សម្ដេចតេជោ ហ៊ុន សែន នឹងអញ្ជើញបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ១០ នៅថ្ងៃទី០៩ ខែមីនាខាងមុខនេះ


សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងអញ្ជើញបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ១០ នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០ ខាងមុខនេះ។ នេះបើតាម ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងសន្និសីទសារព័ត៌មាន នៅទីស្តីការគណៈរដ្ឋមន្រ្តី នាព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០នេះ។

បើតាមឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល, ផ្លូវជាតិលេខ១០នេះសំខាន់ណាស់ ដោយសាងសង់ពីស្រុកសំឡូតខេត្តបាត់ដំបង ឆ្លងកាត់ស្រុកវាលវែង ខេត្តពោធិ៍សាត់ ឆ្លងកាត់តំបន់អូរសោម ចាក់ទៅខេត្តកោះកុងតែម្តង។ ដូច្នេះទំនិញនៅតំបន់នោះ កសិផលរបស់ខ្មែរដែលចង់ដឹកទៅបរទេស មិនបាច់ទៅតាមកំពង់ផែឡាំចម្បាំងរបស់ ប្រទេសថៃទៀតទេ យើងដឹកផ្ទាល់ត្រង់ពីបាត់ដំបង បន្ទាយមានជ័យ ប៉ៃលិន ចុះទៅកំពង់ផែកោះកុង។

ឯកឧត្តមអះអាងថា៖ «នេះជាយុទ្ធសាស្រ្តរបស់សម្តេចតេជោ ហ៊ុន សែន ដែលចង់ដកដង្ហើមដោយខ្លួនឯង កន្លងទៅយើងដកដង្ហើមតាមគេ គឺដឹកទំនិញតាមកំពង់ផែឡាំចម្បាំង ហើយថ្ងៃណាគេចង់ធ្វើបាបក៏គេធ្វើបាបទៅ»

បើតាមក្រសួងសាធារណការ ផ្លូវជាតិលេខ១០នេះ មានប្រវែងសរុប១៩៧ គីឡូម៉ែត តភ្ជាប់ពីតំបន់សំឡូត ខេត្តបាត់ដំបង ភ្ជាប់ជារបៀងទៅកាន់ខេត្តពោធិ៏សាត់ ហើយបន្តទៅកាន់ខេត្តកោះកុង និងបន្តចុះមកក្រុងព្រះសីហនុតាមផ្លូវជាតិលេខ៤៨។

ផ្លូវក្រវ៉ាត់ព្រំដែននេះ នឹងក្លាយទៅជាផ្លូវដឹកទំនិញដ៏សំខាន់ពីតំបន់មួយចំនួនភាគខាងលិចប្រទេសកម្ពុជា ទៅកំពង់ផែរបស់កម្ពុជា។ ផ្លូវជាតិលេខ១០ នឹងត្រូវបានសាងសង់ក្រោមឥណទានពីប្រទេសចិន៕