ធនាគារជាតិអាហ្វហ្គានីស្ថាន កោតសរសើរពីវឌ្ឍនភាព នៃការគ្រប់គ្រងរបស់ធនាគារជាតិ នៃកម្ពុជា


គណៈប្រតិភូធនាគារកណ្តាល នៃប្រទេសអាហ្វហ្គានីស្ថានដឹកនាំដោយ លោក Muhammad Qaseem Rahimi ទេសាភិបាលរង ធនាគារកណ្តាលអាហ្វហ្គានីស្ថាន បានកោតសរសើរពីវឌ្ឍនភាពនៃការគ្រប់គ្រងរបស់ធនាគារជាតិនៃកម្ពុជា។

ការកោតសសើរនេះធ្វើឡើង ក្នុងឱកាស ឯកឧត្តម ស៊ុ សន្និសិទ្ធ ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា អនុញ្ញាតឱ្យលោក Muhammad Qaseem Rahimi និងគណៈប្រតិភូ ចូលរួមជួបសម្តែងការគួរសមនិងពិភាក្សាការងារ។

ក្នុងនោះលោក Muhammad Qaseem Rahimi ក៏បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំធនាគារជាតិនៃកម្ពុជា ដែលបានចែករំលែកបទពិសោធន៍ល្អៗទាក់ទងនឹងការគ្រប់គ្រងទុនបម្រុង ការគ្រប់គ្រងធនធានមនុស្ស និងការកសាងគុណវុឌ្ឍិរបស់មន្ត្រីនៃធនាគារជាតិនៃកម្ពុជា។

ទន្ទឹមនេះធនាគារជាតិនៃកម្ពុជា ក៏បានរៀបចំកិច្ចពិភាក្សាចែករំលែកបទពិសោធន៍អំពីការងារគ្រប់គ្រង ទុនបម្រុងជូនគណៈប្រតិភូនៃធនាគារកណ្តាលប្រទេសអាហ្វហ្គានីស្ថាន ដែលផ្តោតលើ៖

*ទី១ ៖ រចនាសម្ព័ន្ធគ្រប់គ្រងការវិនិយោគទុនបម្រុង
*ទី២ ៖ ប្រតិបត្តិការការរងារគ្រប់គ្រងទុនបម្រុង និងបញ្ហាប្រឈម
*ទី៣ ៖ ការគ្រប់គ្រងហានិភ័យវិនិយោគ
*ទី៤ ៖ ការគ្រប់គ្រងធនធានមនុស្ស និងការកសាងគុណវុឌ្ឍិមន្ត្រីគ្រប់គ្រងទុនបម្រុង។

សូមបញ្ជាក់ថា ទុនបម្រុងរបស់ធនាគារជាតិ នៃកម្ពុជា បានកើនឡើងជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ តាមរយៈការវិនិយោគប្រកបដោយភាពប្រុងប្រយ័ត្នខ្ពស់៕