លិខិតមិត្តអ្នកអាន៖ «ពេលវេលាគឺជាអាវុធយុទ្ធសាស្ត្ររបស់ សម្តេចតេជោ ហ៊ុន សែន»


ការស្គាល់កាលៈទេសៈ និងដឹងថាពេលណាត្រូវធ្វើអ្វី គឺជាកត្តាកំណត់ជោគជ័យរបស់មេដឹកនាំដែលឈ្លាសវៃ។ សម្តេចតេជោ ហ៊ុន សែន គឺពិតជាមេដឹកនាំដែលតែងតែធ្វើកិច្ចការនេះជារៀងរហូតមក។ ជាក់ស្តែងក្នុងចំណាត់ការករណី Covid-19 ភាពឈ្លាសវៃរបស់មេដឹកនាំខ្មែររូបនេះបានបង្ហាញជាភស្តុតាងមួយថ្មីទៀត។

ហេតុអ្វីបានជាខ្ញុំហ៊ាននិយាយយ៉ាងដូច្នេះ? សូមពិនិត្យមើលចំណាត់ការរបស់សម្តេចតេជោ ហ៊ុន សែន ដូចតទៅ៖

ចាប់ពីការផ្ទុះឡើងនៃវីរុសកូរ៉ូណាថ្មី ឬ Covid-19 កាលពីចុងឆ្នាំ២០១៩ រហូតមកដល់ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២០ គឺជាដំណាក់កាលដែលមេដឹកនាំខ្មែររូបនេះចាត់ទុកថា ការទប់ស្កាត់ការភ័យខ្លាចរបស់ប្រជាពលរដ្ឋគឺជាអាទិភាពខ្ពស់បំផុតដើម្បីបង្ការហនិភ័យ។ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន យល់ច្បាស់ណាស់ថា ក្នុងដំណាក់កាលនេះការប្រើចិត្តសាស្ត្រជារឿងសំខាន់ដើម្បីទប់សភាពការណ៍កុំឲ្យច្រួលច្របល់ក្នុងសង្គមដែលបណ្តាលមកពីការភ័យស្លន់ស្លោជ្រុលរបស់ប្រជាពលរដ្ឋ។ ដូច្នេះហើយបានជានាយករដ្ឋមន្ត្រីខ្មែរបានចេញមុខធ្វើជាគំរូនៃការ លុបបំបាត់ការភ័យខ្លាចតាមរយៈសកម្មភាពសំខាន់ៗចំនួន៣ ដូចខាងក្រោម៖

ទី១៖ គឺការអំពាវនាវម្តងហើយ ម្តងទៀតកុំឲ្យពលរដ្ឋភ័យខ្លាចព្រោះការភ័យខ្លាច វាបង្កគ្រោះថ្នាក់ជាងវីរុស Covid-19 ទៅទៀត។ សម្តេចតេជោ ហ៊ុន សែន យល់ច្បាស់ថា ពលរដ្ឋខ្មែរអាចបាត់បង់ម្ចាស់ការ និងធ្វើឲ្យមានភាពច្របូកច្របល់ក្នុងសង្គមប្រសិនបើមិនទប់ស្កាត់ការភ័យខ្លាចទេនោះ ពីព្រោះម្យ៉ាងការព្រួយបារម្ភពីវីរុសឆ្លងកំពុងគ្របដណ្តប់លើសតិអារម្មណ៍ពលរដ្ឋខ្មែរជាច្រើន និងម្យ៉ាងទៀតគឺការបំផុសព័ត៌មានក្លែងក្លាយបំពុលសង្គមពីសំណាក់ជនអគតិមួយចំនួនក៏បានធ្វើឡើងគួរឲ្យកត់សម្គាល់។

ទី២៖ ការបង្ហាញសកម្មភាពជាក់ស្តែងជាគំរូដល់មហាជន ដូចជាការស្នើសុំទៅសួរសុខទុក្ខ និស្សិតខ្មែរនៅវូហាន, ដំណើរទស្សនកិច្ចផ្ទាល់ទៅកាន់ទីក្រុងប៉េកាំងដោយមិនពាក់ម៉ាស់ក្នុងពេលដែលវីរុសកំពុងផ្ទុះខ្លាំង និងការអនុញ្ញាតឲ្យនាវាយក្ស Westerdam ចូលចតហើយនាយករដ្ឋមន្ត្រីខ្លួនឯងចេញទៅទទួលស្វាគមន៍អ្នកទេសចរ ដោយផ្ទាល់ខណៈដែលពិភពលោកកំពុងភ័យខ្លាច និងរើសអើងអ្នកទាំងនោះ។

ទី៣៖ គឺការឆ្លៀតយកឱកាសនេះ ដើម្បីផ្សព្វផ្សាយនិងបញ្ជ្រាបពីរបៀបរស់នៅប្រកបដោយអនាម័យដល់ប្រជាពលរដ្ឋខ្មែរពីព្រោះ សម្តេចតេជោ ហ៊ុន សែន យល់ច្បាស់ណាស់ថា អនាម័យគឺជាគោលការណ៍គ្រឹះក្នុងការបង្ការទប់ស្កាត់ជំងឺឆ្លងគ្រប់ប្រភេទ មិនត្រឹមតែ Covid-19 ទេ ហើយចំណុចខ្សោយរបស់ពលរដ្ឋខ្មែរគឺការរស់នៅដោយមិនសូវខ្វល់ពីអនាម័យ។

ជាលទ្ធផល ខ្ញុំសង្កេតឃើញថា កិច្ចការទាំង៣យ៉ាងនេះបានទទួលជោគជ័យយ៉ាងធំធេងគួរឲ្យមោទនៈបំផុតសម្រាប់ប្រទេសកម្ពុជា ពីព្រោះតាមរយៈសារនិងសកម្មភាពរបស់នាយករដ្ឋមន្ត្រី ប្រជាពលរដ្ឋខ្មែរឈប់ភ័យខ្លាច Covid-19 តែបែរមកប្រកាន់យកគោលការណ៍អនាម័យដើម្បីការពារខ្លួនជំនួសវិញ។ ការឈប់ភ័យខ្លាចបានធ្វើឲ្យមានប្រក្រតី ភាពនៃការងារមុខជំនួញ ឬរបររកស៊ីគ្រប់យ៉ាងពោលគឺ អ្វីៗនៅមានដំណើរការជាធម្មតា។ ចំណុចនេះមានសារៈសំខាន់ណាស់សម្រាប់លំនឹងសេដ្ឋកិច្ចជាតិ ក៏ដូចជាសេដ្ឋកិច្ចគ្រួសារ។

អ្វីដែលគួរឲ្យកត់សម្គាល់ម្យ៉ាងទៀតគឺពលរដ្ឋខ្មែរគ្រប់ទិសទីបានអនុវត្តវិធីសាស្ត្រអនាម័យជាប្រចាំដូចជា៖ ការលាងដៃញឹកញាប់, ការពាក់ម៉ាស់នៅពេលដែលពួកគេទៅកាន់ទីណាដែលមានមនុស្សម្នាច្រើន ឬនៅពេលមានជំងឺផ្តាសាយជាដើម។ នេះគឺជាឥរិយាបថថ្មី និងជាឥរិយាបថដ៏វិជ្ជមានរបស់ពលរដ្ឋខ្មែរដែលអាចការពារបាន នូវការចម្លងវីរុស Covid-19 រហូតមកទល់ពេលនេះ។

បន្ទាប់ពីពលរដ្ឋខ្មែរស៊ាំនឹងបញ្ហា Covid-19 ហើយឈប់ភ័យខ្លាច និងចេះវិធីបង្ការខ្លួន, សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានប្រកាន់យកវិធានការដំណាក់កាលទី២ តាមរយៈការប្រកាសចាត់ទុកការប្រយុទ្ធប្រឆាំងជាមួយ Covid-19 ជាអាទិភាពខ្ពស់បំផុតរបស់រដ្ឋាភិបាល។

ក្នុងដំណាក់កាលនេះ មេដឹកនាំកម្ពុជារូបនេះបានតម្រូវឲ្យក្រសួងស្ថាប័នរដ្ឋកាត់បន្ថយការចំណាយពី ២៥% ទៅ ៥០% ដើម្បីត្រៀមថវិកាទុកបំរុងប្រើប្រាស់ក្នុង ករណីផ្ទុះ Covid-19 នៅកម្ពុជា។ វិធានការឆ្លើយតបជាច្រើនទៀតក៍ត្រូវបានដាក់ចេញដើម្បីត្រៀមខ្លួនឆ្លើយតបឲ្យបានល្អបំផុត ក្នុងភាពម្ចាស់ការក្នុងករណីដែលមានបញ្ហា Covid-19 កើតឡើង នៅកម្ពុជាជាយថាហេតុ។

ពេលយើងពិនិត្យមើលបញ្ហាទាំងនេះដោយយកចិត្តទុកដាក់ ទើបយើងអាចយល់បានពីភាពឈ្លាសវៃរបស់មេដឹកនាំ និងយល់ពីរបៀបដឹកនាំនិងគ្រប់គ្រងប្រទេស។
ជាទូទៅនៅពេលមានអាសន្នណាមួយកើតឡើង មេដឹកនាំតែងផ្ញើសារ និងធ្វើសកម្មភាពជាគំរូដើម្បីរក្សាលំនឹងចិត្តប្រជាពលរដ្ឋ និងលំនឹងសេដ្ឋកិច្ចជាតិ។

កាលពីដំបូងឡើយ មានអ្នកខ្លះដែលមិនយល់កាលៈទេសៈជាពិសេសក្រុមប្រឆាំងជ្រុលនិយមបាននាំគ្នារិះគន់ សម្តេចតេជោ ហ៊ុន សែន ថាបានផ្ញើសារឬ បង្ហាញសកម្មភាពហាក់ដូចជាផ្ទុយពីនិន្នាការនៃការភ័យខ្លាចរបស់ពិភពលោក ឬអ្នកខ្លះនិយាយថា ជាការដើរបញ្ច្រាសគេ។ ប៉ុន្តែពួកគេភ្លេចគិតថា «ត្រីដែលហែលបណ្តោយទឹកគឺមានតែត្រីងាប់ឬត្រីដែលអស់ថាមពលទៅមុខលែងរួចប៉ុណ្ណោះ ចំណែកឯត្រីដែលហែលបញ្ច្រាសទឹកគឺជាត្រីដែលវៃឆ្លាត និងពោរពេញដោយថាមពល»

មកដល់ដំណាក់កាលនេះទើបយើងអាចយល់ច្បាស់ថា អ្វីដែលសម្តេចតេជោ ហ៊ុន សែន បានធ្វើគឺជាគំរូមិនត្រឹមតែសម្រាប់ពលរដ្ឋខ្មែរប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់មេដឹកនាំពិភពលោកទាំងមូលផងដែរ។ ជាក់ស្តែងឥឡូវនេះគេក៏បានលឺប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងនាយករដ្ឋមន្ត្រីសិង្ហបុរី លោក លី សៀនលុង ក៏ដូចជាបណ្តាមេដឹកនាំនៅអឺរ៉ុប ដែលសុទ្ធតែបានផ្ញើសារកុំឲ្យពលរដ្ឋស្លន់ស្លោចំពោះរឿងនេះដូចៗគ្នា។ មកដល់ត្រង់នេះទើបគេយល់បានថា សម្តេចនាយករដ្ឋមន្ត្រីកម្ពុជា ពិតជាមេដឹកនាំឈានមុខគេក្នុងការបង្ហាញសារ និងកាយវិការគំរូ និងលឿនរហ័សជាងមេដឹកនាំពិភពលោកផ្សេងៗទៀត។

ឥឡូវនេះដល់ពេលដែលមេដឹកនាំខ្មែររូបនេះត្រូវបញ្ចេញវិធានការបង្ការការពារ និងប្រយុទ្ធប្រឆាំងនឹងវីរុស Covid-19 ហើយបើទោះបីជាវីរុសនេះមិនទាន់បានប៉ះពាល់ដល់ពលរដ្ឋខ្មែរណាម្នាក់ នៅឡើយក៏ដោយ។

សម្តេចតេជោ ហ៊ុន សែន បានប្រកាសចាត់ទុកការប្រយុទ្ធប្រឆាំងជាមួយ Covid-19 ជាអាទិភាពខ្ពស់បំផុតរបស់រដ្ឋាភិបាលកម្ពុជា។ វិធានការនេះប្រសិនបើប្រកាសតាំងពីដំបូងទីប្រហែលធ្វើឲ្យពលរដ្ឋខ្មែរភ័យស្លន់ស្លោ និងឈានទៅបាត់បង់ម្ចាស់ការ ហើយអាចបង្កហនិភ័យធំធេងក៏ថាបាន។ ប៉ុន្តែការប្រកាសនៅពេលនេះបានក្លាយជារឿងធម្មតា មួយសម្រាប់ប្រជាពលរដ្ឋទូទៅ ពីព្រោះតែពួកគេបានឆ្លងផុតដំណាក់កាលទី១ទៅហើយ។ នេះហើយដែលហៅថា មេដឹកនាំដែលស្គាល់កាលៈទេសៈនិងដឹងថា ពេលណាត្រូវធ្វើអ្វីពោលគឺចំពោះសម្តេចតេជោ ហ៊ុន សែន «ពេលវេលាគឺជាអាវុធយុទ្ធសាស្ត្រដែលធានាបាននូវភាពម្ចាស់ការ និងជោគជ័យក្នុងការដឹកនាំនិងគ្រប់គ្រងប្រទេស»