ទេសរដ្ឋមន្រ្តី អូស្មាន ហាស្សាន់ ស្នើអង្គការជំនួយមនុស្សធម៌ ប្រទេសតួកគី ពង្រីកកិច្ចសហប្រតិបត្តិការមនុស្សធម៌បន្ថែមនៅកម្ពុជា


(តួកគី)៖ ឯកឧត្តមទេសរដ្ឋមន្រ្តី អូស្មាន ហាស្សាន់ ស្នើឲ្យអង្គការមនុស្សធម៌ប្រទេសតួកគី ធ្វើកិច្ចសហប្រតិបត្តិការរបស់ខ្លួនបន្ថែមទៀត លើការងារមនុស្សធម៌នៅកម្ពុជា ដោយសហការជាមួយអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា។

ការស្នើបែបនេះធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាង ឯកឧត្តម អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានអង្គការអភិវឌ្ឍន៍មុស្លិមកម្ពុជា (CMDF) ជាមួយអនុប្រធានអង្គការមនុស្សធម៌ប្រទេសតួកគី (IHH) នៅទីក្រុងអង់ការ៉ាប្រទេសតួកគី នៅព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២០។

ឯកឧត្តមទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ បានបន្តថា អង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា (Cambodian Islamic development foundation) CMDF ជាអង្គការមួយ ដែលមានសមាជិកភាគច្រើន មកពីសមាជិករាជរដ្ឋាភិបាល ដែលបានសហការជាមួយអង្គការមនុស្សធម៌ប្រទេសតួកគី (IHH) កន្លងមក។

នៅលើកិច្ចសហប្រតិបត្តិការ ដែលមានស្រាប់រវាង CMDF និង IHH ឯកឧត្តមទេសរដ្ឋមន្ត្រី ស្នើឲ្យមានការសហការគ្នាឲ្យបានច្រើនបន្ថែមទៀត ទៅលើវិស័យមនុស្សធម៌ អ៊ិហ្វតើរ (អាហារស្រាយបួស) គួរបានជាដើម។

ជាការឆ្លើយតប លោក Yavuz Dede អនុប្រធានអង្គការជំនួយមនុស្សធម៌ (IHH) នៅទីក្រុងអង់ការ៉ា សាធារណរដ្ឋតួកគី បានវាយតម្លៃខ្ពស់ និងឯកភាពលើសំណើ របស់ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់។

លោក Yavuz Dede បានជម្រាបលោកទេសរដ្ឋមន្ត្រីថា IHH បានដំណើរការតាំងពីឆ្នាំ១៩៩២ ក្នុងគោលបំណងផ្តល់ជំនួយ ដល់ប្រជាជនទាំងអស់ ដែលមានគ្រោះមហន្តរាយ ដូចជារងគ្រោះដោយសង្គ្រាម គ្រោះមហន្តរាយធម្មជាតិជាដើម ដោយមិនគិតពីសាសនា ភាសា ពូជសាសន៍ ឬនិកាយរបស់ពួកគេ និងដើម្បីការពារការរំលោភសិទ្ធិមនុស្ស និងសេរីភាពជាមូលដ្ឋានរបស់ប្រជាជនទាំងនោះ។

ដោយសារសកម្មភាពជួយសង្គ្រោះ ដោយស្ម័គ្រចិត្តនេះហើយ ដែលបានធ្វើ IHH វិវត្តទៅជាអង្គការផ្លូវការមួយក្នុងឆ្នាំ១៩៩៥ ហើយបានពង្រីកទៅកាន់ទ្វីបចំនួន៥ ខណៈអង្គការដែលសមាជិករបស់អង្គការសហប្រតិបត្តិការឥស្លាម (OIC) នេះ បានបង្កើតស្ពាននៃសុច្ឆន្ទៈ ដែលលាតសន្ធឹងពីប្រទេសតួកគី ទៅ១៣៥ប្រទេស និងពិភពលោក៕