ឯកឧត្តម សុក ផេង អញ្ជើញជាអធិបតីក្នុងពិធីចុះបឋមសិលាកសាងអគារស្នាក់ការបក្ស ឃុំល្វាលើ ស្រុកចំការលើ ខេត្តកំពង់ចាម


នារសៀលថ្ងៃអាទិត្យ 15កើតខែផល្គុនឆ្នាំកុរឯកស័កពស 2563 ត្រូវនឹងថ្ងៃទី 8 ខែមិនាឆ្នាំ 2020 ឯកឧត្តម សុក ផេង រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្រ្តី ប្រធានក្រុមការងារគណៈបក្សចុះជួយឃុំល្វាលើ បានអញ្ជើញជាអធិបតីក្នុងពិធីចុះបឋមសិលាកសាងអគារស្នាក់ការបក្ស ឃុំល្វាលើ ស្រុកចំការលើ ខេត្តកំពង់ចាម។

មានប្រសាសន៍ក្នុងឱកាសចុះបឋមសិលា ឯកឧត្តម សុក ផេង រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្រ្តី ប្រធានក្រុមការងារគណៈបក្សចុះជួយឃុំល្វាលើបានពាំនាំការសាកសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនចំពោះបងប្អូនប្រជាពលរដ្ឋនៅក្នុងស្រុកចំការលើ និយាយរួម និងនិយាយដោយឡែកបងប្អូនប្រជាពលរដ្ឋឃុំល្វាលើនេះផ្ទាល់តែម្តង ដែលជានិច្ចកាលសម្តេចតែងតែយកចិត្តទុកដាក់គិតពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋយើងគ្រប់ពេលវេលា។

បន្ថែមពីលើនេះទៀតឯកឧត្តម បានមានប្រសាសន៍ថា បច្ចុប្បន្ននេះបញ្ហា ស្ថិតក្នុងស្ថានភាពដែលពិភពលោក ក៏ដូចជាប្រទសយើងកំពុងតែប្រឈមបញ្ហាវិបត្តិសេដ្ឋកិច្ច ដោយសារការរាលឆ្លងជំងឺផ្លូវដង្ហើមធ្ងន់ធ្ងរ COVID-19 ដ៏មហន្តរាយនេះ រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោហ៊ុន សែន បានដាក់ចេញនូវវិធានការចំបាច់សំខាន់ៗមួយចំនួនទាំងចំពោះមុខ និងរយ:ពេលវែងដើម្បីជួយទ្រទ្រង់វិស័យទេសចរណ៍ និងវិស័យពាក់ព័ន្ធមួយចំនួនទៀត និងជាពិសេសដើម្បីការពារ ទប់ស្កាត់ជំងឺឆ្លងផ្លូវដង្ហើមធ្ងន់ធ្ងរនេះ និងដើម្បីរក្សាសមិទ្ធផលរបស់សង្គមជាតិ និងនិរន្តរភាពនៃសេដ្ឋកិច្ច។

ឯកឧត្តម បានបន្តទៀតថា ដើម្បីជៀសវាងចំពោះបញ្ហានេះយើងត្រូវអនុវត្តតាមការបង្ហាញរបស់ក្រសួងសុខាភិបាលដែលបានធ្វើការផ្សព្វផ្សាយជូនបងប្អូនប្រជាពលរដ្ឋនាពេលកន្លងមកនេះ។

ឯកឧត្តម បានថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋដែលបានបរិច្ចាកដីសម្រាប់កសាងស្នាក់ការបក្សនេះ ព្រមទាំងបានធ្វើការផ្តាំផ្ញើដល់បងប្អូន ប្រជាពលរដ្ឋក្នុងអង្គពិធីនាឱកាសនេះ ត្រូវរួមគ្នាថែរក្សាសន្តិភាពដែលកំពុងតែមានស្រាប់នេះ ដើម្បីឲ្យកូនចៅរបស់យើងជំនាន់ក្រោយមានឱកាសបន្តការអភិវឌ្ឍក្នុងប្រទេស ក៏ដូចជា ក្នុងមូលដ្ឋានរបស់យើងអោយបានរីកចំរើនតទៅមុខ ព្រោះការកសាងសន្តិភាពគឺជាការពិបាកតែ ការបំផ្លិចបំផ្លាញសន្តិភាពគឺជាការងាយស្រួល តែទោះជាយ៉ាងណាក៏យើងមិនអាចអោយជនណាម្នាក់មកបំផ្លាញសន្តិភាពនេះបានឡើយ
ចប់ប្រសាសន៍សំណេះសំណាល ឯកឧត្តម បានអញ្ជើញបញ្ចុះបឋមសិលា កសាងអាគារស្នាក់ការបក្ស ឃុំល្វាលើ ដែលមានទំហំ 17ម៉ែត្រ*17ម៉ែត្រ ដែលចំណាយអស់ថវិកាប្រមាណជា 25.000ដុល្លា។

បន្ថែមពីលើនោះទៀត ឯកឧត្តមមានគម្រោងរៀបចំ ទីធ្លាសម្រាប់កុមារកម្សាន្ត និងរៀបចំសម្ភារៈសម្រាប់បម្រើការងារក្នុងទីស្នាក់ការគណបក្សឃុំល្វាលើ ក្រោយពីការដ្ឋានបញ្ចប់រយៈពេល4ខែខាងមុខ នេះ៕