មន្ដ្រីជាន់ខ្ពស់សុខាភិបាល អំពាវនាវដល់ប្រជាពលរដ្ឋកុំធ្វេសប្រហែស ចូលរួមលុបបំបាត់ជម្រកមូសគ្រប់ប្រភេទ ដែលជាភ្នាក់ងារចម្លងជំងឺគ្រោះថ្នាក់ដល់ជីវិត


លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានថ្លែងអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូប ត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះសុខភាព ត្រូវចេះអនាម័យ រស់នៅស្អាត ហូបស្អាត ជាពិសេសចូលរួមលុបបំបាត់ជម្រកមូសគ្រប់ប្រភេទ ដែលជាភ្នាក់ងារចម្លងជំងឺផ្សេងៗ ដែលបណ្ដាលឱ្យគ្រោះថ្នាក់ដល់សុខភាព។

ជាក់ស្ដែង មូសខ្លា ជាភ្នាក់ងារចម្លងជំងឺគ្រុនឈាម ហើយមូសដែកគោល ជាភ្នាក់ងារចម្លងជំងឺគ្រុនចាញ់ បើព្យាបាលមិនទាន់ពេលវេលា និងមិនបានត្រឹមត្រូវ នឹងបណ្ដាលឱ្យគ្រោះថ្នាក់ដល់ជីវិត។ ក្រៅពីជំងឺទាំងនេះ មូស ក៏ជាភ្នាក់ងារ ដែលបង្កឱ្យកើតជំងឺគ្រុនលឿង, រលាកខួរក្បាល, Zika និងជំងឺផ្សេងៗទៀតព្រោះយើងមិនអាចដឹងទេថា នឹងមានជំងឺអ្វីខ្លះ ដែលអាចឆ្លងតាមរយៈសត្វមូសនោះ។

ការថ្លែងបែបនេះរបស់លោកជំទាវ ឱ វណ្ណឌីន ក្នុងឱកាសបិទសន្និបាតបូកសរុបលទ្ធផលការងារក្នុងឆ្នាំ២០១៩ និងលើកទិសដៅការងារក្នុងឆ្នាំ២០២០ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០។

លោកជំទាវរដ្ឋលេខាធិការ បានថ្លែងបន្ដថា «សូមកុំពឹងផ្អែកទៅលើតែការបាញ់ថ្នាំមូស ពីព្រោះការបាញ់ថ្នាំមូសនេះ វាអាចសម្លាប់មូសបាន ក្នុងរយៈពេលមួយដ៏ខ្លីតែប៉ុណ្ណោះ ប្រសិនបើយើង បាញ់ថ្នាំមូសតែនៅផ្ទះយើង នោះមូសនឹងងាប់អស់ហើយ តែពីរ ទៅបីថ្ងៃ ឬទៅថ្ងៃខាងមុខ នោះមូសផ្សេងៗនៅផ្ទះក្បែរខាងយើង នឹងចូលមកផ្ទះយើងហើយ»

លើសពីនោះ «តើយើងចង់បាញ់ដល់ថ្ងៃណាបានអស់ គឺមិនអស់នោះទេ ហើយយើងក៏មិនអាចទៅបាញ់ថ្នាំមូសនោះនៅទូទាំងកម្ពុជាផងដែរ ព្រោះការបាញ់ថ្នាំមូសញឹកញាប់ វានឹងធ្វើឱ្យមូសនោះសាំថ្នាំ ខណៈថ្នាំមូសមានតែពីរ ទៅបីប្រភេទ ដូច្នេះវាគ្រោះថ្នាក់សម្រាប់យើង បើមានការរាតត្បាតខ្លាំង យើងមិនអាចសម្លាប់សត្វមូសនេះទេ ដែលជាបញ្ហាគ្រោះថ្នាក់មួយ ដែលយើងទាំងអស់គ្នាត្រូវតែចូលរួម»

លោកជំទាវ ឱ វណ្ណឌីន បញ្ជក់ថា ដូច្នេះហើយបានជាក្រសួងសុខាភិបាល និងមជ្ឈមណ្ឌលប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្រ្ដ និងបាណកសាស្ដ្រ មុននឹងបាញ់ គឺមានផែនការការងារច្បាស់លាស់ ក្នុងករណីមានការរាតត្បាតខ្លាំង ទើបចាត់វិធានការកាត់ផ្ដាច់ភា្នក់ងារចម្លងនេះ។

ប្រសិនបើផ្ទះនីមួយៗអនុវត្ដបានអនាម័យបានល្អ យើងនឹងកាត់បន្ថយបាននូវការកើតឡើងនៅប្រភពសត្វមូសគ្រប់ប្រភេទ, លើសពីនោះ សម្រាប់ប្រជាពលរដ្ឋយើងបើចូលព្រៃ ត្រូវគេងក្នុងមុងជ្រលក់ថ្នាំដើម្បីចៀសវាងនូវកើតជំងឺគ្រុនចាញ់។

គួរបញ្ជាក់ថា ចំពោះជំងឺគ្រុនឈាមឆ្នាំ២០១៩ គឺជាឆ្នាំដែលជំងឺគ្រុនឈាមរាតត្បាតទូទាំងសកលលោក ពិសេសតំបន់អាស៊ីប៉ាស៊ីហ្វិក រាប់ទាំងប្រទេសកម្ពុជាផងដែរ ដែលមានចំនួនករណីស្លាប់សរុប ៤៨នាក់ ករណីឈឺសរុប ៦៨,៥៩៧ករណី គឺប្រហែល៣ដងច្រើនជាងឆ្នាំ២០១៨ ដែលមានករណីឈឺត្រឹម ២៤,៦៨៤ករណីតែប៉ុណ្ណោះ។

ដោយឡែក ករណីជំងឺគ្រុនចាញ់ក្នុងឆ្នាំ២០១៩ មាន ៣១,៩៧១ករណី គឺមានការថយចុះ ៤៩% បើបៀបធៀបទៅនឹងឆ្នាំ២០១៨ ពិសេសប្រភេទជំងឺគ្រុនចាញ់សន្ធំ (Plasmodium Falciparum) និងចំរុះមានតែ ៤,៩៩០ករណី គឺថយចុះយ៉ាងកំហុក ៧២% ។ករណីស្លាប់ដោយជំងឺគ្រុនចាញ់ គឺសូន្យតាំងពីឆ្នាំ២០១៨ មក បានន័យថា សម្រេចបានជោគជ័យនូវសូចនាករអត្រាស្លាប់៣ឆ្នាំ មុនគោលដៅឆ្នាំ២០២០៕