ប្រតិភូធនាគារជាតិកម្ពុជា ទទួលជួបតំណាងនាយកដ្ឋានរូបិយវត្ថុ ដើម្បីពិភាក្សាពីការកសាងសមត្ថភាព ក្នុងការតាមដានស្ថានភាពស្ថិរភាពហិរញ្ញវត្ថុ សម្រាប់ធនាគារជាតិនៃកម្ពុជា


លោកជំទាវ នាវ ច័ន្ទថាណា ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា បានទទួលជួបប្រជុំជាមួយលោក Clemens Bonner និងលោកស្រី Runchana Pongsaparn តំណាងនាយកដ្ឋាន រូបិយវត្ថុ និងទីផ្សារទុននៃស្ថាប័នមូលនិធិរូបិយវត្ថុអន្តរជាតិ ដើម្បីពិភាក្សាពីការកសាងសមត្ថភាពក្នុងការតាមដានស្ថានភាពស្ថិរភាពហិរញ្ញវត្ថុ សម្រាប់ធនាគារជាតិនៃកម្ពុជា។

សូមបញ្ជាក់ថា លោក Clemens Bonner ត្រូវបានស្ថាប័នមូលនិធិរូបិយវត្ថុអន្តរជាតិជ្រើសរើសជាទីប្រឹក្សាសម្រាប់ ធនាគារជាតិនៃកម្ពុជា លើផ្នែកស្ថិរភាពហិរញ្ញវត្ថុកម្ពុជា ជំនួសលោកស្រី Runchana Pongsaparn។

លោក Clemens នឹងចាប់ផ្តើមការងារក្នុងអំឡុងខែឧសភា ឆ្នាំ២០២០។ កន្លងមក មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) គឺជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់មួយក្នុងការជួយបណ្តុះបណ្តាល និងអភិវឌ្ឍធនធានមនុស្សនៅធនាគារជាតិនៃកម្ពុជា ដូចជា លើគោលនយោបាយរូបិយវត្ថុ ការត្រួតពិនិត្យធនាគារ និងការវិភាគស្ថានភាពម៉ាក្រូសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជាដើម៕