រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ដាក់ចេញវិធានការបន្ទាន់ឲ្យអគ្គនាយកដ្ឋានគយអនុវត្តន៍ ដើម្បីកាត់បន្ថយចំណាយឡូជីស្ទីក និងដឹកជញ្ជូនរបស់ធុរជន


(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានចេញលិខិតផ្លូវការមួយ ប្រាប់ឲ្យអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា អនុវត្តវិធានការរបស់រាជរដ្ឋាភិបាល ឲ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីចូលរួមកាត់បន្ថយបន្ទុកចំណាយឡូជីស្ទីក និងដឹកជញ្ជូនរបស់ធុរជន។

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានណែនាំដល់អគ្គនាយកដ្ឋានគយ អនុវត្តការងារបន្ទាន់ចំពោះមុខមួយចំនួន ដូចខាងក្រោម៖

១៖ បន្ថែមប្រព្រឹត្តកម្មច្រកបៃតង (Green Lane) លើការនាំចូលវត្ថុធាតុដើមកាត់ដេរ ព្រមទាំងគ្រឿងបំណែក និងគ្រឿងបង្គុំបម្រើផលិតកម្មនៃគម្រោងវិនិយោគនានា ដោយត្រូវសម្រួលឲ្យបានអតិបរិមានូវនីតិវិធី និងបែបបទបញ្ចេញទំនិញពីគយ។ ក្នុងករណីចាំបាច់ អគ្គនាយដ្ឋានគយ អាចអនុវត្តវិធានការផ្ទៀងផ្ទាត់អនុលោមភាពជាក្រោយ រួមមានសវនកម្មក្រោយការនាំចូល ជាដើម។

២៖ សហការជាមួយសមាគមរោងចក្រកាត់ដេរកម្ពុជា ដើម្បីពិភាក្សាជាមួយសមាគមដឹកជញ្ជូនទំនិញ និងជើងសារគយ រកដំណោះស្រាយលើការយកកម្រៃសេវាឲ្យមានតម្លាភាព។ ក្នុងករណីរកឃើញភស្តុតាងជាក់ស្តែងបំប៉ោង ឬកេចបន្លំ ត្រូវមានវិធានការតាមច្បាប់ជាធរមាន។

៣៖ ដើម្បីអនុវត្តចំណុចទី១ ខាងលើឲ្យមានប្រសិទ្ធភាព អគ្គនាយកដ្ឋានគយ ត្រូវសហការ និងសម្របសម្រួលជាមួយភាគីពាក់ព័ន្ធ ដូចជាអាជ្ញាធរស្វ័យតកំពង់ផែអន្តរជាតិ និងក្រុមហ៊ុនដឹកជញ្ជូន ជាដើម ដើម្បីធានាថា ការផ្តល់សេវាជាលក្ខណៈពិសេសនេះ ប្រព្រឹត្តទៅដោយរលូន ស៊ីសង្វាក់ និងប្រទាក់ក្រឡាគ្នា ហើយក្នុងករណីចាំបាច់ អាចឯកភាពគ្នាបន្ថែមម៉ោងរដ្ឋបាលបាន ដើម្បីអនុវត្តការងារឲ្យបានឆាប់រស័យ៕