នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អំពាវនាវនាយដល់ទាហានតំបន់ព្រំដែនទិសទី១ ប្រាសាទព្រះវិហារ រួមគ្នាថែរក្សាសុខសន្តិភាព


(ព្រះវិហារ)៖ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ បានអំពាវនាវដល់នាយទាហានតំបន់ព្រំដែនទិសទី១ ប្រាសាទព្រះវិហារ រួមគ្នាថែរក្សាសុខសន្តិភាព ដែលកម្ពុជាទទួលបានពេញលេញ ក្រោមនយោបាយឈ្នះឈ្នះរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។។

លោកនាយឧត្តមសេនីយ៍ បានវាយតម្លៃខ្ពស់ចំពោះស្មារតី នៃកិច្ចខិតខំប្រឹងប្រែងបំពេញការងារបម្រើជាតិ ប្រកបដោយភាពអង់អាចក្លាហាន និងមានកិច្ចសហការគ្នាល្អ រវាងថ្នាក់ដឹកនាំគ្រប់អង្គភាព កងកម្លាំងប្រដាប់អាវុធ ដែលឈរជើងការពារអធិបតេយ្យ បូរណភាពទឹកដី ក្នុងភូមិសាស្ត្រតំបន់ព្រំដែនទិសទី១ ប្រាសាទព្រះវិហារ របស់យោធភូមិភាគទី៤។

ការអំពាវនាវបែបនេះរបស់ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានធ្វើឡើងក្នុងឱកាសដែល នាយឧត្តមសេនីយ៍ បានអញ្ជើញជាតំណាង សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ចុះពិនិត្យស្ថានការណ៍សន្តិសុខ និងជួបសំណេះសំណាល សួរសុខទុក្ខកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលឈរជើងបំពេញបេសកកម្មការពារបូរណភាពទឹកដី និងភាពសុខសាន្តជូនប្រជាពលរដ្ឋ ក្នុងភូមិសាស្ត្រតំបន់ព្រំដែន នៅទិសទី១ ប្រាសាទព្រះវិហារ របស់យោធភូមិភាគទី៤ នៅទីបញ្ជាការជួរមុខ របស់បញ្ជាការដ្ឋានអង្គរក្ស ក្នុងភូមិសាស្ត្រឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នាថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២០។

ដោយមានការអមដំណើរដោយ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងគោក, លោក ស៊ួស យ៉ារ៉ា អ្នកតំណាងរាស្ត្រមណ្ឌលព្រះវិហារ ព្រមទាំងថ្នាក់ដឹកនាំ កងយោធពលខេមរភូមិន្ទ យ៉ាងច្រើនផងដែរ។

ជំនួសមុខឱ្ យសម្តេចពិជ័យសេនា និងនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ជាពិសេស សម្ដេចតេជោនាយករដ្ឋមន្ត្រី នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានសម្តែងនូវការលើកសរសើរ និងវាយតម្លៃខ្ពស់ចំពោះស្មារតីនៃកិច្ចខិតខំប្រឹងប្រែងបំពេញការងារបម្រើជាតិ ប្រកបដោយភាពអង់អាចក្លាហាន និងមានកិច្ចសហការគ្នាល្អ រវាងថ្នាក់ដឹកនាំគ្រប់អង្គភាពកងកម្លាំងប្រដាប់អាវុធ ដែលឈរជើងការពារអធិបតេយ្យ បូរណភាពទឹកដី ក្នុងភូមិសាស្ត្រតំបន់ព្រំដែនទិសទី១ ប្រាសាទព្រះវិហារ របស់យោធភូមិភាគទី៤ ដែលក្នុងរយៈកាលកន្លងមកនេះ បានពុះពារគ្រប់ការលំបាកក្នុងការកសាងនូវសមិទ្ធផលជាច្រើន សម្រាប់អង្គភាពខ្លួនផ្ទាល់ផង និងសម្រាប់ប្រយោជន៍ជាតិផង រហូតមានការរីកចម្រើន ពិសេសបានយកចិត្តទុកដាក់ពង្រឹងបានយ៉ាងរឹងមាំនូវសន្តិសុខ តាមបន្ទាត់ព្រំដែន ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការជាមួយប្រទេសជិតខាង ដើម្បីការកសាងបន្ទាត់ព្រំដែនមួយ មានទាំងសន្តិសុខ សន្តិភាព និងមានទាំងការអភិវឌ្ឍសេដ្ឋកិច្ចរីកចម្រើន ដែលប្រែក្លាយពីតំបន់ដែលធ្លាប់តែឮស្នូរគ្រាប់កាំភ្លើង មកជាតំបន់ឮសូរតែស្នូរសូត្រធ៌ម និងភ្លេងនៃបទចម្រៀងសប្បាយខ្ញាវខ្ញា ពីតំបន់ដែលមិនមែនការអភិវឌ្ឍ មកជាតំបន់អភិវឌ្ឍសេដ្ឋកិច្ចរីកចម្រើន។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ក៏បានសម្ដែងនូវការដឹងគុណចំពោះគំរូវីរភាពដ៏អង់អាចក្លាហានរបស់វីរយុទ្ធជន យុទ្ធនារី នៃកងយោធពលខេមរភូមិន្ទ ដែលក្នុងអតីតកាលកន្លងមក បានលះបង់សាច់ស្រស់ ឈាមស្រស់ កាយសម្បទា និងអាយុជីវិត ដើម្បីបម្រើឱ្យបុព្វហេតុការពារជាតិមាតុភូមិកម្ពុជា និងភាពសុខសាន្តជូនប្រជាពលរដ្ឋកម្ពុជា។

ជាមួយនេះដែរ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ក៏បានរំលឹកដល់ពលទាហាន និងកងកម្លាំងប្រដាប់អាវុធ ដែលកំពុងឈរជើងបំពេញបេសកកម្ម ការពារបូរណភាពទឹកដីនៃកម្ពុជានៅទិសទី១ ទាំងអស់ឱ្យខិតខំថែរក្សា នូវគំរូវីរភាពដ៏អង់អាចក្លាហាន របស់វីរៈយុទ្ធជន យុទ្ធនារី ដែលបានធ្វើពលីកម្ម ក្នុងបុព្វហេតុតស៊ូរំដោះជាតិកន្លងមក និងសូមគាំទ្រជានិច្ច ចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខ និងការពារឱ្យខានតែបាននូវសុខសន្តិភាពជារៀងរហូត (អរគុណសន្តិភាព)។ ក្នុងន័យនេះដែរ នាយ ពលទាហាន និងកងកម្លាំងប្រដាប់អាវុធទាំងអស់ ក៏ត្រូវចេះគោរពស្រឡាញ់ និងបម្រើប្រជាពលរដ្ឋ សាមគ្គីឯកភាពផ្ទៃក្នុង ជាមួយមិត្តរួមអាវុធ និងមិត្តរួមអាជីព រួមសុខ រួមទុក្ខ ជាមួយគ្នាគ្រប់កាលៈទេសៈ ទោះស្ថិតក្នុងស្ថានភាពណាក៏ដោយ និងខិតខំបំពេញភារកិច្ចដែលថ្នាក់លើ និងប្រទេសជាតិប្រគល់ឱ្យ ឱ្យបានសម្រេចជោគជ័យគ្រប់ពេលវេលា។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ក៏បានជំរុញលើកទឹកចិត្តចិត្តដល់មេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទានរង និងពលទាហាន ក៏ដូចកងរាជអាវុធហត្ថ និងនគរបាលជាតិ ដែលជាកងកម្លាំងប្រដាប់អាវុធឈរជើងនៅទិសយោធភូមិភាគទី៤ ឱ្យខិតខំបំពេញការងារបន្តទៀត ពិសេសត្រូវបន្តពង្រឹងពង្រីកការរឹតចំណងសាមគ្គីភាព មិត្តភាព កិច្ចសហប្រតិបត្តិការទំនាក់ទំនងល្អជាមួយបណ្ដាកងកម្លាំង របស់ប្រទេសជិតខាង ក្នុងការកសាងបន្ទាត់ព្រំដែនមួយ ដែលមានសន្តិភាពពិតប្រាកដ រួមទាំងជំរុញដំណើការអភិវឌ្ឍន៍សេដ្ឋកិច្ចរីកចម្រើននៅតំបន់ព្រំដែន។ ជាមួយគ្នានេះដែរ ក៏ត្រូវជំរុញចលនាបង្កបង្កើនផល ដាំដុះនូវអនុផលផ្សេងៗ ឱ្យបានកាន់តែច្រើន ដើម្បីលើកស្ទួយកម្រិតជីវភាពរស់នៅ ក្នុងអង្គភាព និងគ្រួសារកងទ័ព ឱ្យកាន់តែប្រសើរ។

បើតាមឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរងកងទ័ពជើគោក មេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ និងជាមេបញ្ជាការសមរភូមិទិសទី១ ប្រាសាទព្រះវិហារ ស្ដីអំពីស្ថានការណ៍សន្តិសុខ តាមបណ្ដោយព្រំដែនជាប់ជាមួយប្រទេសជិតខាង ដែលកងកម្លាំងប្រដាប់អាវុធរបស់កម្ពុជា ឈជើងទទួលខុសត្រូវ ក្នុងភូមិសាស្ត្ររបស់យោធភូមិភាគទី៤ នៅទិសទី១ ប្រាសាទព្រះវិហារ ព្រមទាំងបានលើកបញ្ជាក់អំពីជំហានរីកចម្រើន របស់បណ្ដាអង្គភាពនិមួយៗ ដែលឈរជើងនៅក្នុងភូមិសាស្ត្ររបស់យោធភូមិភាគទី៤ ក្នុងដំណាក់កាលថ្មីនេះ រួមទាំងការងារជាច្រើន លើភារកិច្ចនៃការកសាងអង្គភាព ការងារហ្វឹកហ្វឺនកម្លាំង ការងារត្រៀមប្រយុទ្ធ និងប្រយុទ្ធ របស់បណ្ដាអង្គភាពនីមួយៗ ក្នុងភារកិច្ចការពារ ឱ្យបានកាន់តែរឹងមាំបូរណភាពទឹកដី របស់ព្រះរាជាណាចក្រកម្ពុជា ក្នុងភូមិសាស្ត្រដែលអង្គភាពនីមួយៗទទួលខុសត្រូវ។

ឧត្តមសេនីយ៍ឯក ស្រី ឌឹក ជំនួសមុខឱ្យនាយ ពលទាហាន កងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលឈរជើងនៅក្នុងភូមិសាស្ត្រយោធភូមិភាគទី៤ ទិសទី១ ប្រាសាទព្រះវិហារ បានសម្តែងនៅការអរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំក្រសួងការពារជាតិ អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ពិសេសសម្ដេចតេជោ ហ៊ុន សែន ដែលជានិច្ចជាកាលតែងតែយកចិត្តទុកដាក់គិតគូរពីសុខទុក្ខ និងជីវភាពរស់នៅរបស់កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ ប្រជាពលរដ្ឋទាំងអស់ ពិសេសនាយ ពលទាហាន នាយ ពលអាវុធហត្ថ និងនាយ ពលនគរបាលជាតិ ដែលកំពុងឈរជើងការពារទឹកដី នៅលើខ្សែបន្ទាត់ព្រំដែនកម្ពុជា ថៃ និងឡាវ ដោយបានរៀបចំឱ្យបងប្អូនយោធិនយើងមានផ្ទះ មានដីធ្លី រស់នៅបង្កបង្កើនផល ដាំដំណាំ និងចិញ្ចឹមសត្វ ដើម្បីមានរបរចិញ្ចឹមជីវិតដោយខ្លួនឯង៕