សម្ដេច សាយ ឈុំ ជួបសំណេះសំណាលជាមួយអាជ្ញាធរសង្កាត់ទួលទំពូង១


ព្រឹកថ្ងៃទី ០១ ខែកម្ភៈ ឆ្នាំ២០១៧ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយអាជ្ញាធរសង្កាត់ ភូមិ និងប្រជាពលរដ្ឋ ក្នុងសង្កាត់ទួលទំពូង១ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
ក្រោយពីស្ដាប់មតិយោលបល់របស់អង្គប្រជុំរួចមក សម្ដេច បានអបអរសាទរចំពោះរាល់លទ្ធផលការងារទាំងឡាយ ដែលបងប្អូនប្រជាពលរដ្ឋ និងអាជ្ញាធរសង្កាត់សម្រេចបានកន្លងមក។ សម្ដេចក៏បានសម្ដែងនូវការរីករាយចំពោះបងប្អូនប្រជាពលរដ្ឋក្នុងសង្កាត់ទួលទំពូង១ ដែលបានអញ្ជើញទៅចុះឈ្មោះបោះឆ្នោត និងពិនិត្យបញ្ជីឈ្មោះបោះឆ្នោតដោយស្មារតីភ្ញាក់រលឹក និងទទួលខុសត្រូវខ្ពស់។ សម្ដេច ក៏បានសំណូមពរឲ្យបងប្អូនប្រជាពលរដ្ឋយើងដែលបានចុះឈ្មោះបោះឆ្នោតរួចហើយសុំត្រៀមពេលវេលា១ថ្ងៃ គឺនៅថ្ងៃទី ៤ ខែមិថុនា ឆ្នាំ២០១៧ ដើម្បីទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាសង្កាត់ដែលយើងជឿជាក់ថាមានសមត្ថភាព មានគុណធម៌ និងមានបទពិសោធន៍ការងារសម្រាប់ដឹកនាំសង្កាត់របស់យើងរយៈពេល ៥ ឆ្នាំទៅមុខទៀត។
អង្គប្រជុំបានព្រព្រឹត្តិទៅក្នុងបរិយាកាសសប្បាយរីករាយ និងសាមគ្គីជិតស្និត។