មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន៖ ក្រសួងបរិស្ថានគ្មានផលប្រយោជន៍អ្វីទៅប្រឆាំងនឹងអ្នកស្រឡាញ់និងចូលរួម​ការពរធន​ធានធម្មជាតិ​ឡើយ ប៉ុន្តែតម្រូវគោរពតាមច្បាប់


ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការនិងជាមន្ត្រីនាំពា្យក្រសួងបរិស្ថាន នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០នេះ ថ្លែងថា «ក្រសួងបរិស្ថាន សូមគូសបញ្ជាក់សាជាថ្មីថា កន្លងទៅ ក្រសួងបរិស្ថានតែងតែផ្តល់កិច្ចសហការល្អជាមួយបណ្តាញសហគមន៍ព្រៃឡង់ក្នុងការងារចុះល្បាត និងអភិរក្សធនធានធម្មជាតិនៅដែនជម្រកសត្វព្រៃព្រៃឡង់ ប៉ុន្តែបណ្តាញសហគមន៍ព្រៃឡង់បានធ្វើសកម្មភាពដែលមានភាពមិនស្មោះត្រង់ក្នុងកិច្ចសហការ និងបង្កើតការអុកឡុក ក្រឡុកស្ថានការណ៍ បង្កើតរបាយការណ៍បំភ្លៃសាធារណមតិលើការងារគ្រប់គ្រងនិងអភិរក្សធនធានធម្មជាតិ»។

ឯកឧត្តមថា «ក្រសួងបរិស្ថានគ្មានផលប្រយោជន៍អ្វីទៅប្រឆាំងនឹងអ្នកស្រឡាញ់និងចូលរួមការពរធនធានធម្មជាតិឡើយ ប៉ុន្តែតម្រូវគោរពតាមច្បាប់។ ក្រសួងបរិស្ថានបានណែនាំជាច្រើនដងរួចមកហើយឱ្យបណ្តាញសហគមន៍ព្រៃឡង់ចុះបញ្ជីនៅក្រសួងមហាផ្ទៃដើម្បីមានភាពស្របច្បាប់ក្នុងការបំពេញការងារ និងបង្កើតកិច្ចសហការដោយស្មោះត្រង់លើការងារគ្រប់គ្រងនិងអភិរក្សធនធានធម្មជាតិ ប៉ុន្តែម្តងហើយម្តងទៀត ក្រោមខ្សែញាក់របស់ម្ចាស់ជំនួយរបស់ខ្លួន ពួកគេនៅតែបន្តធ្វើសកម្មភាពខុសច្បាប់ដើរចេញពីគន្លងសមូហភាពដឹកនាំគ្រប់គ្រង និងព្យាយាមចិញ្ចឹមទំនាស់លើបញ្ហាព្រៃឡង់ តាមយៈការលួចចូលល្បាតដោយអនាធិបតេយ្យ លួចប្រើប្រាស់ Apps ដែលគ្មានការទទួលស្គាល់ជាផ្លូវការពីអាជ្ញាធរមានសមត្ថកិច្ច បំភ្លៃលើទិន្នន័យនៃបទល្មើសធនធានធម្មជាតិ រាប់គល់ឈើមួយដើមថាជាបទល្មើសមួយដែលគ្មានលក្ខណៈវិទ្យាសាស្ត្រ»។

ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថានបានថ្លែងថា បន្ថែមពីនេះ ពួកគេបានដើរតួនាទីជាមន្ត្រីនគរបាលយុត្តិធម៌អនុវត្តច្បាប់ក្នុងតំបន់ការពារធម្មជាតិទាំង​ដែលពួកពួក​គេមិន​មាន​នីតិសម្បទាជាមន្ត្រីនគរបាលយុត្តិធម៌ផងនោះ ហើយក្រោមការជួយគាំទ្រពីបរទេសខ្លះ ពួកគេបានរៀបចំរបាយការណ៍និងផ្សព្វផ្សាយរបាយការណ៍បែបបំភ្លៃការពិត មានចេតនាបង្ខូចកេរ្តិ៍ឈ្មោះរដ្ឋាភិបាលលើកិច្ចការពារនិងអភិរក្សធនធានធម្មជាតិដើម្បីបម្រើគោលបំណងអ្វីមួយ។

ឯកឧត្តម នេត្រ ភក្ត្រា បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងបរិស្ថានបានខិតខំបំពេញការងារ ការគ្រប់គ្រងនិងអភិរក្សធនធាន​ធម្មជាតិនៅតំបន់ដែនជម្រកសសត្វព្រៃព្រៃឡង់ និងតំបន់ការពារធម្មជាតិផ្សេងទៀត យ៉ាងសកម្មនៅលើដីអភិរក្សទំហំជាង ៧,២លានហិកតា។

ឯកឧត្តមថ្លែងថា៖ «ជាការពិត ក្រសួងបរិស្ថានទទួលស្គាល់ថាបទល្មើសធនធានធម្មជាតិនៅបន្តមាន ប៉ុន្តែក្នុងលក្ខណៈទ្រង់ទ្រាយតូចៗ ដឹកតាមម៉ូតូនិងគោយន្តជាដើម ហើយបទល្មើសទ្រុងទ្រាយធំលែងមានទៀតហើយ ដែលនេះជាការបង្ហាញឱ្យឃើញពីកិច្ចខិតខំប្រឹងប្រែងអភិរក្សបានល្អប្រសើររបស់រាជរដ្ឋាភិបាល​លើធនធានធម្មជាតិ​ដែលកម្ពុជាមានរហូតដល់បានលក់ឥណទានកាបូនក្នុងទីផ្សារឥណទានកាបូនស្ម័គ្រចិត្តបានថវិកាប្រមាណ ១១,៦ លានដុល្លារពីដែនជម្រកសត្វព្រៃកែវសីម៉ា តាតៃ និងឧទ្យានជាតិជួរក្រវ៉ាញខាងត្បូង។ ថវិកានេះត្រូវបានប្រើប្រាស់ដើម្បីអភិរក្សធនធានធម្មជាតិ និងបង្កើនសេដ្ឋកិច្ចមូលដ្ឋាន»។

ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថានថ្លែងដូច្នេះ មុននឹងគូសបញ្ជាក់ថា៖ «ទាំងនេះជាការខុសស្រឡះពីការបំផ្លើសក្នុងរបាយការណ៍របស់ក្រុមបណ្តាញព្រៃឡង់ ក៏ដូចជារបស់បណ្តាញយុវជនកម្ពុជាដែលធ្វើឡើងដើម្បីគ្រាន់តែបន្តស្វែងរកជំនួយគាំទ្រដើម្បីបន្តជីវិតអង្គការ និងបណ្តាញរបស់ខ្លួនប៉ុណ្ណោះ។ ប្រសិនបើពួកគេ សរសើរ ឬទទួលស្គាល់ពីប្រសិទ្ធភាពនៃការងារគ្រប់គ្រងនិងអភិរក្សរបស់ក្រសួងបរិស្ថាន និងទទូលស្គាល់ថាភាពរិចរឹលគម្របព្រៃឈើនៅកម្ពុជាធ្លាក់ចុះ នោះពួកែនឹងប្រឈមការបាត់បង់ជំនួយហិរញ្ញវត្ថុ និងបាត់បងការងារ»។

បើតាមការបញ្ជាក់របស់ឯកឧត្តម នេត្រ ភក្ត្រា បណ្តាញសហគមន៍ព្រៃឡង់បានធ្វើសកម្មភាពនៅក្នុងខេត្តទាំង៤ កំពង់ធំ ព្រះវិហារ ក្រចេះ ស្ទឹងត្រែងមានអង្គការចាត់តាំងច្បាស់លាស់រួមមានគណៈកម្មាធិការតម្រង់ទិស ក្បាលម៉ាស៊ីនដឹកនាំតាមខេត្តនីមួយ មានឡូហ្គោសម្រាប់ប្រើប្រាស់ និងធ្វើសកម្មភាពដូចគ្នានឹអង្គការសង្គមស៊ីវិល ប៉ុន្តែមិនបានចុះបញ្ជីនៅក្រសួងមហាផ្ទៃស្របតាមគោលការណ៍នៃច្បាប់ទេ ហើយបណ្តាញសហគមន៍ព្រៃឡង់នេះបានធ្វើកិច្ចសហប្រតិបត្តិការជាមួយ អង្គការជាច្រើនព្រមទាំងបច្ចេកទេស និងបានទទួលថវិកាគាំទ្រពីអង្គការផ្សេងៗក្នុងនោះរួមមានអង្គការ Danmission អង្គការស្ពានសន្តិភាព (PBO) បណ្តាញយុវជនកម្ពុជា (CYN) បណ្តាញសហគមន៍កសាងសន្តិភាព (CBPN) សាកលវិទ្យាល័យកូប៉េនហាករបស់ប្រទេសដាណឺម៉ាក់ និងទទួលមូលនិធិពីមូលនិធិ Soros ថែមទៀតផង។

ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថានបានថ្លែងថា ប្រសិនបើពួកគេមិនប្រើ លេសការការពារធនធានធម្មជាតិដើម្បីបម្រើគោលដៅទុច្ចរិតអ្វីមួយ ម្ល៉េះសម បណ្តាញសហគមន៍ព្រៃឡង់ទំនងមិនជាព្យាយាមគេចវេសពីកាតព្វកិច្ចនៃការអនុវត្តតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជាទេ ខណៈសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ភាគច្រើនលើសលប់បានអនុវត្តតាមច្បាប់មានជាធរមាន។

រដ្ឋលេខាធិការក្រសួងបរិស្ថាន ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងថា ក្រសួងបរិស្ថានត្រៀមខ្លួនជានិច្ចបន្តកិច្ចសហការជាមួយបណ្តាញសហគមន៍ព្រៃឡង់ ដូចអង្គការ សហគមន៍ស្របច្បាប់នានា ប្រសិនបើបណ្តាញដែលមានចរិតជាអង្គការសង្គមស៊ីវិលមួយនេះមានការចុះបញ្ជីត្រឹមត្រូវតាមច្បាប់នៃប្រទេសកម្ពុជា។ សកម្មភាពផ្សេងៗដែលសហគមន៍ធ្លាប់សម្តែង និងការធ្វើសកម្មភាពដែលគ្មានភាពស្មោះត្រង់ក្នុងនាមជាដៃគូនាពេលគន្លងមក មិនមែនជាមធ្យោបាយល្អ និងមិនមែនជាជម្រើសសម្រាប់អ្នកស្រឡាញ់ធនធានធម្មជាតិពិតប្រាកដឡើយ គឺគ្រាន់តែជាសកម្មភាពដែលគ្មានប្រយោជន៍ វាយប្រហារទាំងទទឹងទិស មិនបានជួយបំពេញបន្ថែមក្នុងការការពារ និងអភិរក្សធនធានធម្មជាតិដែលក្រសួងប្រាថ្នាចង់បាន ប្រជាពលរដ្ឋទូទៅចង់ឃើញឡើយ។ ប៉ុន្តែជាសកម្មភាពរុញឱ្យខ្លោចរោចឱ្យឆៅលើការងារអភិរក្សធនធានធម្មជាតិ។ លោកបន្ថែមថា វាពិតជាគួរឱ្យសោកស្តាយ ដែលបណ្តាញសហគមន៍ព្រៃឡង់នេះត្រូវបានយកទៅគេប្រើប្រាស់ជាឧបករណ៍បញ្ឆេះកំហឹងពលរដ្ឋលើការងារបរិស្ថាន និងធនធានធម្មជាតិ។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថានក៏បានកត់សម្គាល់ថា អង្គការទាំងអស់ដែលបាននិងកំពុងផ្តល់បច្ចេកទេស និងថវិកាដល់បណ្តាញសហគមន៍​ព្រៃឡង់គ្មានច្បាប់ បានធ្វើសកម្មភាពបំពានច្បាប់ដោយមិនបានស្នើសុំសហប្រតិបត្តិការការងារ​តាមផ្លូវច្បាប់ឡើយដូចជាអង្គការដាន់មិសិន អង្គការស្ពានសន្តិភាព បណ្តាញយុវជនកម្ពុជា។ អង្គការទាំងនេះបានធ្ធ្វើសកម្មភាពយ៉ាងសកម្មគាំទ្របណ្តាញសហគមន៍ព្រៃឡង់។ រដ្ឋលេខាធិការក្រសួងបរិស្ថានបានអំពាវនា​ដល់អង្គការទាំងឡាយ​ដែលមិនទាន់បានចុះអនុស្សរណ MoU ធ្វើការងារស្របច្បាប់ជាមួយក្រសួងបរិស្ថាន គួរស្នើសុំ។ បើពុំនោះទេ ក្រសួងបរិស្ថានៅតែបន្តចាត់​ទុកសកម្មភាពដែលបណ្តាញសហគមន៍ព្រៃឡង់ និងអង្គការសង្គមស៊ីវិលទាំងនោះដែលធ្វើក្នុងតំបន់ការពារធម្មជាតិ​ស្ថិតក្រោមយុត្តាធិការក្រសួង​បរិស្ថាថាជសកម្មភាពបំពនច្បាប់ និងត្រូវប្រឈមមុខនឹងអនុវត្តតាមនីតិវិធីច្បាប់ និងច្បាប់ដែលមានជាធរមាន។

ឯកឧត្តម នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា៖ «នេះមិនគួរត្រូវបានបកស្រាយដោយបំពានដោយអង្គការសិទ្ធិមនុស្សមួយចំនួនថាជាការកម្រិតលើសិទ្ធិសេរីភាព និងការចូលរួមរបស់ប្រជាពលរដ្ឋ និងអង្គការសង្គមស៊ីវិលក្នុងការងារគ្រប់គ្រងធនធានធម្មជាតិឡើយ ប៉ុន្តែជាការអនុវត្តច្បាប់ក្នុងនាមកម្ពុជាជារដ្ឋអធិបតេយ្យមួយ ដែលត្រូវមានសិទ្ធិក្នុងការអនុវត្តច្បាប់នៅលើទឹកដីខ្លួន»៕