លោកជំទាវ ម៉ែន សំអន អំពាវនាវដល់ស្ត្រីរួមគ្នាថែរក្សាការពារសន្តិភាព ដើម្បីអភិវឌ្ឍន៍ជាតិ


(ស្វាយរៀង)៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានអំពាវនាវឲ្យស្ត្រីរួមគ្នាថែរក្សាការពារសន្តិភាព ដើម្បីអភិវឌ្ឍន៍ជាតិ ធានាបានសមភាពយេនឌ័រប្រកបដោយបរិយាប័ន្ន។

លោកជំទាវ ម៉ែន សំអន លើកឡើងបែបនេះនៅក្នុងពិធីជួបសំណេះសំណាលជាមួយនារី នៃសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តស្វាយរៀង ក្នុងពិធីអបអរសាទរខួបលើកទី១០៩ ទិវាអន្តរជាតិនារី ០៨ មីនា ឆ្នាំ២០២០ ក្រោមប្រធានបទ «មានសន្តិភាព មានការលើកកម្ពស់សមភាពយេនឌ័រ» នៅសាលប្រជុំសាលាខេត្តស្វាយរៀងនារសៀលថ្ងៃទី៥ ខែមីនា ឆ្នាំ២០២០ ដែលមានការចូលរួមពីស្ត្រីជាសមាជិកយ៉ាងច្រើនកុះករផងដែរ។

លោកជំទាវ ម៉ែន សំអន បានបន្តថា «សុខសន្តិភាព និងស្ថេរភាពនយោបាយ គឺជាមូលដ្ឋានគ្រឹះដ៏ចាំបាច់ សម្រាប់រដ្ឋាភិបាលប្រទេសមួយមានលទ្ធភាពផ្តោតការយកចិត្តទុកដាក់លើកិច្ចអភិវឌ្ឍន៍ សេដ្ឋកិច្ច សង្គម និងសុខមាលភាពរបស់ប្រជាជន។ បើបាត់បង់សន្តិភាពនោះ អ្វីៗគ្រប់យ៉ាងរួមទាំងសមភាពយែនឌ័រនឹងត្រូវបាត់បង់។ ដូច្នេះសន្តិភាពគឺជាធាតុផ្សំដ៏សំខាន់ សម្រាប់ធានាចីរភាព នៃកិច្ចអភិវឌ្ឍន៍»។

លោកជំទាវបានបន្តទៀតថា ជាក់ស្តែងបន្ទាប់ពីទទួលបានសុខសន្តិភាពពេញលេញ នៅទូទាំងប្រទេស អាស្រ័យដោយនយោបាយឈ្នះឈ្នះ ដែលផ្តូចផ្តើមដោយសម្តេចតេជោ ហ៊ុន សែន ប្រទេសកម្ពុជាមានការប្រែប្រួល និងរីកចំរើនជាលំដាប់ ដោយបោះជំហានយ៉ាងជឿជាក់លើមាគ៌ា នៃការអភិវឌ្ឍន៍លើគ្រប់វិស័យ ឆ្ពោះទៅរកអនាគតមួយដ៏ភ្លឺស្វាង។

ក្រោមម្លប់សន្តិភាព ស្ថេរភាពនយោបាយ និងកំណើនសេដ្ឋកិច្ចដ៏ខ្ពស់ និងមានស្ថិរភាព ក្នុងអត្រាមធ្យមប្រមាណជាង៧% នាអំឡុងពេលពីទស្សវត្សកន្លងមកនេះ ធ្វើឲ្យភាពក្រីក្រនៅកម្ពុជាត្រូវបាន កាត់បន្ថយមកត្រឹម ១០% នាពេលបច្ចុប្បន្ន រីឯអត្រាគ្មានការងារធ្វើមានប្រមាណ ០.៣% ហើយប្រទេសកម្ពុជាត្រូវបានរំពឹងថា នឹងក្លាយជាខ្លាសេដ្ឋកិច្ចថ្មីនៅអាស៊ី។

តាមរយៈកំណើនសេដ្ឋកិច្ចដ៏ខ្ពស់នេះ កម្ពុជាបានផ្លាស់ប្តូរមុខមាត់ពីប្រទេសក្រីក្រ ទៅជាប្រទេសមានចំណូលមធ្យមកំរិតទាប និងបោះជំហាន ឆ្ពោះទៅសម្រេចនូវចក្ខុវិស័យរបស់ខ្លួន ទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

លោកជំទាវ ម៉ែន សំអន បានបញ្ជាក់ថា៖

*អរគុណសម្តេចតេជោ ដែលបានដឹកនាំកម្ពុជាឲ្យមានសន្តិភាព និងបានធ្វើឲ្យប្រទេសជាតិរីកចម្រើនរុងរឿង
*រួមគ្នាថែរក្សាសន្តិភាព ធានាបានសមភាពយេនឌ័រប្រកបដោយបរិយាប័ន្ន
*វិនិយោគលើសមភាពយេនឌ័រ ដើម្បីកិច្ចអភិវឌ្ឍន៍ប្រកបដោយចីរភាព
*ស្ត្រីរួមគ្នាថែរក្សាការពារសន្តិភាព ដើម្បីអភិវឌ្ឍន៍ជាតិ
*មានសន្តិភាព មានការលើកកម្ពស់សមភាពយេនឌ័រ។

ដើម្បីឆ្លើយតបទៅនឹងប្រធានបទ ក្នុងឆ្នាំនេះ លោកជំទាវ ម៉ែន សំអន ក៏សូមផ្តល់អនុសាសន៍មួយចំនួនដូចខាងក្រោម៖

*ការចេះការពារខ្លួន ការធ្វើអនាម័យជាប្រចាំ គឺជាជម្រើសដែលល្អបំផុត ដែលការញរខ្លួនបានពីជំងឺគ្រប់ប្រភេទ រួមទាំងជម្ងឺ COVID-19 ផងដែរ
*ចូលរួមទប់ស្កាត់រាល់ការប្រើប្រាស់ ការជួញដូរគ្រឿងញៀន ពង្រឹងការអនុវត្តន៍ច្បាប់ចរាចរណ៍គ្រប់គ្រងជនអន្តោប្រវេសន៍ជាដើម
*រួមគ្នារក្សាឲ្យបាននូវសន្តិសុខសណ្តាប់ធ្នាប់ និងទប់ស្កាត់ បានមហិច្ឆតាអាក្រក់ទាំងឡាយដែលប៉ុនប៉ងបង្កចលាចល បំផ្លាញសន្តិសុខសណ្តាប់ធ្នាប់សង្គម
*ត្រូវចេះប្រើប្រាស់ពេលវេលាឲ្យបានល្អ និងត្រូវបែងចែកការទទួលខុសត្រូវនៅអង្គភាព និងកិច្ចការគ្រួសារផ្ទាល់ដើម្បីធានាបានជោគជ័យក្នុងការងារផង និងសុភមង្គលក្នុងគ្រួសារផង
*ក្នុងតួនាទីជាម្តាយ ជាយាយ និងឧត្តមភរិយា ស្ត្រី្តត្រូវអប់រំកូន ចៅឲ្យខិតខំរៀនសូត្រឲ្យនៅឆ្ងាយពីគ្រឿងញៀន។ ត្រូវប្រកាន់យកការគោរព សុភាពរាបសារ និងសីលធម៌ អហិង្សា ជៀសវាងពាក្យអសុរស ដើម្បីឲ្យពួកគេក្លាយជាកុលបុត្រ កុលធីតាល្អប្រសើររបស់សង្គមជាតិ ចេះគោរពច្បាប់ និងចេះអត់ឱនអធ្យាស្រ័យ ។ល។
*សូមជំរុញឲ្យខ្លឹមសារប្រធានបទឆ្នាំនេះ «មានសន្តិភាព មានការលើកកម្ពស់សមភាពយេនឌ័រ» ប្រែក្លាយទៅជាស្មារតីអមតៈមិនចេះរីងស្ងួត ដើម្បីជម្រុញឲ្យស្ត្រីបន្តខិតខំប្រឹងប្រែងក្នុងក្របខណ្ឌ ដៃគូរការងារមិនអាចខ្វះបានរបស់បុរស៕