ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ព្រមានដាក់ពាក្យបណ្តឹងទៅព្រះរាជអាជ្ញា ឲ្យចាត់វិធានការយ៉ាងធ្ងន់ធ្ងរ ចំពោះម្ចាស់សំណង់អគារគ្មានច្បាប់


(ត្បូងឃ្មុំ)៖ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តត្បូងឃ្មុំ បានថ្លែងសង្កត់ធ្ងន់ៗថា តាមបណ្តារាជធានីខេត្ត ត្រូវបង្កើនការគ្រប់គ្រងសំណង់អគារផ្សេងៗ ពិសេសសំណង់អគារធំៗ ខ្ពស់ៗ ឱ្យបានត្រឹមត្រូវទៅតាមបទដ្ឋានបច្ចេកទេស នៃការសាងសង់។ ជាមួយគ្នានេះ ចាប់ពីពេលនេះទៅ រដ្ឋមន្រ្តីដែនដី បានព្រមានថា លោកនឹងប្តឹងទៅកាន់ព្រះរាជអាជ្ញា ចាត់វិធានការម្ចាស់សំណង់អត់មានច្បាប់។

ឯកឧត្តម ជា សុផារ៉ា បានព្រមានបែនេះ ក្នុងឱកាសអញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ របស់រដ្ឋបាលខេត្តត្បូងឃ្មុំ និងក្រុមការងាររាជរដ្ឋាភិបាលកម្ពុជាចុះមូលដ្ឋាន នៅសាលប្រជុំ (ក) សាលាខេត្តត្បូងឃ្មុំ នាថ្ងៃទី៣ ខែមីនា ឆ្នាំ២០២០ ដោយមានការអញ្ជើញចូលរួមពី ប្រធានអនុប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត-ក្រុង-ស្រុក, លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ លោក ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត និងថ្នាក់ដឹកនាំសាលាខេត្តមន្ទីរ-អង្គភាព ក្រុង-ស្រុកទាំង៧ មេឃុំ-ចៅសង្កាត់ទាំង៦៤ និងវិស័យឯកជនក្នុងខេត្តត្បូងឃ្មុំ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានបញ្ជាក់ថា បើតាមរបាយការណ៍នៅឆ្នាំ២០១៩ និង២០២០នេះ កត់សម្គាល់ឃើញថា សំណង់អគារមានភាពរស់រវើកដោយសារការចូលរួមចំណែកកែលម្អទ្រទ្រង់ និងអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានកោតសសរសើរចំពោះរដ្ឋបាលខេត្ត ដែលខិតខំកែលម្អលើកកម្ពស់សោភ័ណភាពទីប្រជុំជនទីរួមខេត្ត ដែលបានដាក់ភ្លើងបំភ្លឺផ្លូវនាពេលរាត្រី ធ្វើសួនច្បារ បង្កើតកម្មវិធីសប្បាយៗ សម្រាប់ប្រជាពលរដ្ឋមកជួបជុំលេងកំសាន្តក្រោមម្លប់សន្តិភាព ព្រមទាំងជំរុញឲ្យបន្តលើការងារនេះបន្ថែមទៀត។

ឯកឧត្តមបន្ថែមថា ទន្ទឹមនឹងការពង្រឹងគុណភាពវិស័យនានា ពាក់ព័ន្ធដល់វិស័យទេសចរណ៍ការបង្កើតផលិតផលទេសចរណ៍ថ្មីៗ បន្ថែមទៀតក្នុងមូលដ្ឋាន ការអភិវឌ្ឍទេសចរណ៍នៅនឹងកន្លែង ដើម្បីទាក់ទាញភ្ញៀវទេសចរនៅក្នុង និងក្រៅប្រទេសសំដៅបង្កើនការងារ បង្កើនប្រាក់ចំណូល និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា ក៏បានថ្លែងរ៉ាប់រងគាំទ្រសាងសង់ទាំងស្រុង មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ ព្រមជាមួយនឹងអគារថ្មី និងមានភាពទំនើបកម្ម។

នាឱកាសនោះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានកោតសរសើរនិងវាយតម្លៃខ្ពស់ ចំពោះមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ទូទាំងខេត្ត ដែលមានសាមគ្គីភាពផ្ទៃក្នុងបានល្អ រួមសហការយ៉ាងជិតស្និទ្ធ និងខិតខំបំពេញការងារយ៉ាងសស្រាក់សស្រាំ រយ:ពេលពេញមួយឆ្នាំកន្លងទៅនេះ ក៏ដូចជាស្នើឱ្យបន្តអនុវត្តន៍លើការងារឲ្យកាន់តែល្អប្រសើរថែមទៀត នាឆ្នាំថ្មីនេះ និងឆ្នាំបន្តបន្ទាប់រហូតទៅ។

ឯកឧត្តម ជាម ច័ន្ទសោភ័ណ បានឲ្យដឹងដែរថា សម្រាប់ឆ្នាំ២០១៩កន្លងទៅនេះ រដ្ឋបាលខេត្តត្បូងឃ្មុំ ធានាបានយ៉ាងរឹងមាំនូវសន្តិភាព ការឯកភាពជាតិ សន្តិសុខ ស្ថិរភាព និងសណ្តាប់ធ្នាប់សង្គម ដែលជាមូលដ្ឋានគ្រឹះ រួមចំណែកដល់ការលើកស្ទួយនីតិរដ្ឋ ការការពារនិងគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ សំដៅបង្កបរិយាកាសល្អប្រសើរ និងភាពអនុគ្រោះសម្រាប់ការអភិវឌ្ឍន៍ សេដ្ឋកិច្ច-សង្គម និងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។ តាមរយៈការអនុវត្តវិធានការនានា រួមទាំងការអនុវត្តគោលនយោបាយ «ភូមិ-ឃុំមានសុវត្ថិភាព» បានធ្វើឲ្យបទល្មើសគ្រប់ប្រភេទ មានការថយចុះជាបន្តបន្ទាប់គួរឲ្យកត់សម្គាល់។

ជាមួយនឹងការរីកចម្រើនលើពហុវិស័យ ការងារបន្តកសាងស្ថាបនាអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធ ក្នុងតំបន់ក្រុងនៃទីរួមខេត្ត គឺជាកិច្ចការជាអាទិភាព ដែលត្រូវគិតគូរយកចិត្តទុកដាក់ជាចម្បង តាមគម្រោងផែនការតម្រូវការ និងសំណូមពរជាក់ស្តែងផងដែរ៕