ឯកឧត្តម គឹម សន្តិភាព៖ អង្គការសង្គមស៊ីវិលប្រយ័ត្នប្រយែងចំពោះការធ្វើអត្ថាធិបាយអ្វីមួយ ត្រូវមើលច្បាប់ និងត្រូវមានសាក្ខីកម្ម


ទាក់ទិននឹងសំណួរថា តើក្រសួងយុតិ្តធម៌មានអ្វីប្រតិកម្មយ៉ាងណាទាក់ទងទៅនិងអង្គការសង្គមស៊ីវិលចំនួន៤៨ បានចេញសេចក្ដីថ្លែងការណ៍រួម អំពាវនាវឲ្យសាលាឧទ្ធរណ៍បដិសេធការផ្ដន្ទាទោសសកម្មជនបរិស្ថាន ៣រូប ខណៈដែលសាលាឧទ្ធរណ៍គ្រោងបើកសវនាការ នៅថ្ងៃទី៣១ ខែមករា។ អ្នកនាំពាក្យ និងជាអនុរដ្ឋលេខាធិការ ក្រសួងយុត្តិធម៌ បានមានប្រសាសន៍ថា តួនាទីផ្តល់យុត្តិធម៌ដល់ភាគីនៃរឿងក្តី ត្រូវបានរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាប្រគល់អំណាចជូនស្ថាប័នតុលាការ ។

ឯកឧត្តម បានបន្តថា ជនដែលត្រូវបានតុលាការផ្តន្ទាទោស លុះណាតែជននោះត្រូវបានតុលាការរកឃើញថា បានប្រព្រឹត្តទង្វើរណាមួយដែលច្បាប់បានកំណត់ថាជាបទល្មើស ។ ទន្ទឹមនឹងនេះ ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ជាស្ថាប័នដែល មានតួនាទីក្នុងការពិនិត្យ និងសម្រេចដាក់វិន័យ ដល់ចៅក្រម ឬព្រះរាជអាជ្ញា ដែលបានប្រព្រឹត្តកំហុសក្នុងការបំពេញវិជ្ជាជីវៈរបស់ខ្លួន ។

ឯកឧត្តម បានស្នើអោយយកពេលវេលារបស់អ្នកធ្វើរឿងដែលមានប្រយោជន៌ ដូចជាផ្តល់សាក្ខីកម្មជូនតុលាការ ឬអ្នកជំនាញច្បាប់ការពារកូនក្តី ដែលសកម្មភាពនេះពិតជាមានប្រយោជន៌ដល់ដំណើរការនៃរឿងក្តី ។

ឯកឧត្តម បានបន្តទៀតថា សូមអង្គការទាំងឡាយ មុននឹងធ្វើអត្ថាធិប្បាយ ឬចោទប្រកាន់អ្វីមួយ សូមពិនិត្យអោយបានល្អិតល្អន់លើទិដ្ឋភាពច្បាប់ និងត្រូវមានសាក្ខីកម្មអោយបានច្បាស់លាស់ ដើម្បីជៀសវាងការបង្កើតនូវកំហុសណាមួយជាយថាហេតុ ហើយដែលច្បាប់បានកំណត់ថាជាអំពើល្មើស ។