អំណោយ ឯកឧត្តម ហ៊ុន ម៉ាណែត ត្រូវបានយកទៅប្រគល់ជូនគ្រួសារក្រីក្រពិការជើង នៅខណ្ឌឫស្សីកែវ


មន្ត្រីក្រោមឱវាទ ឯកឧត្តម ជា ពិសី អភិបាលខណ្ឌឫស្សីកែវ និងជាសមាជិកក្រុមលេខាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បាននាំយកគ្រឿងឧបភោគបរិភោគ ថវិកា និងរទេះរុញ ចំនួន២គ្រឿង ដែលជាការឧបត្ថម្ភរបស់ ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ទៅប្រគល់ជូនគ្រួសារក្រីក្រពិការជើង និងកុមារពិការភាពតាំងពីកំណើត ដើម្បីជួយសម្រួលដល់ជីវភាពរស់នៅប្រចាំថ្ងៃ និងសម្រាប់ជាមធ្យោបាយធ្វើដំណើរងាយស្រួលជាងមុន។

ពិធីប្រគល់គ្រឿងឧបភោគបរិភោគ ថវិកា និងរទេះរុញ ចំនួន២គ្រឿង ជូនគ្រួសារក្រីក្រពិការជើង និងកុមារពិការភាពតាំងពីកំណើត ខាងលើនេះ ដឹកនាំដោយក្រុមការងារយុវជន ស.ស.យ.ក សង្កាត់-ខណ្ឌ ដោយបានរៀបចំធ្វើឡើង នៅ២ទីតាំងផ្សេងៗគ្នា ស្ថិតនៅភូមិទួលសំពៅ និងភូមិទួលគោក សង្កាត់ទួលសង្កែទី១ នារសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០។

ក្រៅពីឧបត្ថម្ភឧបភោគបរិភោគ ថវិកា និងរទេះរុញ ចំនួន២គ្រឿង ដើម្បីជួយសម្រួលដល់ជីវភាពរស់នៅប្រចាំថ្ងៃ និងសម្រាប់ជាមធ្យោបាយធ្វើដំណើរ កាន់តែប្រសើរឡើង, ក្រុមការងាររបស់ឯកឧត្តម ជា ពិសី អភិបាលខណ្ឌឫស្សីកែវ និងជាសមាជិកក្រុមលេខាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក៏បានផ្តាំផ្ញើនូវការសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកស្រី ចំពោះក្រុមគ្រួសារទាំង២ ឲ្យបន្តការប្រឹងប្រែងក្នុងរបរចិញ្ចឹមជីវិត ហើយត្រូវតែថែទាំសុខភាពឲ្យបានល្អ និងត្រូវឲ្យកូនចូលរៀនឲ្យបានគ្រប់គ្នា។

នាឱកាសនេះដែរ ប្រជាពលរដ្ឋក្រីក្រទាំង២គ្រួសារ ក្រៅពីគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ពួកគាត់ក៍បានបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ និងវត្ថុស័ក្ដិសិទ្ធិក្នុងលោក ជួយប្រោះព្រំថែរក្សាផ្ដល់សិរីសួស្ដី ជ័យមង្គលវិបុលសុខ ដ៏ប្រសើរថ្លៃថ្លាជូនចំពោះ ឯកឧត្តម ហ៊ុន ម៉ាណែត និងក្រុមគ្រួសារ សូមសមប្រកបដោយសុខភាពល្អបរិបូរណ៍ កម្លាំងកាយមាំមួន បញ្ញាញាណភ្លឺថ្លា ជន្មាយុយឺនយូរ ដោយជួបតែនូវពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

សូមជម្រាបថា ចំពោះអំណោយរបស់ ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ដែលក្រុមការងារយុវជន ស.ស.យ.ក សង្កាត់-ខណ្ឌ តំណាងលោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ និងជាសមាជិកក្រុមលេខាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានយកមកឧបត្ថម្ភជូនប្រជាពលរដ្ឋក្រីក្រ ពិការជើង និងកុមារពិការភាពតាំងពីកំណើត ដើម្បីជួយសម្រួលដល់ជីវភាពរស់នៅប្រចាំថ្ងៃ និងសម្រាប់ជាមធ្យោបាយធ្វើដំណើរងាយស្រួលជាងមុន នាពេលនេះរួមមាន៖ អង្ករ ១០០គីឡូក្រាម, មី ២កេស, ទឹកត្រី៤យួរ, ទឹកស៊ីអ៉ីវ ៤យួរ, ស្ករសរ ២គីឡូក្រាម, ភេសជ្ជៈ ២កេស និងថវិកា ៤០ម៉ឺនរៀល៕