ព្រឹកថ្ងៃនេះសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញស្រោចស្រពព្រះសុគន្ធវារី ប្រគេនសម្តេចព្រះសង្ឃនាយករង៣ព្រះអង្គ


(ភ្នំពេញ)៖ នៅថ្ងៃសុក្រ ៦កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញស្រោចស្រពព្រះសុគន្ធវារី ប្រគេនសម្តេចព្រះនាយករង៣ព្រះអង្គ ដែលព្រះមហាក្សត្រទើបត្រាស់បង្គាប់តែងតាំងថ្មី។

ពិធីស្រោចស្រពព្រះសុគន្ធវារី ត្រូវប្រារព្ធធ្វើឡើងនៅវត្តមុនីសុវណ្ណ ហៅវត្តចំពុះក្អែក។ សម្តេចព្រះសង្ឃនាយករងទាំង៣ព្រះអង្គ ដែលនឹងត្រូវនឹងស្រោចស្រពព្រះសុគន្ធវារី នៅថ្ងៃនេះរួមមាន៖ សម្តេចព្រះពោធិវ័ង្ស អំ លីមហេង សម្តេចព្រះសង្ឃនាយករងទី១, សម្តេចព្រះវ័នរ័ត ណយ ច្រឹក សម្តេចព្រះសង្ឃនាយករងទី២ និងសម្តេចព្រះឧត្តមវង្សា មួង រ៉ា សម្តេចព្រះសង្ឃនាយករងទី៣។

សូមបញ្ជាក់ថា សម្តេចព្រះសង្ឃទាំង៣ព្រះអង្គ ត្រូវបានព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ត្រាស់បង្គាប់តម្លើង និងតែងតាំងជាសម្តេចព្រះសង្ឃនាយករងទី១, ទី២ និងទី៣ កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០កន្លងទៅនេះ។

ពិធីស្រោចស្រពសុគន្ធវារីនេះ ជាទំនៀមទម្លាប់ប្រពៃណីបរមបុរាណខ្មែរតាមបែបព្រះពុទ្ធសាសនាមួយក្នុងចំណោមទំនៀមទម្លាប់ប្រពៃណីបរមបុរាណខ្មែរជាច្រើនទៀត ដែលបុព្វបុរសខ្មែរបានបន្សល់ទុកមកឲ្យកូនចៅជំនាន់ក្រោយដើម្បីបន្តវេនពីពួកគាត់តទៅទៀត។ ទំនៀមទម្លាប់នេះ មានដើមកំណើតតាំងពីយូរលង់ណាស់មកហើយ ហើយនៅបន្តប្រតិបត្តិរហូតមកដល់សព្វថ្ងៃនេះ។

+ ព្រះប្រវត្តិរូបសម្តេចព្រះសង្ឃនាយករងទាំង៣ព្រះអង្គ

– សម្តេចព្រះពោធិវ័ង្ស អំ លីមហេង៖ សម្តេចព្រះពោធិវ័ង្ស អំ លីមហេង ព្រះចៅអធិការវត្តមុនីសុវណ្ណ ហៅវត្តចំពុះក្អែក បានប្រសូតនៅថ្ងៃព្រហស្បតិ៍ ១១រោច ខែអស្សុជ ឆ្នាំម្សាញ់ ព.ស ២៥០៨ ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ១៩៦៥ នៅភូមិរកាកោង ឃុំរកាកោង១ ស្រុកមុខកំពូល ខេត្តកណ្តាល។ មាតានាម ទន់ ជាវលី, បិតានាម អំ សុខ។ មាតាបិតារបស់សម្តេច គឺជាត្រកូលកសិករសុទ្ធសាធ ហើយជាគ្រួសារមួយប្រកបដោយសម្មាទិដ្ឋិ បានជាទីនិយមរាប់អានរបស់មនុស្សទូទៅនៅក្នុងភូមិស្រុក។

សម្តេច អំ លីមហេង មានបងប្អូនបង្កើតចំនួន០៧នាក់ គឺប្រុស ០៣នាក់ និងស្រី ០៤នាក់ ក្នុងនោះសម្តេចជាបុត្រទី៣នៅក្នុងគ្រួសារ។

ក្រោយពីប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នៅឆ្នាំ១៩៨៧ (និទ្ទេសល្អ) បាន៧ថ្ងៃ ដោយមានសទ្ធាជ្រះថ្លាស្រឡាញ់ពេញចិត្តសាងផ្នួស បានសម្រេចចិត្តសុំការអនុញ្ញាតពីមាតាបិតា ដើម្បីទៅបំពេញឧបសម្បទាជាភិក្ខុភាវៈក្នុងសំណាក់ព្រះអរិយមគ្គញ្ញាណ ព្រះនាម អន ហ៉ឹម ជាព្រះឧបជ្ឈាយ៍ក្នុងពុទ្ធសីមាវត្តជ្រោយអំពិល ឃុំក្បាលកោះ ស្រុកកៀនស្វាយ ខេត្តកណ្តាល នៅថ្ងៃសុក្រ ១៥កើត ខែអាសាឍ ឆ្នាំថោះ ព.ស ២៥៣១ ត្រូវនឹងថ្ងៃទី១០ ខែកក្កថា ឆ្នាំ១៩៨៧ ដោយទទួលបានព្រះនាមបញ្ញត្តិថា «សង្គហត្ថេរោ»។

លុះក្រោយមកព្រះភិក្ខុ អំ លីមហេង ក៏បាននិមន្តមកគង់នៅ វត្តមុនីសុវណ្ណ ហៅចំពុះក្អែក រហូតដល់សព្វថ្ងៃដែលគ្រប់គ្រងដឹកនាំដោយព្រះចៅអធិការ ព្រះនាម កែ យ៉ាន់។ បន្ទាប់ពីបាននិមន្តគង់នៅវត្តថ្មីមក ព្រះភិក្ខ អំ លីមហេង បានយកព្រះទ័យទុកដាក់ ខិតខំប្រឹងប្រែងព្យាយាមរៀនសូត្រធម៌ និងព្រះវិន័យទាំងផ្នែកគន្ថធុរៈ និងវិបស្សនាធុរៈ ក្នុងសំណាក់ព្រះគ្រូធម្មាចារ្យ សេង ហេង បានយ៉ាងល្អប្រសើរ និងបានទទួលការកោតសរសើរយ៉ាងខ្លាំងពីសំណាក់ព្រះឧបជ្ឈាយ៍ និងព្រះគ្រូរបស់ព្រះអង្គផ្ទាល់។

ព្រះអង្គត្រូវបានតែងតាំងជាព្រះចៅអធិការវត្តចំពុះក្អែក នៅឆ្នាំ២០០៣។ ចាប់តាំងពីបាននិមន្តមកគង្គនៅវត្តចំពុះក្អែក សម្តេច អំ លីមហេង ក្រៅពីការប្រឹងប្រែងសិក្សារៀនសូត្រ ព្រះបានប្រឹងប្រែងជួយកសាងសមិទ្ធផលជាច្រើនក្នុងវត្ត ព្រមទាំងសមិទ្ធផលនៅទីតាមអារាមដទៃ និងកិច្ចការក្នុងវិស័យព្រះពុទ្ធសាសនាជាច្រើនទៀត។ដោយសារតែស្នាព្រះហស្ថជាច្រើនក្នុងវិស័យព្រះពុទ្ធសាសនា សម្តេច អំ លីមហេង ទទួលបានការតែងតាំងតួនាទី ឋានៈ និងភារកិច្ចនៅក្នុងគណៈសង្ឃជាបន្តបន្ទាប់ រហូតត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំងជាសម្តេចព្រះសង្ឃនាយករងទី១ នៃព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០។

ក្រៅពីការកសាងសមិទ្ធផលនានានៅក្នុងវិស័យព្រះពុទ្ធសាសនា សម្តេច អំ លីមហេង ក៏បានចូលរួមកសាងសមិទ្ធផលជាច្រើនក្នុងវិស័យអាណាចក្រ និងធ្វើព្រះសកម្មភាពមនុស្សធម៌ជាច្រើនផងដែរ។ តាមរយៈស្នាព្រះហស្ថទាំងនេះ ព្រះអង្គត្រូវបានព្រះមហាក្សត្រសព្វព្រះទ័យប្រគេននូវគ្រឿងឥស្សរិយយសជាច្រើន។ នៅឆ្នាំ១៩៩៨ ព្រះអង្គទទួលបានមេដាយស្ថាបនាជាតិថ្នាក់លេខ១ (មេដាយមាស), ឆ្នាំ២០០១ មេដាយសុវត្ថារា ថ្នាក់ធិបឌិន, ឆ្នាំ២០០៥ មេដាយស្ថាបនាជាតិ ថ្នាក់អស្សឫទ្ធិ, ឆ្នាំ២០០៦ មេដាយមុនីសារាភ័ណ្ឌ ថ្នាក់មហាសេនា, ឆ្នាំ២០១១ មេដាយជាតូបការ។ នៅឆ្នាំ២០១២ សម្តេច អំ លីមហេង ត្រូវបានរដ្ឋាភិបាលមីយ៉ាន់ម៉ា សម្រេចប្រគេនគោរមងាជា «សទ្ធម្មជោតិកធជៈ»។
– សម្តេចព្រះវ័នរ័ត ណយ ច្រឹក៖ សម្តេចព្រះវនរ័ត ណយ ច្រឹក ព្រះចៅអធិការវង្តច័ន្ទបុរីវង្ស ប្រសូតនៅថ្ងៃសុក្រ ១១កើត ខែមាឃ ឆ្នាំថោះ ត្រូវនឹងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ១៩៥០។ បិតានាម ណយ យឺន មាតានាម ចឹក ផូ។ សម្តេចព្រះវនរ័ត ណយ ច្រឹក មានបងប្អូនបង្កើតចំនួន៧នាក់ ប្រុស ៤នាក់ ស្រី ៣នាក់។ សម្តេចជាកូនទី២។

ស្ថិតក្នុងវ័យសិក្សា កុមារ ណយ ច្រឹក ត្រូវបានមាតាបិតាបញ្ជូនឱ្យទៅសិក្សាអក្សរសាស្ត្រលេខនព្វន្តនៅសាលាបឋមសិក្សាវត្តគ្រួស ឃុំសំរោង ស្រុកពញាឮ ខេត្តកណ្តាល។ ដោយឃើញគ្រួសារក្រលំបាក ព្រះគ្រូឥន្ទបញ្ញោ ទែន ជួន ព្រះចៅអធិការវត្តទេពរង្សី ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាល បានសុំកុមារ ណយ ច្រឹក ពីមាតាបិតា យកទៅចិញ្ចឹមថែរក្សា។

កុមារ ណយ ច្រឹក បានបួសជាសាមណេរនៅឆ្នាំ១៩៦៥ ហើយក៏បានបួសរៀនក្រោមម្លប់ព្រះធម៌រហូតដល់ឆ្នាំ១៩៧៥ ពេលដែលប៉ុលពតវាយកាន់កាប់ប្រទេស ក៏បានបង្ខំឱ្យសាមណេរ ណយ ច្រក លាចាកសិក្ខាបទ (សឹក) ផងដែរ។

ក្រោយពេលរបបប្រល័យពូជសាសន៍ត្រូវបានវាយដួលរលំនៅថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩ហើយនោះ អន្ទិត ណយ ច្រឹក ក៏បានវិលមកច្រកក្រោមម្លប់ព្រះធម៌វិញ ដោយបួសជាព្រះភិក្ខុនៅឆ្នាំ១៩៨៦ និងបានគង់នៅវត្តច័ន្ទបុរីវង្ស ឃុំសំរោង ស្រុកពញាឮ ខេត្តកណ្តាល មកដល់ពេលបច្ចុប្បន្ន។

ដោយមានការយល់ដឹងស៊ីជម្រៅទាំងផ្លូវលោក និងផ្លូវធម៌នោះ សម្តេចព្រះវនរ័ត ណយ ច្រឹក បានបំពេញកាតព្វកិច្ចចូលរួមលើកស្ទួយវិស័យព្រះពុទ្ធសាសនាយ៉ាងពេញសមត្ថភាព រហូតទទួលបានតួនាទី និងភារកិច្ចផ្នែកពុទ្ធិកសិក្សា ព្រមទាំងការងារពុទ្ធសាសនាជាជាច្រើន។ រហូតដល់ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ ត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំងជាសម្តេចព្រះសង្ឃនាយករងទី២ នៃព្រះរាជាណាចក្រកម្ពុជា។

ដោយមានស្នាព្រះហស្ថចូលរួមសហការ និងខិតខំព្យាយាមយ៉ាងមុតមាំក្នុងភារកិច្ចវិស័យព្រះពុទ្ធសាសនាឱ្យមានដំណើរការល្អប្រសើរនោះ សម្តេចព្រះវនរ័ត ណយ ច្រឹក ទទួលបានតួនាទីគោរមងារ និងសមណស័ក្តិជាបន្តបន្ទាប់ផងដែរ។ ឆ្នាំ១៩៩៩ ត្រូវបានតែងតាំងជា ព្រះទេពសត្ថា ព្រះរាជាគណៈថ្នាក់ចត្វា, ឆ្នាំ២០០២ ត្រូវបានតែងតាំងជា ព្រះសុមេធវង្ស ព្រះរាជាគណៈថ្នាក់ត្រី, ឆ្នាំ២០០៤ ត្រូវបានតែងតាំងជា ព្រះឃោសធម្ម ព្រះរាជាគណៈថ្នាក់ទោ, ឆ្នាំ២០០៦ ត្រូវបានតែងតាំងជា សម្តេចព្រះវនរ័ត ព្រះរាជាគណៈថ្នាក់ឯក, ឆ្នាំ២០១២ ទទួលងារជាកិត្តិបណ្ឌិតផ្នែកព្រះពុទ្ធសាសនា, ឆ្នាំ២០១៥ ទទួលងារជា សទ្ធម្មជោតិកធជ ពីសហភាពមីយ៉ាន់ម៉ា និងឆ្នាំ២០១៥ ទទួលបានព្រះនាមាភិធេយ្យកិត្តិយសជា ព្រះឧត្តមមហាវិរិយធម្មគរុកោសល។

– សម្តេចព្រះឧត្តមវង្សា មួង រ៉ា៖ សម្តេចព្រះឧត្តមវង្សា មួង រ៉ា ព្រះអគ្គាធិការរងនៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ និងជាព្រះចៅអធិការវត្តមុនីប្រសិទ្ធិវង្ស ប្រសូតនៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ១៩៦២ នៅភូមិឡកំបោរ ឃុំព្រែកព្នៅ ស្រុកពញាឮ ខេត្តកណ្តាល។ មានបិតានាម មួង ជូរ, មានតានាម ហែម ឡៃ។ សម្តេច មួង រ៉ា មានបងប្អូន ៤នាក់, ប្រុស ៣នាក់ ស្រី ១នាក់។ សម្តេចជាកូនទី៣។

កាលនៅជាយុវជននៅក្នុងឆ្នាំ១៩៧៧ ដោយមិនពេញចិត្តនឹងរបបប្រល័យពូជសាសន៍ យុវជន មួង រ៉ា បានចាកចោលក្រុមគ្រួសារ ហើយទៅចូលរួមជាមួយប្រជាជននៅភូមិភាគបូព៌ា និងឥស្សរជនស្នេហាជាតិផ្សេងទៀត ដើម្បីតស៊ូរំដោះជាតិពីរបបប្រល័យពូជសាសន៍។ នៅឆ្នាំ១៩៧៨ យុវជនរូបនេះ បានទៅចូលរួមជាមួយកងកម្លាំងរណសិរ្សសាមគ្គីសង្គ្រោះជាតិ ដើម្បីវាយផ្តួលរំលំរបបប្រល័យពូជសាសន៍។

ក្រោយពេលរបបប្រល័យពូជសាសន៍ត្រូវបានវាយផ្តួលរំលំហើយនោះ លុះដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ១៩៧៩ យុវជន មួង រ៉ា បានសម្រេចចិត្តសាងព្រះផ្នួស។ បន្ទាប់ពីសាងព្រះផ្នួស ព្រះភិក្ខុ មួង រ៉ា បានចូលរួមសិក្សារៀនសូត្រ និងប្រឹងប្រែងរួមចំណែកលើកស្ទួយស្រោចស្រង់វិស័យព្រះពុទ្ធសាសនាឡើងវិញ បន្ទាប់ពីត្រូវរបបប្រល័យពូជសាសន៍បំភ្លេចបំផ្លាញគ្មានសល់នោះ។

នៅឆ្នាំ១៩៩០ សម្តេចព្រះឧត្តមវង្ស មួង រ៉ា បាននិមន្តទៅគង់នៅវត្តមុនីប្រសិទ្ធវង្ស និងបានរៀបចំកសាងទីវត្តអារាមឡើងវិញជាមួយប្រជាពុទ្ធបរិស័ទ។ នៅឆ្នាំ១៩៩១ សម្តេច មួង រ៉ា ត្រូវបានទទួលការតែងតាំជាព្រះចៅអធិការវត្តមុនីប្រសិទ្ធិវង្ស។ ក្នុងតួនាទីជាព្រះចៅអធិការព្រះអង្គ បានដឹកនាំកសាងទីវត្តអារាម រហូតវត្តនេះក្លាយជាទីអារាមមួយមានសោភណភាពល្អប្រពៃ មានសាលាឆាន់ សាលាធម្មសភា សាលារៀន ព្រះវិហារ កុដិ និងមហាកុដិ បានរីកដុះដាលស្កឹមស្កៃ ដើម្បីជាទីសក្ការៈបូជាសម្រាប់ពុទ្ធបរិស័ទ និងព្រះសង្ឃគង់នៅសិក្សារៀនសូត្រធម៌អាថ៌។

ដោយមើលឃើញពីគុណសម្បត្តិ និងស្នាព្រះហស្ថរបស់សម្តេចនោះ នៅឆ្នាំ១៩៩៤ សម្តេចទទួលបានការតែងតាំងជា ព្រះសមុហ៍អនុគណស្រុកពញាឮ ខេត្តកណ្តាល។ ឆ្នាំ១៩៩៧ ត្រូវបានតែងតាំងជា ព្រះធម្មធរអនុគណស្រុកពញាឮ ខេត្តកណ្តាល។

ឆ្នាំ១៩៩៩ សម្តេចទទួលបានគោរមងារជា ព្រះសសនរង្សី ព្រះរាជាគណៈកិត្តិយស ទីប្រឹក្សាសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស នៃគណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា។ នៅក្នុងឆ្នាំដដែលនោះ ដោយសម្តេចមានតម្រិះវិជ្ជា និងភាសាបាលីជ្រៅជ្រះ សម្តេចត្រូវបានតែងតាំងជាព្រះឧបជ្ឈាយ៍ សម្រាប់បំបួសកុលបុត្រ។

នៅឆ្នាំ២០០១ សម្តេច បានទទួលគោរមងារជា ព្រះវិន័យសំវរ ព្រះរាជាគណៈថ្នាក់ចត្វា។ ក្នុងឆ្នាំ២០០១ដដែលនោះ ដោយសម្តេចមានស្នាដៃល្អ ក្នុងការបំពេញការងារ សម្តេចត្រូវបានតែងតាំងជានាយកប្រតិបត្តិ អភិបាលកិច្ចសង្ឃទូទាំងប្រទេស ដែលមានតួនាទីភារកិច្ចដោះស្រាយរាល់បញ្ហាអធិករណ៍នានា ដែលកើតមានឡើងទូទាំងប្រទេសកម្ពុជា។ ក្នុងឆ្នាំ២០០១នោះដែរ សម្តេចក៏ត្រូវបានតែងតាំងជាព្រះធម្មធរគណស្រុកពញាឮ ខេត្តកណ្តាល។

នៅឆ្នាំ២០១០ មកដល់ពេលបច្ចុប្បន្ន សម្តេច មួង រ៉ា ត្រូវបានតែងតាំងជា ព្រះលេខាធិការ ដល់ពេលបច្ចុប្បន្ន សម្តេច មួង រ៉ា ត្រូវបានតែងតាំងជាព្រះលេខាធិការថេរសភានៃព្រះពុទ្ធសាសនា នៃព្រះរាជាណាចក្រកម្ពុជា និងជាឧត្តមទីប្រឹក្សាផ្ទាល់ សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា និងជាពុទ្ធសាសនូបត្ថម្ភទទួលបន្ទុកផ្នែកក្រុមប្រឹក្សាព្រះវិន័យពុទ្ធសាសនា និងរដ្ឋបាល។

នៅឆ្នាំ២០១៩ សម្តេច មួង រ៉ា តំណាងឱ្យព្រះសង្ឃខ្មែរ បានដឹកនាំដង្ហែរគណៈធម្មយាត្រាឆ្ពោះទៅកាន់ដែនដីប្រទេសទាំង៥ ចាប់ផ្តើមនិមន្តចេញដំណើរពីប្រទេសកម្ពុជា ទៅប្រទេសថៃ មីយ៉ាន់ម៉ា ឡាវ និងវៀតណាម។ ឆ្នាំ២០២០ សម្តេច ទទួលបានការតែងតាំងព្រះឋានៈ ជាសម្តេចព្រះសង្ឃនាយករងទី៣ នៃគណៈសង្ឃនាយកនៅព្រះរាជាណាចក្រកម្ពុជា។

ក្រៅពីកិច្ចការផ្នែកព្រះពុទ្ធសាសនា សម្តេចព្រះឧត្តមវង្ស កិត្តិបណ្ឌិត មួង រ៉ា ជាស្ថាបត្យករដ៏ចំណានមួយអង្គ ប្រកបដោយទេពកោសល្យច្នៃប្រឌិតខ្ពស់។ ជាក់ស្តែងសមិទ្ធផលនានា ដែលបាននិងកំពុងសាងសង់ ដ៏ស្កឹមស្កៃ នៅក្នុងវត្តមុនីប្រសិទ្ធិវង្សនេះ ជាស្នាដៃច្នៃប្រឌិត ដោយព្រះអង្គផ្ទាល់៕