រាជរដ្ឋាភិបាលដាក់ចេញអនុសាសន៍ ៥ចំណុច ដល់ក្រសួងទេសចរណ៍ ក្នុងការអនុវត្តសម្រាប់ជាទិសដៅបន្ត


នៅក្នុងពិធីបិទសន្និបាតបូកសរុបការងាររបស់ក្រសួងទេសចរណ៍ ដែលធ្វើឡើងនៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ នាថ្ងៃទី២៧ ខែកុម្ភៈនេះ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាតំណាងសម្ដេចតេជោនាយករដ្ឋមន្ត្រីផងនោះ បានប្រកាសដាក់ចេញអនុសាសន៍ចំនួន ៥ចំណុន ដល់ក្រសួងទេសចរណ៍ក្នុងការអនុវត្តទិសដៅការងារបន្តនៅឆ្នាំ២០២០ និងឆ្នាំទៅមុខទៀត។

អនុសាសន៍ទាំង៥ចំណុចនោះ រួមមាន៖

* ទី១៖ ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានកំណត់ឆ្នាំ២០២០ ជាឆ្នាំគោលសម្រាប់ការចាប់ផ្តើមអភិវឌ្ឍទេសចរណ៍ប្រកបដោយចីរភាព និងគុណភាព ដើម្បីជំរុញការអភិវឌ្ឍវិស័យទេសចរណ៍។ បន្ថែមពីលើវិធានការដែលត្រូវបានដាក់ចេញដោយសម្តេចតេជោនាយករដ្ឋមន្ត្រី ក្រសួងទេសចរណ៍ត្រូវជំរុញការអនុវត្តផែនការសកម្មភាពចំពោះមុខ សម្រាប់ឆ្នាំ២០២០-២០២១ សម្រាប់ការអភិវឌ្ឍទេសចរណ៍នៅខេត្តសៀមរាប។

លើសពីនេះ ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានស្នើឲ្យក្រសួងទេសចរណ៍រៀបចំផែនការមេអភិវឌ្ឍវិស័យទេសចរណ៍សម្រាប់រាជធានីភ្នំពេញ និងតំបន់ជុំវិញ ដើម្បីឆ្ពោះទៅឆ្នាំ២០៣០ សាកសមនឹងកិត្តិនាម «រាជធានីភ្នំពេញ៖ រាជធានីពិភពលោកនៃទេសចរណ៍ និងវប្បធម៌» ដើម្បីបង្កើនផលិតផលទេសចរណ៍ឲ្យកាន់តែសម្បូរបែប សម្រាប់ឲ្យភ្ញៀវទេសចរអាចទស្សនាកម្សាន្ត និងស្នាក់នៅយូរជាងមុន។

* ទី២៖ ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានគាំទ្រយុទ្ធសាស្ត្រពិពិធកម្មទេសចរណ៍ពីតំបន់ទេសចរណ៍វប្បធម៌-ប្រវិត្តសាស្ត្រ ទៅកាន់តំបន់អេកូទេសចរណ៍ និងតំបន់ឆ្នេរ ប្រកបដោយការប្រុងប្រយ័ត្នខ្ពស់ មានយុទ្ធសាស្ត្រអភវិឌ្ឍជាក់លាក់ និងមានយន្តការស្ថាប័នប្រាកដប្រជា។

ក្នុងន័យនេះ ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានស្នើឲ្យក្រសួងទេសចរណ៍ជំរុញការរៀបចំផែនការមេ សម្រាប់អភិវឌ្ឍទេសចរណ៍តំបន់ឆ្នេរសមុទ្រកម្ពុជា ឆ្ពោះទៅឆ្នាំ២០៣០ និងបញ្ចប់ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តកែប ឆ្នាំ២០២០-២០៣៥ ដើម្បីធានានូវកិត្យានុភាព «ឆ្នេរសមុទ្រកម្ពុជា ជាឆ្នេរសមុទ្រដែលស្អាតជាងគេបំផុតលើសកលលោក»

លើសពីនេះ ក្រសួងទេសចរណ៍ត្រូវខិតខំបញ្ចប់ផែនការមេអភិវឌ្ឍទេសចរណ៍ខេត្តមណ្ឌលគិរី សំដៅចូលរួមការពារអភិរក្សសម្បត្តិ ធម្មជាតិ វប្បធម៌ ប្រពៃណីតំបន់ និងធ្វើឲ្យប្រជាជននៅសហគមន៍មូលដ្ឋានមានមុខរបរ មានការងារធ្វើ និងទទួលផលពីសកម្មភាពទេសចរណ៍ទាំងឡាយ។

* ទី៣៖ ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានអំពាវនាវក្រសួង-ស្ថាប័នពាក់ព័ន្ធ វិស័យឯកជន និងប្រជាពលរដ្ឋទាំងអស់ចូលរួមលើកកម្ពស់ចលនាទេសចរណ៍ក្នុងស្រុក ដោយផ្សារភ្ជាប់ជាមួយស្មារតីស្រលាញ់ជាតិតាមទិសស្លោក «ស្រលាញ់ជាតិ ត្រូវស្គាល់ទឹកដី»។ ដើម្បីជំរុញឱ្យចលនានេះក្លាយទៅជាចលករក្នុងវិស័យទេសចរណ៍ ក្រសួងទេសចរណ៍ត្រូវរៀបចំផែនការយុទ្ធសាស្ត្រជំរុញទេសចរណ៍ក្នុងស្រុក ឆ្នាំ២០២០-២០៣០។

* ទី៤៖ ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានស្នើឲ្យស្ថាប័នពាក់ព័ន្ធ វិស័យឯកជន ប្រជាពលរដ្ឋ និងដៃគូអភិវឌ្ឍន៍ចាប់យកកាលានុវត្តភាពនៃឧស្សាហកម្មជំនាន់ទី៤ សម្រាប់ធុរកិច្ចក្នុងវិស័យទេសចរណ៍។

ទន្ទឹមនេះ ក្រសួងទេសចរណ៍ត្រូវសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដាក់ចេញផែនការយុទ្ធសាស្រ្តស្តីពី ការអភិវឌ្ឍវិស័យទេសចរណ៍ឌីជីថល ២០២០-២០២៣ (Digital Tourism) និងត្រូវចាប់យកនូវការអភិវឌ្ឍទីផ្សារទេសចរណ៍តាមបែបឌីជីថល (Digital Marketing) ឲ្យបានសកម្ម។

* ទី៥៖ ក្រសួងទេសចរណ៍ត្រូវដឹកនាំពង្រឹងអភិបាលកិច្ចល្អក្នុងវិស័យទេសចរណ៍ ដែលជាយន្តការទ្រទ្រង់ និងអភិវឌ្ឍទេសចរណ៍ប្រកបដោយចីរភាព។

ជាមួយគ្នានេះ ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានស្នើឲ្យក្រសួងទេសចរណ៍ និងគណៈកម្មការអភិវឌ្ឍន៍ទេសចរណ៍រាជធានី-ខេត្ត សហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ សិក្សាបង្កើតនូវវេទិការួមអចិន្ត្រៃយ៍សម្រាប់តំបន់ទេសចរណ៍អាទិភាពនីមួយៗ ដើម្បីផ្តល់លទ្ធភាពប្រមូលផ្តុំឲ្យគ្រប់ភាគីពាក់ព័ន្ធអាច «រួមគិត រួមធ្វើ និងរួមទទួលខុសត្រូវទាំងអស់គ្នា» និងត្រូវពង្រឹងរចនាសម្ពន្ធគណៈកម្មការគ្រប់គ្រងអភិវឌ្ឍន៍ទេសចរណ៍រាជធានី-ខេត្តឲ្យមានប្រសិទ្ធភាព។

ទន្ទឹមនេះ ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ក៏បានស្នើឲ្យគ្រប់សេវាករទេសចរណ៍ទាំងអស់ត្រូវមានក្រមប្រតិបត្តិ និងក្រមជំនាញវិជ្ជាជីវៈទេសចរណ៍ រីឯភ្ញៀវទេសចរក៏ត្រូវមានក្រមប្រតិបត្តិ និងក្រមសីលធម៌សម្រាប់ការធ្វើដំណើរកម្សាន្តមកកម្ពុជាផងដែរ។

ហេតុនេះ ក្រសួងទេសចរណ៍ត្រូវសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ខិតខំរៀបចំក្រមប្រតិបត្តិក្រមវិជ្ជាជីវៈ និងបង្កើនការបញ្ជ្រាបការយល់ដឹងជាសាធារណៈ ការអប់រំពីអ្វីគួរធ្វើ និងអ្វីមិនគួរធ្វើ (Dos & Don’ts) ដល់ភ្ញៀវទេសចរឲ្យបានច្រើនថែមទៀត៕