ឯកឧត្តមទេសរដ្ឋមន្ត្រី មាស សុភា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីវេទិការសាធារណៈរបស់ក្រុមការងារថ្នាក់ជាតិចុះមួលដ្ឋានខេត្តព្រះវិហារ


ខេត្តព្រះវិហារ៖នៅថ្ងៃទី ២៧ ខែ កុម្ភៈ ឆ្នាំ ២០២០ ឯកឧត្តម មាស សុភា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ខេត្តព្រះវិហារ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីវេទិការសាធារណៈរបស់ក្រុមការងារថ្នាក់ជាតិចុះមួលដ្ឋានខេត្តព្រះវិហារនៅវត្តសំវរៈសិលា (ហៅវត្តបាក់កាំ) ឋិតនៅក្នុងភូមិបាក់កាំ ឃុំឈានមុខ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ដោយមានការចូលរួមពីឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ ឯកឧត្តម លោកជំទាវ សមាជិកក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តខេត្តព្រះវិហារ អភិបាលរងខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត មន្ត្រីរាជការនិងប្រជាពលរដ្ឋ សរុបចំនួន៣២៥ នាក់ ស្រី ១១២ នាក់ ។

មានប្រសាសន៍ក្នុងឱកាសនោះដែរឯកឧត្តម មាស សុភា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តព្រះវិហារ បានជម្រាបពីគោលបំណងសំខាន់នៃការរៀបចំឲ្យមាននូវវេទិការសាធារណៈនេះឡើងគឺដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់ កាលទី៤ ក៏ដូចកម្មវិធីកំណែទម្រង់នានារបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់នីតិកាលទី៦ នៃរដ្ឋសភា ជាពិសេសដើម្បីជួបជាមួយប្រជាពលរដ្ឋ និងស្តាប់នូវបញ្ហាប្រឈម សំណូមពរ និងបញ្ហានានានៅមូលដ្ឋាន។

ឯកឧត្តមទេសរដ្ឋមន្រ្តីបានបន្ថែមថា ៖ដើម្បីគាំទ្រ និងរួមចំណែកជម្រុញការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់ការទី៤ ផែន ការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ គោលនយោបាយ និងកម្មវិធីកំណែទម្រង់នានារបស់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់នីតិកាលទី៦ នៃរដ្ឋសភា រាជរដ្ឋាភិ បាលបានសម្រេចបន្តចាត់តាំងក្រុមការងារថ្នាក់ជាតិដើម្បីចុះបេសកកម្មតាមមូលដ្ឋានរាជធានី -ខេត្ត ក្រុង ស្រុក ខណ្ឌ សំដៅបន្តអនុវត្តកម្មវិធីនយោបាយប្រកបដោយប្រសិទ្ធភាពនៅគ្រប់មូលដ្ឋាននៅទូទាំងប្រទេស។ហើយឯឧត្តមទេសរដ្ឋមន្រ្តីបានបន្តថា ក្រុមការងារ ថ្នាក់ជាតិមានតួនាទីលើកកម្ពស់ការដឹកនាំសម្របសម្រួលគាំទ្រដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការលើកកម្ពស់ការផ្តល់សេវា ការអភិវឌ្ឍន៍មូលដ្ឋាន ការដោះ ស្រាយបញ្ហានានាដើម្បីប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។

លើសពីនេះទៅទៀត ឯកឧត្តមទេសរដ្ឋមន្រ្តី បានសំណូមពរឲ្យប្រជាពលរដ្ឋត្រូវចូលរួមជាមតិយោ បល់ និងលើកឡើងបញ្ហាប្រឈម សំណូមពរ ដើម្បីឲ្យគណៈអធិបតីឡើងបកស្រាយចម្ងល់នានាក៏ដូចជាស្វែងរកដំណោះស្រាយទាំងអស់គ្នាក្នុងឱកាសដ៏មានសារសំខាន់ជូនបងប្អូនប្រជាពលរដ្ឋបានទាន់ពេលវេលា ឆ្លើយតបទៅនឹងសំណូមពរចាំបាច់នានាក្នុងមូលដ្ឋាន ជាពិសេសគឺដើម្បីឲ្យការអនុវត្តន៍គោលនយោបាយក្នុងការអភិវឌ្ឍភូមិ-ឃុំ និងគោលនយោបាយយុទ្ធសាស្ត្រចតុ កោណដំណាក់ការទី៤ និងកម្មវិធីកំណែទម្រង់វិមជ្ឍការ និងវិសហមជ្ឍការរបស់រាជរដ្ឋាភិបាលកម្ពុជាមានប្រសិទ្ធភាពខ្ពស់ ។