ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ស្ដីពីកម្មវិធីជាតិជំរុញ និងលើកកម្ពស់វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា


ទីស្ដីការក្រសួង៖ នាព្រឹក៣១ ខែ​មករា ឆ្នាំ២០១៧ ក្រសួង​អប់រំ យុវជន និង​កីឡា​បាន​ប្រារព្ធ​ពិធី​ចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការ​យោគយល់​ស្ដីពី គម្រោង​រយៈពេល ០៥ឆ្នាំ ក្នុង​កម្មវិធី​ជាតិ​ជំរុញ និង​លើក​កម្ពស់​វិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និង​គណិតវិទ្យា (STEM) ជា​មួយ​អង្គការ​ស្ទែម​កម្ពុជា ដើម្បី​ជំរុញ​យុវជន​កម្ពុជា​ឱ្យ​កាន់​តែ​មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​លើ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និង​គណិតវិទ្យា ព្រម​ទាំង​ការអប់រំ ការសិក្សា ការស្រាវជ្រាវ នវានុវត្តន៍ ការប្រកួតប្រជែង ការងារ​អាជីព និង​វិជ្ជាជីវៈ​ដែល​ទាក់ទង​នឹង​វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និង​គណិតវិទ្យា​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​គោល​នយោបាយ​ឧស្សាហកម្ម​របស់​រាជរដ្ឋាភិបាល​។
ពិធី​នេះ ត្រូវ​បាន​ចុះ​ហត្ថលេខា​ដោយ​ឯកឧត្ដម​បណ្ឌិត ហង់ ជូន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា លោក Allen Dodgson Tan ប្រធាន​ក្រុមប្រឹក្សាភិបាល តំណាង​អង្គការ​ស្ទែម​កម្ពុជា ព្រម​ទាំង​មាន​ការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​ឯកឧត្ដម William Heidt ឯកអគ្គរដ្ឋទូត​អាមេរិក និង ឯកឧត្ដម Bill Longhurst ឯកអគ្គរាជទូត​អង់គ្លេស ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា។