រដ្ឋបាលខេត្តកំពត ប្រារព្ធពិធីអបអរខួបលើកទី ១០៩ ទិវាអន្តរជាតិនារី ៨ មីនា


(កំពត)៖ ឯកឧត្តម ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្តកំពត និងឯកឧត្តម ជាវ តាយ អភិបាលខេត្ត នៅព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២០នេះ បានប្រារព្ធពិធីអបអរសាទរខួបលើកទី១០៩ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២០ ក្រោមប្រធានបទ «មានសន្តិភាព មានការលើកកម្ពស់ សមភាពយេនឌ័រ» នៅសាលប្រជុំសាលាខេត្តកំពត។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ លោក-លោកស្រី សមាជិក-សមាជិកាក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត អាជ្ញាធរក្រុង ស្រុក ព្រមទាំងបងប្អូននារីដែលមកពីបណ្ដាមន្ទីរ អង្គភាពជុំវិញខេត្ត ក្រុង ស្រុក និងឃុំសង្កាត់ ប្រមាណជិត ១,៥០០នាក់។

លោកស្រី ហួត រី ប្រធានមន្ទីរកិច្ចការនារីខេត្តស្ដីទី បានឱ្យដឹងពីលទ្ធផល ដែលមន្ទីរកិច្ចការនារីខេត្ត ដូចជារដ្ឋបាលខេត្តសម្រេចបាន ក្នុងផែនការសកម្មភាព ឆ្នាំ២០១៩ កន្លងទៅនេះ។ ក្នុងនោះរួមមាន ការងារគាំទ្រសង្គម កិច្ចការពារផ្លូវច្បាប់សម្រាប់ស្ត្រី និងក្មេងស្រី ការកែប្រែស្ថានភាពសេដ្ឋកិច្ចសង្គមរបស់ស្ត្រី ការងារបើកវគ្គបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ ការងារគ្រប់គ្រងនិងការអភិវឌ្ឍស្ថាប័ន ការងារស្ត្រីក្នុងវិស័យសាធារណៈ និងនយោបាយ និងការងារចុះវេទិកាសាធារណៈតាមបណ្ដាស្រុក ក្រុង ដែលការងារខាងលើនេះសម្រេចបាន គឺផ្ដើមចេញពីកិច្ចខិតខំប្រឹងប្រែង និងការគាំទ្រពីក្រសួង-ស្ថាប័ន និងថ្នាក់ដឹកនាំខេត្ត។

លោកស្រី ហួត រី បានបន្តថា ជាពិសេសក្រោមកិច្ច ខិតខំដឹកនាំនិងគាំទ្រលើកទឹកចិត្ត ពីសំណាក់អភិបាលខេត្ត ប្រធានក្រុមប្រឹក្សាខេត្ត ចំពោះសកម្មភាពរបស់មន្ទីរកិច្ចការនារីខេត្ត ក្នុងការអនុវត្តនូវគោលនយោបាយយុទ្ធសាស្ត្រចតុកោណ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ បានធ្វើឱ្យស្ថានភាព នៃការលើកកម្ពស់ស្ត្រី និងកុមារក៏ដូចជានារី ក្នុងខេត្តកំពត ទទួលបាននូវភាពកក់ក្ដៅ នឹងមាន ជីវភាពប្រែប្រួលរីកចម្រើនក្នុងគ្រួសារក្នុងសហគមន៍ និងសង្គមជាតិផងដែរ។

ឯកឧត្តម ជាវ តាយ បានអាននូវព្រះរាជសារ របស់សម្ដេចព្រះមហាក្សត្រី នរោត្ដម មុនីនាថ សីហនុព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល ក្នុងឱកាសអបអរសាទរខួបលើកទី១០៩ នៃទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២០ ដែលមានខ្លឹមសារជាអាទិ៍ថា៖ ដោយបានសម្ដែងការអរគុណ ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបច្ចុប្បន្ន ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត សម្ដេចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រី បាននិងកំពុងអនុវត្តនូវគោលនយោបាយ និងយុទ្ធសាស្ត្រ ផ្ដោតយ៉ាងជាក់លាក់ លើការរក្សាសន្តិភាព ដើម្បីប្រជាពលរដ្ឋកម្ពុជា ទទួលបានឱកាសអភិវឌ្ឍជីវភាព និងសុខមាលភាពនៃការរស់នៅ តាមរយៈការបង្កើនសមត្ថភាព ជំនាញវិជ្ជាជីវៈ និងចំណេះដឹង ប្រកបដោយគុណភាព សមធម៌ បរិយាបន្ន ក្នុងការរួមចំណែកធ្វើឱ្យប្រសើរឡើងនូវកំណើនសេដ្ឋកិច្ច និងសន្តិសុខសង្គម។

ខ្លឹមសារព្រះរាជសារ ក៏បានសំដែងការអរគុណផងដែរ ចំពោះដំណើរការយ៉ាងសកម្ម នៃគណៈកម្មាធិការជាតិ លើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រីនិងគ្រួសារខ្មែរ និងក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្ត្រី រួមនឹងស្ថាប័ននីតិបញ្ញត្តិ សម្ដេចសង្ឃរាជ មន្ត្រីសង្ឃគ្រប់ព្រះអង្គ បងប្អូនជនរួមជាតិ មន្ត្រីរាជការគ្រប់ក្រសួង ស្ថាប័ន ផ្នែកឯកជន អង្គការ មិនមែនរដ្ឋាភិបាលជាតិអន្តរជាតិ និងពិសេសគាំទ្រដល់ក្រសួងកិច្ចការនារី ដែលបាននឹងកំពុងខិតខំប្រឹងប្រែង ជំរុញ សកម្មភាពរួមចំណែកមួយយ៉ាងសំខាន់ ក្នុងការលើកកម្ពស់ស្ថានភាព ជីវភាព ឋានៈ តួនាទី និងតម្លៃស្ត្រីរួមទាំងសីលធម៌សង្គម វប្បធម៌ និងប្រពៃណីដ៏ល្អផូរផង់របស់កម្ពុជាយើង៕