រដ្ឋបាលខេត្តកំពង់ចាមបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៦ និងទិសដៅឆ្នាំ២០១៧


ខេត្តកំពង់ចាម ព្រឹកថ្ងៃទី៣០ខែមករាឆ្នាំ២០១៧នេះ រដ្ឋបាល ខេត្តកំពង់ចាមបានបើកសន្និបាត បូកសរុបការងាររដ្ឋបាលដែនដី ការអនុវត្តគោលនយោបាយភូមិ ឃុំមាន សុវត្ថិភាព និងប្រយុទ្ធប្រឆាំងការជួញដូរមនុស្សនិងធ្វើការវាយតម្លៃពីលទ្ធផល ការងារបញ្ហាប្រឈមនិង ដំណោះស្រាយនានា ឆ្នាំ២០១៦ ព្រមទាំងកំណត់នូវទិសដៅសម្រាប់ ឆ្នាំ២០១៧ក្រោមអធិបតីភាព ឯកឧត្តម លន់ លឹមថៃអភិបាលខេត្ត។

អង្គសន្និបាតបានរៀបចំធ្វើឡើង រយៈពេលពីរថ្ងៃគឺថ្ងៃទី៣០-៣១ ខែមករា ឆ្នាំ២០១៧ ក្នុងគោលបំណងឆ្លុះ បញ្ចាំងនូវសមិទ្ធផលសម្រេច បានឆ្នាំ២០១៦ បញ្ហាប្រឈមនិងពិភាក្សារកដំណោះស្រាយ ជាគន្លឹះដើម្បីលើក ទិសដៅសម្រាប់អនុវត្តន៍បន្តក្នុងឆ្នាំ២០១៧នេះ។

ថ្លែងនៅក្នុងពិធីបើកសន្និបាត ឯកឧត្តម លន់ លឹមថៃ បានកោតសរសើរចំពោះការខឹតខំប្រឹងប្រែងទាំងកម្លាំង កាយ ចិត្តប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់របស់ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត និងថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ គ្រប់ស្ថាប័ន អង្គភាពរួមជាមួយនិងប្រជាពលរដ្ឋក្នុងការបំពេញភារកិច្ចកសាង និងអភិវឌ្ឍន៍ខេត្តកំពង់ចាម មានការរីកចម្រើនជាបន្តបន្ទាប់ក្នុងឆ្នាំ២០១៦កន្លងមក ស្របតាមកម្មវិធី គោល នយោបាយរបស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការបង្ការទប់ស្កាត់ និងកាត់បន្ថយបទល្មើស គ្រប់ប្រភេទក្នុងខេត្ត ព្រមទាំងចូលរួមអនុវត្តន៍យ៉ាងសកម្ម និងកំណែទម្រង់ស៊ីជម្រៅរដ្ឋបាលសាធារណៈ ជួយលើកកម្ពស់អភិបាលកិច្ច ដែលធានាដល់ប្រតិបត្តិការ និងកិច្ចដំណើរការរបស់ស្ថាប័នរដ្ឋនៅថ្នាក់ក្រោម ជាតិ ឱ្យប្រព្រឹត្តទៅប្រកបដោយតម្លាភាព គណនេយ្យភាព និងប្រសិទ្ធភាព ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តម អភិបាលខេត្ត បានគូសបញ្ជាក់ថា លើវិស័យសន្តិសុខសណ្តាប់ធ្នាប់សង្គមទូទាំងខេត្ត ឆ្នាំ២០១៦ កន្លងទៅនេះបទល្មើសមានការថយចុះដោយកងកម្លាំងគ្រប់ប្រភេទទាំងនៅក្នុងភូមិសាស្ត្រ ខេត្តក៏ដូចតាមតំបន់ ព្រំដែនរក្សាបាននូវបូរណភាពទឹកដី សុវត្ថិភាពសាធារណៈជូនប្រជាពលរដ្ឋបានល្អប្រសើរ។ ប្រជាពលរដ្ឋរស់ នៅប្រកបដោយភាពកក់ក្តៅ និងខិតខំប្រកបមុខរបរចិញ្ចឹមជីវិតដោយភាពសុខសាន្ត ព្រមទាំងមានសិទ្ធិ សេរីភាពក្នុងការបំពេញ ការងារក៏ដូចបញ្ចេញមតិ តាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ ដោយដើរទន្ទឹម នឹងគោលការណ៍ ច្បាប់ក្នុងគោលបំណងលើកកម្ពស់នីតិរដ្ឋនៅកម្ពុជា។ លើការងារពង្រឹងគោលនយោបាយ ភូមិឃុំមានសុវត្ថិភាព ការបង្ក្រាបនិងទប់ស្កាត់ការជួញដូរ និងការប្រើប្រាស់គ្រឿងញៀន ការជួញដូរមនុស្សការ ប្លន់ប្រដាប់អាវុធ ការផ្សព្វផ្សាយពីច្បាប់ចរាចរណ៍ យើងសម្រេចបានលទ្ធផលល្អប្រសើរ តែការងារនេះនៅតែជា ការងារសំខាន់ និងចាំបាច់សម្រាប់យើងនៅឆ្នាំខាងមុខ។

ឯកឧត្តម អភិបាលខេត្ត ក៏បានឱ្យដឹងដែថា លើវិស័យកសិកម្មទោះបីនៅឆ្នាំកន្លងមកនេះខេត្តបានជួបគ្រោះ រាំងស្ងួតតំបន់មួយចំនួន តែបរិមាណផលស្រូវទទួលបានបរិមាណស្បៀងលើសពី តម្រូវការហូបចុកនិង អាចមានស្រូវសម្រាប់នាំចេញប្រមាណជាង១២៨១៧៣តោនគិតជាអង្ករប្រមាណជាង ៨២០៣១តោន។ចំពោះវិស័យផ្សេងៗទៀតក្នុងខេត្តក៏មានការរីកចម្រើនស្របតាមគោលនយោបាយរបស់រាជរដ្ឋភិបាលយើង ដែរ។លើសពីនេះលើសេវាសាធារណៈខេត្តបានលើកម្ពស់ការយកចិត្តទុកដាក់និងជំរុញការកសាងហេដ្ឋារចនា សម្ព័ន្ធរូបវ័ន្ត នានា មានផ្លូវថ្នល់ ស្ពាន លូប្រឡាយទឹក ទំនប់ ស្រះទឹកមណ្ឌលសុខភាពសាលារៀន ពិសេស វិស័យ អគ្គិសនីកំពុងតបណ្តាញឱ្យទៅដល់ទីជនបទដាច់ស្រយាល។

ឯកឧត្តម លន់ លឹមថៃ ក៏បានបញ្ជាក់ទៀតថា ដោយសារឆ្នាំ២០១៦កន្លងទៅនេះយើងមានបញ្ហាដែលនៅ សេសសល់ ការងារមួយចំនួន ហើយឆ្នាំ២០១៧នេះនិងមានការងារថ្មីៗជាច្រើនទៀត កំពុងរង់ចាំដែលយើង ទាមទារនូវបទពិសោធន៍ភាពឆ្នៃប្រឌិត ឱ្យកាន់តែស៊ីជម្រៅ និងរស់រវើកថែមទៀតដែលអាជ្ញាធរដែនដី គ្រប់ ជាន់ថ្នាក់ភាគីពាក់ព័ន្ធទាំងអស់ត្រូវខិតខំរួមគ្នាធ្វើការរកដំណោះស្រាយ សម្រាប់ជាមូលដ្ឋានលើកកម្ពស់ ប្រសិទ្ធភាព ហើយអង្គសន្និបាតទាំងមូលត្រូវធ្វើការពិភាក្សារកចំណុចខ្សោយនិងចំណុចខ្លាំងដើម្បីអនុវត្តន៍ក្នុង ឆ្នាំ២០១៧នេះឱ្យទទួលបានជោគជ័យនូវកម្មវិធីគោលនយោបាយរបស់រាជរដ្ឋាភិបាល៕