ឯកឧត្តម ស៊ុន ចាន់ថុល ស្នើឱ្យឯកអគ្គរដ្ឋទូតអូស្រ្តាលីពិនិត្យលទ្ធភាពជួយដល់ការរៀបចំកម្មវិធីបណ្ដុះបណ្ដាល និងអភិវឌ្ឍន៍ធនធានមនុស្ស


ថ្លែង​ក្នុង​ជំនួបពិភាក្សាការងារជាមួយឯកឧត្តម Pablo Chiho Kang ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពអូស្ត្រាលី ប្រចាំព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានស្នើឱ្យឯកឧត្តមឯកអគ្គរដ្ឋទូតពិនិត្យលទ្ធភាពជួយដល់ការរៀបចំកម្មវិធីបណ្ដុះបណ្ដាល និងអភិវឌ្ឍន៍ធនធានមនុស្សរបស់ក្រសួង ដើម្បីបណ្តុះបណ្តាលវិស្វករកម្ពុជា ដោយហេតុថា បច្ចុប្បន្ននេះនិស្សិតដែលកំពុងសិក្សានៅតាមសាកលវិទ្យាល័យមានចំនួនត្រឹមតែ ៣,៤ភាគរយ ប៉ុណ្ណោះ។

បើតាមការផ្សាយរបស់ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បានឱ្យដឹងថា ជំនួប​ពិភាក្សាការងារនេះត្រូវបានធ្វើឡើង​កាលថ្ងៃព្រហស្បតិ៍ ១២កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២០ ដោយមានការចូលរួមពីលោក Ryan Tierney លេខាទីមួយអមស្ថានទូត និងលោក David Bloch លេខាទីមួយផ្នែកកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍។

នៅក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្រ្តី បានធ្វើបច្ចុប្បន្នភាពអំពីស្ថានភាពនៃការអភិវឌ្ឍបណ្តាញតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នៅកម្ពុជា គម្រោងពង្រីកបណ្តាញផ្លូវថ្នល់ពីពីរគន្លងទៅបួនគន្លង និងការលើកកម្ពស់គុណភាពផ្លូវពីផ្លូវចាក់កៅស៊ូពីរស្រទាប់ស្តើង (DBST) ទៅជាផ្លូវបេតុងកៅស៊ូ (AC) ដើម្បីឆ្លើយតបទៅនឹងកំណើនយានយន្ត និងកំណើនសេដ្ឋកិច្ចនៅកម្ពុជា។

ទន្ទឹមនឹងនេះ ឯកឧត្តមទេសរដ្ឋមន្ត្រីបានមាន​ប្រសាសន៍បន្ថែមទៀតអំពីប្រសិទ្ធភាពនៃការប្រើប្រាស់កម្មវិធីថែទាំផ្លូវ (Road Care Mobile App) ការប្តេជ្ញាជួសជុលផ្លូវជង្ហុកសម្បុកមាន់ និងផ្លូវខូចឱ្យបាន ៥០ភាគរយក្នុងរយៈពេល៣០ថ្ងៃតាមរយៈការប្រើប្រាស់កម្មវិធីថែទាំផ្លូវ (ROAD CARE Mobile App) និងកង្វះខាតវិស្វករផ្លូវថ្នល់នៅកម្ពុជាផងដែរ និង​បានគូស​បញ្ជាក់​អំពីការសាងសង់វិទ្យាស្ថានបណ្ដុះបណ្ដាលរបស់ក្រសួង និងជាការឆ្លើយតប ឯកឧត្តមឯកអគ្គរដ្ឋទូតបានធ្វើការកត់សម្គាល់ចំពោះសំណើរបស់ឯកឧត្តមទេសរដ្ឋមន្ត្រី និងបានសន្យាថា នឹងពិនិត្យមើលលើបញ្ហានេះ៕