អភិបាលខេត្តកំពត ជំរុញដល់ស្ថាប័នពាក់ព័ន្ធក្នុងតួនាទីខ្លួន ត្រូវយកចិត្តទុកដាក់ឲ្យបានសកម្មថែមទៀត ដើម្បីសម្រេចជោគជ័យ និងមានប្រសិទ្ធភាព


(កំពត)៖ ឯកឧត្តម ជាវ តាយ អភិបាល និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពត បានណែនាំ និងជំរុញដល់ស្ថាប័ន អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធក្នុងតួនាទី ភារកិច្ចរបស់ខ្លួន ត្រូវយកចិត្តទុកដាក់ឲ្យបានសកម្មថែមទៀត ដើម្បីសម្រេចជោគជ័យ និងមានប្រសិទ្ធភាពកាន់តែល្អប្រសើរឡើង។

ការណែនាំនិងជំរុញបែបនេះ ធ្វើឡើងខណៈឯកឧត្តមអភិបាលខេត្ត ដឹកនាំក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពតលើកទី២២ នៅសាលប្រជុំសាលាខេត្តកំពត នារសៀល ថ្ងៃទី២ ខែមីនា ឆ្នាំ២០២០ ដោយចូលរួមពីសំណាក់ លោក លោកស្រី ក្នុងជួរគណៈអភិបាលខេត្ត អភិបាលក្រុង ស្រុក ថ្នាក់ដឹកនាំមន្ទីរ អង្គភាព ជុំវិញខេត្ត គណៈបញ្ជាការកងឯកភាពនៃអង្គភាពកម្លាំងប្រដាប់អាវុធ ក្នុងភូមិសាស្ត្រខេត្តកំពត ជាច្រើនរូប។

ក្នុងកិច្ចប្រជុំ បានពិនិត្យពិភាក្សាលើរបាយការណ៍បូកសរុបលទ្ធផលការងាររបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ប្រចាំខែកុម្ភៈ ឆ្នាំ២០២០ ដែលបានឆ្លុះបញ្ចាំងឲ្យឃើញពីវឌ្ឍនភាពរីកចម្រើន ក៏ដូចបញ្ហាប្រឈមនានារបស់បណ្ដាអាជ្ញាធរក្រុង ស្រុក មន្ទីរ អង្គភាព ព្រមទាំងបណ្ដាកងឯកភាពនៃកងកម្លាំង ក្នុងភូមិសាស្ត្រខេត្តកំពត។

ឯកឧត្តមអភិបាលខេត្ត ជាវ តាយ បានលើកបញ្ជាក់ទៀតថា ដោយផ្ដើមចេញពីសភាពការណ៍ល្អប្រសើររបស់ប្រទេសជាតិ ក៏ដូចក្នុងខេត្តកំពតទាំងមូល ធ្វើឲ្យប្រជាពលរដ្ឋមានភាពកក់ក្ដៅ និងមានជំនឿទុកចិត្តលើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ជាប្រមុខ ដែលបង្កើតបាននូវកាលានុវត្តភាព ក្នុងការស្រូបទាញចំណូលផ្នែកសេដ្ឋកិច្ច ធ្វើឲ្យមានកំណើនជីវភាពរបស់ប្រជាពលរដ្ឋ តាមរយៈការកើនឡើងនូវទេសចរណ៍ជាតិ អន្តរជាតិ និងមានការអភិវឌ្ឍលើគ្រប់វិស័យនៅទូទាំងប្រទេស ជាពិសេសនៅក្នុងខេត្តកំពត ដែលជាខេត្តប្រកបដោយសក្ដានុពលយ៉ាងខ្លាំងក្លា។

ឯកឧត្តមអភិបាលខេត្ត ក៏បានវាយតម្លៃខ្ពស់ លើចំណុចខ្លាំងមួយចំនួន ដែលគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានអនុវត្តកន្លងមកយ៉ាងល្អប្រសើរ ព្រមទាំងបានលើកបង្ហាញនូវចំណុចខ្សោយ មួយចំនួន ដើម្បីរួមគ្នាធ្វើការ កែលម្អនិងដោះស្រាយឱ្យបានជាបន្ទាន់ នូវយន្តការចុះត្រួតពិនិត្យ ផ្សព្វផ្សាយ និងអនុវត្តច្បាប់ព្រមទាំងការចូលរួមសហការពីមជ្ឈដ្ឋាននានាដែលនៅមានកម្រិត។

ទន្ទឹមនេះ ឯកឧត្តមអភិបាលខេត្ត បានជំរុញឲ្យស្ថាប័ន មន្ទីរ អង្គភាពជំនាញ សមត្ថកិច្ចពាក់ព័ន្ធ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងអង្គភាពកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលចំណុះឲ្យរដ្ឋបាលខេត្តកំពត ទាំងមូល បន្តយកចិត្តទុកដាក់អនុវត្តនូវផែនការទិសដៅបន្តដែលគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានដាក់ចេញ សម្រាប់អនុវត្តដែលក្នុងនោះរួមមាន៖

*ទី១ ៖ ត្រូវរៀបចំផែនការសកម្មភាពច្បាស់លាស់ ក្នុងការចាត់តាំងអនុវត្តការបង្ការទប់ស្កាត់ និងបង្រ្កាបបទល្មើសនានា ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន
*ទី២ ៖ បន្តពង្រឹងពូនជ្រុំទំនាក់ទំនង កិច្ចសហប្រតិបត្តិការរវាងកម្លាំងសមត្ថកិច្ច និងអាជ្ញាធរជាប់ព្រំដែន ដើម្បីការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិឲ្យបានល្អប្រសើរ
*ទី៣ ៖ ពង្រឹងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ក្នុងការទទួលខុសត្រូវលើតួនាទីភារកិច្ច និងត្រៀមសម្ភារមធ្យោបាយ ដើម្បីឆ្លើយតបតម្រូវការការងារប្រចាំថ្ងៃ
*ទី៤ ៖ បន្តប្រើប្រាស់កម្លាំងសរុប វិធានការសរុប និងមធ្យោបាយសរុប ដើម្បីគ្រប់គ្រង និងដោះស្រាយសភាពការណ៍ក្នុងខេត្ត
*ទី៥ ៖ ជំរុញសកម្មភាពផ្សព្វផ្សាយ និងធ្វើវេទិកាសាធារណៈឱ្យបានទូលំទូលាយ ព្រមទាំងពង្រឹងសកម្មភាពក្រុមប្រជាការពារក្នុងការចូលរួមសហការការពារ ទប់ស្កាត់បទល្មើសក្នុងមូលដ្ឋាន
*ទី៦ ៖ បន្តយកចិត្តទុកដាក់ត្រួតពិនិត្យ និងប្រមូលទិន្នន័យ លើសកម្មភាពអនុវត្តគោលនយោបាយ ភូមិ-ឃុំមានសុវត្ថិភាព ទាំងអង្គភាព និងបុគ្គលត្រៀមលក្ខណៈក្នុងការវាយតម្លៃលទ្ធផល ប្រឡងប្រណាំងតាមលក្ខណៈវិនិច្ឆ័យរបស់ក្រសួងមហាផ្ទៃ៕