នាយឧត្ដមសេនីយ៍ វង្ស ពិសេន ដឹកនាំប្រតិភូសួរសុខទុក្ខកងកម្លាំងបញ្ជាការដ្ឋានរថក្រោះ និងបញ្ជាការដ្ឋានកាំភ្លើងធំ ក្នុងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំថ្


(កំពង់ស្ពឺ)៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ នៅព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២០នេះ បានដឹកនាំប្រតិភូសួរសុខទុក្ខ កងកម្លាំងបញ្ជាការដ្ឋានកងរថក្រោះ និងបញ្ជាការដ្ឋានកាំភ្លើងធំ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ដែលពិធីសំណេះសំណាល បានធ្វើឡើងនៅបញ្ជាការដ្ឋាន នៃអង្គភាពទាំងពីរ ក្នុងមូលដ្ឋានឈរជើងខេត្តកំពង់ស្ពឺ។

ក្នុងមតិសំណេះសំណាលនាឱកាសនោះ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានរំលឹកពីការធ្វើពលិកម្មដ៏ធំធេងរបស់ សម្តេចតេជោ ហ៊ុន សែន និងសហការី ដែលបានរត់ភៀសខ្លួនទៅប្រទេសវៀតណាម ដើម្បីស្វែងរកការជួយសង្គ្រោះប្រជាជនកម្ពុជា ឲ្យរួចផុតពីសេចក្តីស្លាប់ នៃរបបប្រល័យពូជសាសន៍ ប៉ុល ពត និងរដោះបានទាន់ពេលវេលានា ថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩។

បើតាមនាយឧត្ដមសេនីយ៍ អគ្គមេបញ្ជាការ គំរូវីរភាព នៃស្មារតីស្នេហាជាតិរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងបុព្វហេតុជាតិ និងប្រជាជន បានប្រែក្លាយមាតុភូមិ ឲ្យទទួលបានសុខសន្តិភាពពេញលេញ ហើយដែលប្រជាជននៅទូទាំងប្រទេស បានចងចាំ និងដក់ជាប់ជានិច្ចក្នុងអារម្មណ៍។

នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានបន្តថា ក្នុងនាមជាកងកម្លំាងប្រដាប់អាវុធ សូមអរគុណសន្តិភាព ដោយសារនយោបាយឈ្នះឈ្នះ ទើបបានបញ្ចប់សង្រ្គាម មានសន្តិភាព ដឹងគុណអ្នកស្ថាបនិក នយោបាយឈ្នះឈ្នះ ដោយសម្តេចតេជោ ហ៊ុន សែន ហើយសូមគាំទ្រសម្តេចតេជោ ហ៊ុន សែន ជារៀងរហូត ក្នុងការដឹកនាំនាវាកម្ពុជា ប្រកបដោយសន្តិភាព ស្ថេរភាពនយោបាយ និងការអភិវឌ្ឍន៍លើគ្រប់វិស័យ។ ដូច្នេះទោះក្នុងតម្លៃណាក៍ដោយ កងទ័ពត្រូវតែការពារ ឲ្យបាននូវសុខសន្តិភាព ទប់ស្កាត់នូវរាល់ល្បិចកលនានា ក្នុងការប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន។

នាយឧត្ដមសេនីយ៍ អគ្គមេបញ្ជាការ បានក្រើនរំលឹកដល់នាយទាហាន នាយទាហានរង និងពលទាហាន ត្រូវបង្កើនការយកចិត្តទុកដាក់ការហ្វឹកហ្វឺនរៀនសូត្រ ដោយផ្តោតជាសំខាន់លើ ចំណេះដឹងជំនាញបច្ចេកទេស ការលត់ដំសមត្ថភាពកាយសម្បទា, វិន័យ, អត្តចរិតសីលធម៌ ព្រមទាំងការគោរពច្បាប់ និងលក្ខន្តិកៈទូទៅ របស់កងយោធពលខេមរភូមិន្ទ។

ទន្ទឹមនោះ នាយឧត្ដមសេនីយ៍ ក៏បានផ្តាំផ្ញើដល់កងកម្លំាងទាំងអស់ ត្រូវចូលរួមចំណែកឲ្យសកម្មក្នុងកិច្ចសហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ក៏ដូចជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍប្រទេសជាតិ និងការត្រៀមខ្លួនជានិច្ច ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋ ពីគ្រោះមហន្តរាយផ្សេងៗ៕