ម៉ារ៉ុក និងបារាំង អញ្ជើញកម្ពុជាចូលរួមសន្និសីទស្តីពីការថែរក្សាសន្តិភាពក្នុងតំបន់ និយាយភាសាបារាំង នៅខែមេសា


រាជរដ្ឋាភិបាលម៉ារ៉ុក និងរដ្ឋាភិបាលបារាំង បានសរសេរលិខិតរួមគ្នាមួយ ដើម្បីអញ្ជើញរាជរដ្ឋាភិបាលកម្ពុជា ដើម្បីទៅចូលរួមសន្និសីទ ស្តីពីការថែរក្សាសន្តិភាពក្នុងតំបន់ ដែលនិយាយភាសាបារាំង ដែលនឹងត្រូវប្រព្រឹត្តទៅនៅក្នុងខែមេសា ឆ្នាំ២០២០ ខាងមុខនេះ។

លិខិតអញ្ជើញនោះ ត្រូវបានប្រគល់ជូន ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិអន្តរជាតិនៃកម្ពុជា នៅព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២០នេះ តាមរយៈលោក Abdelilah EL HOUSNI ឯកអគ្គរាជទូតម៉ារ៉ុកប្រចាំកម្ពុជា មាននិវេសនដ្ឋាននៅទីក្រុងបាងកក ប្រទេសថៃ។

ឯកឧត្តម ណី សំអុល អគ្គនាយកនៃអគ្គនាយកដ្ឋានអឺរ៉ុប អាមេរិក និងអាហ្វ្រិក-មជ្ឈឹមបូព៌ា បានបញ្ជាក់ប្រាប់ក្រុមអ្នកសារព័ត៌មានយ៉ាងដូច្នេះថា៖ «គោលបំណងចម្បងនៅក្នុងជំនួបនេះ គឺឯកអគ្គរាជទូតគាត់មកដើម្បីប្រគល់សារលិខិតអញ្ជើញរបស់រដ្ឋមន្ត្រីការបរទេសម៉ារ៉ុក ដែលចុះហត្ថលេខារួមគ្នាជាមួយរដ្ឋមន្ត្រីការបរទេសបារាំង សូមអញ្ជើញឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ទៅចូលរួមសន្និសីទការថែរក្សាសន្តិភាព ក្នុងតំបន់ដែលនិយាយភាសាបារាំង»

បើតាមឯកឧត្តម ណី សំអុល នេះគឺជាសន្និសីទលើកទី២ ដែលលើកទី១ ត្រូវបានធ្វើឡើងកាលពីឆ្នាំ២០១៩ នៅប្រទេសបារាំង ហើយសន្និសីទនេះ គឺជាសន្និសីទថ្នាក់រដ្ឋមន្ត្រី ដែលតែងតែត្រូវធ្វើឡើងក្នុងបណ្តាប្រទេស ដែលប្រើប្រាស់ភាសាបារាំង។ លោកឯកអគ្គរាជទូត ក៏បានបញ្ជាក់ដែរថា ការចូលរួមរបស់ប្រមុខការទូតកម្ពុជា គឺមានសារៈសំខាន់ណាស់ ដោយមូលហេតុថា កម្ពុជាចូលរួមចំណែកយ៉ាងសំខាន់ និងច្រើននៅក្នុងបេសកកម្មថែរក្សាសន្តិភាពនៅក្នុងពិភពលោក ជាពិសេសកម្លាំងរបស់កម្ពុជា ដែលបញ្ជូនទៅប្រទេសទាំង៩ គឺភាគច្រើនទៅបណ្តាប្រទេសនៅអាហ្វ្រិកតែម្តង។

ឯកឧត្តម ណី សំអុល បានបន្តថា «អញ្ចឹងហើយ គឺជាវេទិកាមួយដែលម៉ារ៉ុក ក៏ដូចជាបារាំង គឺគេចង់មែនទែន គឺចង់ឲ្យឧបនាយករដ្ឋមន្ត្រី ចូលរួមដើម្បីចែករំលែកបទពិសោធន៍ អ្វីដែលកម្ពុជាបានធ្វើ ចូលរួមថែរក្សាសន្តិភាពនៅក្នុងតំបន់ ដែលនិយាយភាសាបារាំង ក៏ដូចជានៅលើពិភពលោកទាំងមូល។ ឧបនាយករដ្ឋមន្ត្រី ក៏នឹងជួបជាមួយនឹងរដ្ឋមន្ត្រីការបរទេសម៉ារ៉ុកដែរ ដើម្បីជជែកពិភាក្សាលើបញ្ហាទ្វេភាគី ពីបញ្ហាតំបន់ ក៏ដូចជាបញ្ហាអន្តរជាតិផ្សេងៗ»

នៅពេលជំនួបនោះ ឯកឧត្តមឯកអគ្គរាជទូតក៏បានឆ្លៀតប្រាប់ថា ម៉ារ៉ុកមានការកោតសរសើរចំពោះគោលនយោបាយរបស់កម្ពុជា ដែលធ្វើឲ្យមានសុខដុមរមណីយកម្មរវាងសាសនា ពីព្រោះម៉ារ៉ុក គឺជាប្រទេសកាន់សាសនាឥស្លាម ៩០ភាគរយ។ ឯកឧត្តមថ្លែងថា នៅកម្ពុជាមានសុខដុមរមណីយកម្មខ្លាំង ហើយលើកឡើងថា ម៉ូឌែលដែលកម្ពុជាធ្លាប់ធ្វើនោះ គួរតែត្រូវបានយកទៅធ្វើបទបង្ហាញ នៅក្នុងសន្និសីទផងដែរ។

ដោយឡែក ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាប់ សុខុន បានឆ្លើយទៅវិញ ដោយថ្លែងអំណរគុណចំពោះលិខិតអញ្ជើញរបស់ម៉ារ៉ុក និងបារាំង។ លោកបន្តថា លោករីករាយដើម្បីចូលរួមក្នុងកម្មវិធីនោះ ក៏ប៉ុន្តែត្រូវរង់ចាំការសម្រេចចុងក្រោយ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាសិន។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានលើកឡើងដែរថា កម្លាំងថែរក្សាសន្តិភាពរបស់កម្ពុជា ចាប់តាំងពីឆ្នាំ២០០៦មក រហូតមកដល់បច្ចុប្បន្ននេះ បានបញ្ជូនទៅប្រហែល ៦៥០០នាក់ ទៅ៩ប្រទេស។ ក្នុងនោះ កម្ពុជាបានបញ្ជូនកម្លាំងស្ត្រី មានចំនួនច្រើនគួរឲ្យកត់សម្គាល់ បើប្រៀបធៀបក្នុងបណ្តាប្រទេសអាស៊ាន។

ប្រមុខការទូត បានលើកឡើងថា ក្នុងបណ្តាប្រទេសអាស៊ាន កម្ពុជាជាប្រទេសដែលបញ្ជូនទ័ពទៅថែរក្សាសន្តិភាពនោះច្រើនជាងគេ ដែលគិតជាចំណាត់ថ្នាក់ គឺជាប់លេខ៣ ហើយបើគិតជាស្រ្តី គឺជាប់លេខ២។ លោកបន្ថែមថា ក្នុងករណីដែលលោកត្រូវបានអនុញ្ញាតឲ្យទៅចូលរួមសន្និសីទនោះ លោកនឹងជួបជាមួយរដ្ឋមន្ត្រីការបរទេសម៉ារ៉ុក ហើយនឹងពិភាក្សាពីបញ្ហាផ្សេងៗ និងទំនាក់ទំនងទ្វេភាគី ដើម្បីជំរុញដល់កិច្ចសហប្រតិបត្តិការផ្សេងៗ ក៏ដូចជាជំរុញវិស័យពាណិជ្ជកម្មសេរី ទេសចរណ៍ វប្បធម៌ និងអប់រំជាដើម។

ចំពោះទំនាក់ទំនងតំបន់ ឬក៏ទំនាក់ទំនងអន្តរជាតិវិញ ភាគីទាំងពីរនឹងគិតពិចារណា ហើយក៏ដើម្បីជំរុញនូវតួនាទី និងមុខមាត់ ក៏ដូចជាកិច្ចសហប្រតិបត្តិការរបស់កម្ពុជា នៅក្នុងបណ្តាប្រទេស ដែលនិយាយភាសាបារាំងផងដែរ។ លើសពីនេះទៅទៀត កម្ពុជានិងម៉ារ៉ុក ក៏អាចនិយាយអំពីទំនាក់ទំនង ឬក៏កិច្ចសហប្រតិបត្តិការ រវាងប្រទេសម៉ារ៉ុក នៅក្នុងក្របខ័ណ្ឌអាស៊ាន ហើយក៏នៅក្នុងតួនាទី ឬក៏កិច្ចសហប្រតិបត្តិការរបស់កម្ពុជា នៅក្នុងក្របខ័ណ្ឌអង្គការ OIC (Organization of Islamic Conference) ។ ទន្ទឹមនឹងនេះដែរ ភាគីទាំងពីរនឹងខិតខំរិះរកវិធីដើម្បីពង្រឹង និងពង្រីកទំនាក់ទំនងទ្វេភាគី ឲ្យកាន់តែខ្លាំងក្លាថែមទៀត។

ឯកឧត្តម ណី សំអុល បានឲ្យទៀតថា លោកឧបនាយករដ្ឋមន្ត្រី ក៏បានឆ្លើយតបពាក់ព័ន្ធនឹងរឿងសុខដុមរមណីយកម្មសាសនា ជាពិសេសសាសនាឥស្លាមនៅក្នុងសង្គមកម្ពុជា ដែលលោកបានលើកឡើងថា កម្ពុជាបាននូវសេចក្តីសុខបែបនេះ គឺក្រោមគោលនយោបាយរបស់សម្តេចតេជោ ដែលឧទាហរណ៍ជាក់ស្តែង សម្តេចតែងតែចូលរួមនៅក្នុងកម្មវិធីសាសនាផ្សេងៗ។ ជាពិសេសមួយទៀត ឧបនាយករដ្ឋមន្ត្រី បានលើកឡើងពីទំនាក់ទំនងជាប្រវត្តិសាស្ត្រ និងកិច្ចសហការ រវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រម៉ារ៉ុក ដែលតាំងពីជំនាន់ស្តេចហាហ្សាន់ទី២ និងព្រះបរមរតនកោដ្ឋ នរោត្តម សីហនុផងដែរ៕