ក្រុងកំពង់ឆ្នាំង ប្រារព្ធទិវាខួបអនុស្សាវរីយ៍លើកទី១០៩ ទិវាអន្តរជាតិនារី ៨មីនា ក្រោមប្រធានបទ មានសន្តិភាព មានការលើកកម្ពស់សមភាពយេនឌ័រ


កំពង់ឆ្នាំងៈ នារសៀលថ្ងៃទី០២ ខែមីនា ឆ្នាំ២០២០ ក្រុងកំពង់ឆ្នាំងបានប្រារព្ធទិវាខួបអនុស្សាវរីយ៍លើកទី១០៩ ទិវាអន្តរជាតិនារី៨មីនា ក្រោមអធិបតីភាពលោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហា
ផ្ទៃ និង ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ក្រុងកំពង់ឆ្នាំង ដោយមានការចូលរួមពី លោកជំទាវ ឈឹម ស្រីមុំ ឈួរ ច័ន្ទឌឿន ឯកឧត្តម លោកជំទាវ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងកំពង់ឆ្នាំង លោកយិន សាវេនអភិបាលក្រុងកំពង់ឆ្នាំង មន្រ្តីរាជការជាស្រីចូលរួមសរុប១៤០នាក់។

លោកស្រីពេជ្រ ឃន អភិបាលរងក្រុងកំពង់ឆ្នាំងបានអានរបាយការណ៍វឌ្ឍនភាពដែលសម្រេចបានលទ្ធផលយ៉ាងល្អប្រសើរក្នុងឆ្នាំកន្លងមកនិងទិសដៅអនុវត្តបន្ត និង អានព្រះរាជសារសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះរាជវរមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និង សុភមង្គលក្នុងឱកាសអបអរសាទរខួបលើកទី១០៩នៃទិវាអន្តរជាតិនារី៨មីនា ឆ្នាំ២០២០។

មានប្រសាសន៍សំណេះសំណាលក្នុងឱកាសនោះលោកជំទាវ ជូ ប៊ុនអេង បានថ្លែងថាៈបងប្អូនស្រ្តីគ្រប់រូបមានតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍនៅក្នុងក្រុមគ្រួសារ និង សង្គមជាតិហើយក៏ជាឆ្អឹងខ្នងសេដ្ឋកិច្ចគ្រួសារ ដូចនេះបងប្អូនស្ត្រីទាំង
អស់ត្រូវខិតខំអភិវឌ្ឍនូវសមត្ថភាពរបស់ខ្លួន ដើមី្បចូលរួមក្នុងកិច្ចការ សង្គមជាតិ សំខាន់ឲ្យក្លាយខ្លួនជាអ្នកដឹកនាំដ៏ល្អក្នុងសង្គមជាតិកាន់តែប្រសើរឡើង និងកាន់តែមានភាពផុលផុសជាងមុនដែលកត្តាទាំងនេះហើយធ្វើឲ្យបងប្អូនស្ត្រីយើងគ្រប់រូប ត្រូវមានស្មារតីចូលរួមក្នុងការថែរក្សា ការពារសន្តិភាព ព្រមទាំងធ្វើការប្រឆាំងដាច់ខាត នូវរាល់ឧបាយកល លិ្បចបោកបញ្ឆោតរបស់ក្រុមជនណា ដែលមានមហិច្ឆិតា ក្នុងការប៉ង់ប៉ងបំផ្លាញនូវសន្តិភាព នៅ កម្ពុជា ដែលមានសម្តេចតេជោហ៊ុន សែន ជាប្រមុខរាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែង ស្វែងរកបានមកទាំងលំបាកអស់រយៈពេលជាច្រើន ឆ្នាំមកនោះ ។

លោកជំទាវ បានមានប្រសាសន៍បន្តទៀតថាៈប្រធានបទ «មានសន្តិភាព មានការលើកកម្ពស់សមភាពយេនឌ័រ» ក្នុងគោលបំណងបន្តរំលេចពីតម្លៃនៃសន្តិភាព និង ការលើកកម្ពស់សមភាពយេនឌ័រ ជាពិសេសវប្បធម៌អហិង្សា ដែលរាជរដ្ឋាភិបាលបាន នឹងកំពុងគាំទ្រជម្រុញឲ្យមានការចូលរួមពីគ្រប់ស្ថាប័ន រួមទាំងបុរសទាំងស្រ្តី ដើម្បីវឌ្ឍនភាពសង្គមឆ្ពោះទៅលើកកម្ពស់សិទ្ធិ ស្ថានភាព ជីវភាព ឋានៈ តួនាទីរបស់ស្ត្រី ក៏ដូចជាសុខុមាលភាពសង្គម ដោយធ្វើការទប់ស្កាត់ និងកាត់បន្ថយអំពើហិង្សា ព្រមទាំងដោះស្រាយជម្លោះនានាដោយសន្តិវិធី។

លោកជំទាវបានបញ្ជាក់ថាៈ កម្ពុជានាពេលបច្ចុប្បន្ននេះ បានកំពុងអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ តាំងពីទីប្រជុំជន ទៅដល់ជនបទ ទាំងផ្លូវ ទឹក ភ្លើង មណ្ឌលសុខភាព សាលារៀន ។​ល។ដែលសមិទ្ធិផលនេះស្តែងចេញមកពីកត្តាសន្តិភាព និងសន្តិសុខ នៃព្រះរាជាណាចក្រកម្ពុជាយើងផងដែរ ។ ការរក្សាបានសន្តិភាព ស្ថិរភាពនយោបាយ និងសន្តិសុខរឹងមាំ បានធានាឲ្យកម្ពុជា បន្តសម្រេចបានលទ្ធផលធំៗថ្មីៗទៀត ក្នុងដំណើរការអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារសង្គម និងកែលំអរ ជីវភាពរស់នៅរបស់ប្រជាជន ដែលធ្វើឲ្យសេដ្ឋកិច្ចកម្ពុជាបានសម្រេចកំណើនយ៉ាងឆាប់រហ័ស។​

ចុងបញ្ចប់លោកជំទាវ ជូ​ ប៊ុនអេង និងគណៈអធិបតីបានផ្តល់នូវវត្ថុអនុស្សាវរីយ៍ ជូនដល់បងប្អូននារី ដែលបានចូលរួមផងដែរ ៕