អាជ្ញាធរជាតិអប្សរាត្រៀមរៀបចំសៀមរាបសង្ក្រាន្ត ក្រោមប្រធានបទ «អង្គរ អតីតកាល បច្ចុប្បន្ន និងអនាគត»


ដើម្បីចូលរួមអបអរសាទរឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងទាក់ទាញទេសចរឱ្យចូលមកទស្សនាតំបន់រមណីយដ្ឋានអង្គរ អាជ្ញាធរជាតិអប្សរាបានសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាប្រចាំខេត្តសៀមរាប រដ្ឋបាលខេត្តសៀមរាប និងស្ថាប័នពាក់ព័ន្ធផ្សេងៗ រៀបចំសៀមរាបសង្ក្រាន្ត នៅបរិវេណប្រាសាទអង្គរវត្ត ក្រោមប្រធានបទ «អង្គរ អតីតកាល បច្ចុប្បន្ន និងអនាគត» ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃ៦រោចដល់ថ្ងៃ៩រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៣ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០។

ទាក់ទងនឹងប្រធានបទ «អង្គរ អតីតកាល បច្ចុប្បន្ន និងអនាគត» អាជ្ញាធរជាតិអប្សរានឹងធ្វើពិព័រណ៍បង្ហាញពីការកំណាយបុរាណវិទ្យា សមិទ្ធផលអាជ្ញាធរជាតិអប្សរា និងការអភិវឌ្ឍវិស័យទេសចរណ៍ ដែលនឹងផ្តល់ចំណេះដឹងដល់សាធារណជនបានស្គាល់ពីបច្ចេកទេសនៃការប្រើប្រាស់និងកែច្នៃថ្មតាមបែបបុរាណនិងទំនើប ការព្យាបាលថ្ម ការសាងសង់ប្រាសាទខ្មែរ ផែនទីតំបន់អង្គរ និងការស្រាវជ្រាវបុរាណវិទ្យា។ ល។

ការរៀបចំសៀមរាបសង្ក្រាន្ត ក៏មានបញ្ចូលវប្បធម៌ប្រពៃណីរបស់អ្នកស្រុកអង្គរ ការលេងល្បែងប្រជាប្រិយខ្មែរដើម្បីកម្សាន្តសប្បាយនៅក្នុងពិធីថែមទៀត។ ពិសេសនឹងបង្ហាញពីការដាប់ឆ្លាក់ចម្លាក់ សិប្បកម្ម ដែលសាធារណជនក៏អាចចូលរួមជាមួយអ្នកជំនាញនិងទិញយកទៅប្រើប្រាស់បាន ដើម្បីលើកម្ពស់តម្លៃសិល្បៈខ្មែរនិងជីវភាពប្រជាជនផងដែរ៕