សមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន៖ ជាង ២០០០ឆ្នាំមកនេះ មានតែក្នុងសម័យតេជោសែនទេ ដែលបានភ្ជាប់ទំនាក់ទំនងជាមួយចិនក្លាយជាមិត្តដែកថែប


សមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន បានកត់សម្គាល់ឃើញថា ក្នុងប្រវត្តិសាស្រ្តជាង ២០០០ឆ្នាំមកនេះ មានតែក្នុងសម័យតេជោសែននេះទេ ដែលបានតភ្ជាប់ទំនាក់ទំនង រវាងកម្ពុជាជាមួយចិនឱ្យក្លាយជាមិត្តដែកថែប មិត្តពិតប្រាកដ និងបានជំរុញឱ្យមិត្តភាពនេះបន្តពីថ្នាក់ដឹកនាំទៅប្រជាជន និងសាយភាពពីទីក្រុងដល់ជនបទ។

ការលើកឡើងនេះត្រូវបានធ្វើឡើងបទបាឋកថាពីបច្ចុប្បន្នភាពនៃទំនាក់ទំនងកម្ពុជា-ចិន នាថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០ នៅសាកលវិទ្យាល័យការពារជាតិ ដែលឧទ្ទេសនាមដោយលោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន។

លោកបានរំលេចយ៉ាងច្បាស់ពីសាវតារ និងវឌ្ឍនភាពនៃទំនាក់ទំនងការទូតរវាងក្រកម្ពុជា និងចិន ដែលបានចាប់ផ្តើមតាំងពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ១៩៥៨ ដោយសម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ និងលោកប្រធានាធិបតី ម៉ៅ សេទុង ហើយមរតក នៃទំនាក់ទំនងនេះបានពន្លាតពីទំនាក់ទំនងទ្វេភាគី ទៅជាទំនាក់ទំនងជាយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងជាមិត្តដែកថែបដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក ស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន។

លោក ជា មុនីឫទ្ធិ បានរំលេចពីរយៈពេលជាង៦០ឆ្នាំ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរបានផ្តល់ផលប្រយោជន៍យ៉ាងច្រើន ជាក់ស្តែងការអភិវឌ្ឍសេដ្ឋកិច្ច វិស័យពាណិជ្ជកម្ម ហេដ្ឋារចនាសម្ពន្ធនៅកម្ពុជា សុទ្ធតែមិនអាចខ្វះបានពីការរួមចំណែករបស់មិត្តចិនដល់កម្ពុជា។

លើសពីនេះ លោក ជា មុនីឫទ្ធិ បានបង្ហាញពីមិត្តភាពក្នុងគ្រាអាសន្ន និងលំបាក ដែលបានបង្ហាញយ៉ាងច្បាស់លាស់ តាមរយៈដំណើរទស្សនកិច្ចរបស់មសម្តេចតេជោ ហ៊ុន សែន ទៅកាន់ប្រទេសចិន នាដើមខែកុម្ភៈ ឆ្នាំ២០២០ រួមជាមួយការថ្លែងសារប្រកបដោយអត្ថន័យជាប្រវត្តិសាស្រ្តជាច្រើនរបស់សម្តេចតេជោទាក់ទងនឹងជំងឺ COVID-19 និងចំណងមេត្រីភាពរវាងប្រទេសទាំងពីរទៀតផង។

ឧត្តមសេនីយ៍ឯក វ៉ា មុនី្ន សាកលវិទ្យាធិការរង និងជានាយកមជ្ឈមណ្ឌលបណ្តុះបណ្តាលក្រោយបរិញ្ញាបត្រ បានថ្លែងនូវការកោតសរសើរខ្ពស់ចំពោះស្នាដៃសិក្សាស្រាវជ្រាវរបស់លោកបណ្ឌិត ជា មុនីឫទ្ធិ ដែលបានយកមកបង្ហាញជូនដល់សិក្ខាកាមថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នាពេលនេះ រួមមាន៖ ១-ពាន់ឆ្នាំទំនាក់ទំនងកម្ពុជា-ចិន ២-កំណត់ហេតុរបស់លោក ជីវតាក្វាន់ ៣-ទំនាក់ទំនងកម្ពុជា-ចិន នាសម័យសម្តេចព្រះនរោត្តម សីហនុ ៤-ទស្សនវិជ្ជាខ្មែរនាសម័យហ្វូណន ជាដើម។

នាឱកាសនោះ មជ្ឈមណ្ឌលវប្បធម៌ចិនប្រចាំកម្ពុជា ក៏បាននាំយកសៀវភៅបកប្រែជាខេមរភាសា ដោយលោក ជា មុនីឫទ្ធិ ស្តីពី ស៊ី ជីនភីង អភិបាលកិច្ចប្រទេសចិនចំនួន ១០ក្បាល មកតម្កល់ទុកនូវបណ្ណាល័យ ហើយលោក វ៉ាង ស៊ួយកុង (WANG Suigong) ប្រធានក្រុមហ៊ុន FENGYI GROUP (ហ្វឹងអ៉ី គ្រុប) បានឧបត្ថម្ភថវិកាចំនួន ២,៥០០ដុល្លារ សម្រាប់កែលម្អបណ្ណាល័យ និងរៀបចំទូសៀវភៅសម្រាប់តម្កល់សៀវភៅអភិបាលកិច្ចប្រទេសចិននេះ។

ថ្លែងបិទកម្មវិធីបាឋកថានេះ ឧត្តមសេនីយ៍ឯក ជេត សារ៉ុន សាកលវិទ្យាធិការរង ក្នុងនាមនាយឧត្តមសេនីយ៍សាស្ត្រាចារ្យបណ្ឌិត ជា តារា បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំសហការរវាងអង្គភាព នានាចំណុះសាកលវិទ្យាល័យការពារជាតិ ជាមួយដៃគូសហប្រតិបត្តិការអន្តរជាតិ ជាពិសេសមិត្តចិន ក្នុងការពង្រឹងនិងពង្រីកថែមទៀតនូវគុណភាពសិក្សា សំដៅចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងការបង្កើនបរិមាណ និងគុណភាពធនធានមនុស្សលើវិស័យការពារជាតិឱ្យកាន់តែល្អប្រសើរ៕