៃការទទួលខុសត្រូវ ក្នុងដំណើរការពិធីសម្ពោធ ពីសំណាក់គណៈកម្មការ រៀបចំបុណ្យជាតិ អាជ្ញាធរខេត្ត ស្រុក ព្រមទាំងផ្នែកពាក់ព័ន្ធ ដើម្បីធ្វើយ៉ាងណាឲ្យការប្រព្រឹត្តទៅ ធានាបានសន្តិសុខ សណ្ដាប់ធ្នាប់ ជូនថ្នាក់ដឹកនាំ ក៏ដូចជាអង្គពិធីទាំងមូលប្រកបដោយភាពរលូន និងជោគជ័យ។

គួរបញ្ជាក់ថា គម្រោងសាងសង់ថ្មី នូវផ្លូវជាតិលេខ១០ «ពីអក្សរT ស្រុកសំឡូត ខេត្តបាត់ដំបង ឆ្ពោះទៅកាន់ស្រុកថ្មបាំង ខេត្តកោះកុង ឆ្លងកាត់ឃុំក្រពើពីរ ឃុំប្រម៉ោយ និងឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់» មានប្រវែង១៩៨,១៧៦គីឡូម៉ែត្រ គ្រោងនឹងចំណាយថវិកាជាង ១៨០លានដុល្លារ ក្រោមហិរញ្ញប្បទាន ពីរដ្ឋាភិបាលនៃសាធារណៈរដ្ឋប្រជាមានិតចិន។

ការបើកការដ្ឋានស្ថាបនាផ្លូវនេះ នឹងធ្វើពិធីរួមគ្នា ជាមួយការសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវជាតិលេខ៥៥ ប្រវែង ១៨២,១៦គីឡូម៉ែត្រ ដែលទើបនឹងស្ថាបនារួច តភ្ជាប់ «ពីផ្លូវជាតិលេខ៥ ទីរួមខេត្តពោធិ៍សាត់ ឆ្ពោះទៅកាន់ឃុំថ្មដា ស្រុកវាលវែង ជាប់ព្រំដែនកម្ពុជា-ថៃ»។

គម្រោងសាងសង់ផ្លូវជាតិលេខ១០ ជាប្រភេទផ្លូវ DBST ដែលអាចឲ្យប្រជាពលរដ្ឋ មកពីខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ ឬតាមបណ្តាខេត្តទិសពាយ័ព្យ អាចធ្វើដំណើរ និងដឹកទំនិញឆ្លងកាត់ ទៅខេត្តជាប់ដែនសមុទ្រ បានយ៉ាងងាយស្រួល។ យើងមានឱកាសកសាងសមិទ្ធផលនានាបាន គឺដោយសារកត្តានៃសុខសន្តិភាព ដែលសម្តេចតេជោ ហ៊ុន សែន បានយកអាយុជីវិតទៅប្តូរ រហូតទទួលបានសុខសន្តិភាព និងការអភិវឌ្ឍដល់សព្វថ្ងៃ ហើយប្រជាពលរដ្ឋ ក៏អាចធ្វើដំណើរទៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលា ដោយគ្មានការភ័យខ្លាចដូចពីមុនទៀតឡើយ៕