លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ៖ សមាគមទេសចរណ៍កម្ពុជាបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍន៍ប្រទេស


លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច អនុញ្ញាតឲ្យសមាគមទេសចរណ៍កម្ពុជាចូលជួបសម្តែងការគួរសម ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី១០៩ នៃទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២០ ក្រោមប្រធានបទ“មានសន្តិភាព មានការលើកកម្ពស់សមភាពយេនឌ័រ” រសៀលច័ន្ទ ៩កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ០២ ខែមីនា ឆ្នាំ២០២០ ។

លោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា បានថ្លែងថា សមាគមត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៩៦ ក្នុងគោលបំណងធ្វើការប្រមូលផ្តុំទីភ្នាក់ងារទេសចរណ៍គ្រប់ទំហំក្នុងព្រះរាជាណាចក្រកម្ពុជា រៀបចំឲ្យក្លាយទៅជាកម្លាំងទាក់ទាញដ៏មានឥទ្ធិពលមួយដើម្បីជំរុញដល់វិស័យឧស្សាហកម្មទេសចរណ៍ឲ្យកាន់តែមានភាពរីកចម្រើនយ៉ាងឆាប់រហ័ស។ ម៉្យាងទៀតជាអ្នកកសាងអាជីវកម្មទេសចរណ៍ដែលមានការប្រកួតប្រជែងជាសកល និងធ្វើការពង្រឹងវិស័យទេសចរណ៍ក្នុងស្រុកនិងសមាគមទេសចរណ៍ដែលពាក់ព័ន្ធផងដែរ។

ជាការឆ្លើយតប លោកជំទាវកិត្តិសង្គហបណ្ឌិត ក៏បានថ្លែងនូវការកោតសរសើរចំពោះការដឹកនាំ វឌ្ឍនៈភាព និងចក្ចុវិស័យវែងឆ្ងាយរបស់សមាគម និងបានចូលរួមដោះស្រាយបញ្ហាប្រឈមនានារបស់សមាជិកភាព។ យើងទាំងអស់គ្នាអាចជួបជុំគ្នានៅពេលនេះបាន គឺដោយសារតែប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍន៍ ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។

លោកជំទាវបានបន្តទៀតថា វិស័យឯកជនគឺជាឆ្អឹងខ្នងនៃ សេដ្ឋកិច្ចជាតិ ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកការកសាង និងអភិវឌ្ឍន៍ប្រទេស ក្រោមការយកចិត្តទុក្ខដាក់ប្រមុខរាជរដ្ឋាភិបាលបានជម្រុញ សម្របសម្រួល និងលើកទឹកចិត្តគ្រប់បែបយ៉ាងក្នុងការលើកស្ទួយដល់វិស័យឯកជន ។ ចំណែកឯសមាគមក៏បានបំពេញតួនាទីភារកិច្ចបានយ៉ាងល្អ ដើម្បីអភិវឌ្ឍន៍វិស័យទេសចរណ៍ ចូលរួមផ្សព្វផ្សាយ និងទាក់ទាញដៃគូរ ក៏ដូចជាភ្ញៀវទេសចរលើសាកលលោក តាមរយៈ ការធ្វើពិព័ណ៌ទេសចរណ៍ ការបង្កើតកម្មវិធីដើម្បីស្វែងរកដៃគូរ ការទទួលរៀបចំក្រុមទស្សនកិច្ចសិក្សារបស់ប្រតិបត្តិករទេសចរណ៍មកពីទូទាំងសាកលលោក ការបង្កើតទស្សនកិច្ចសិក្សាសម្រាប់ប្រតិបត្តិករក្នុងស្រុក ការសិក្សាអំពីតំបន់ថ្មីៗដើម្បីបង្កើតផលិតផលទេសចរណ៍ប្រកបដោយភាពទាក់ទាញ បង្កើតព្រឹត្តិការណ៍នានា ដើម្បីផ្សព្វផ្សាយវប្បធម៌ និងអភិរក្សប្រពៃណី គៀងគរឲ្យប្រតិបត្តិករទេសចរណ៍ឲ្យអនុវត្តន៍កិច្ចការរបស់ខ្លួនប្រកបដោយក្រមសីលធម៌ និងវិជ្ជាជីវៈ បង្កើតវគ្គបណ្តុះបណ្តាលនានា ទាក់ទងទៅនឹងការអភិវឌ្ឍន៍ធនធានមនុស្សក្នុងវិស័យទេសចរណ៍។