ពិធីបេីកការដ្ឋានសាងសង់គម្រោងអភិវឌ្ឍលំនៅឋាន​ (កំណប់ឋានសួគ៌)​ របស់ក្រុមហ៊ុន​សុខា​ អូតែល​


ព្រឹកថ្ងៃទី​៧ ខែមីនា​ ឆ្នាំ​២០២០​ នៅភ្នំបូកគោ ខេត្តកំពត​ ឯកឧត្តម​ ជា​ សុផារ៉ា​ ឧបនាយករដ្ឋមន្រ្តី​ រដ្ឋមន្ត្រី​ក្រសួង​រៀប​ចំ​ដែនដី​ នគរូបនីយកម្ម​ និងសំណង់​ បានអញ្ជេីញជាអធិបតីក្នុងពិធីបេីកការដ្ឋានសាងសង់គម្រោងអភិវឌ្ឍលំនៅឋាន​ “កំណប់ឋានសួគ៌”​ របស់ក្រុមហ៊ុន​ សុខា​ អូតែល​ ដែលពិធីនេះមានការអញ្ជេីញចូលរួមពី​ ឯកឧត្តម​ ស៊ុន​ ចាន់ថុល​ ទេសរដ្ឋមន្រ្តី​ រដ្ឋមន្ត្រី​ក្រសួង​សាធារណៈ​ការ​ និង​ដឹកជញ្ជូន​ ឯកឧត្តម​ ថោង​ ខុន​ រដ្ឋមន្ត្រី​ ក្រសួង​ទេសចរណ៍​ ឯកឧត្ដម​ សាយ​ សំអាល់​ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ និងឯកឧត្តម​ ជា​វ តាយ​ អភិបាលនៃគណអភិបាលខេត្តកំពត​ រួម​ជាមួយ​ថ្នាក់ដឹកនាំ​ មន្ត្រី​រាជការ​ តំណាងក្រុមហ៊ុន​វីនិយោគ​កងកម្លាំងប្រដាប់អាវុធគ្របប្រភេទ​ កម្មករ​ កម្មការិនី​ និងសិស្សានុសិស្ស​ជាច្រើននាក់​។
ក្នុងឱកាសនោះឯកឧត្តម ជាវ តាយ បានមានប្រសាសន៍ថា​ដោយសារកំណើនភ្ញៀវទេសចរពីមួយឆ្នាំទៅមួយឆ្នាំក្នុងខេត្តកំពតដែលចាំបាច់តម្រូវអោយមានសេវាកម្មឆ្លើយតបសមស្របពិសេសការបង្កើននូវសេវាកម្មស្នាក់នៅកំរិតខ្ពស់ សេវាម្ហូបអាហារនិងទីផ្សារមានស្តង់ដាសមស្របបំរើសេចក្តីត្រូវការរបស់ភ្ញៀវទេសចរ។

ឯកឧត្ដម​ ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ បានចាត់ទុកការបើកការដ្ឋានសាងសង់គំរោងអភិវឌ្ឍលំនៅស្ថានកំណប់ឋានសួគ៌លើភ្នំបូកគោនាពេលនេះថាជាផ្នែកមួយនៃគំរោងអភិវឌ្ឍក្រុងបូកគោដែលមានទីតាំងនៅក្នុងខេត្តកំពត ខេត្តកែបនិងខេត្តព្រះសីហនុដែលទីតាំងខេត្តទាំង៣នេះមានការផ្សារភ្ជាប់ជាមួយនឹងតំបន់នោះ។​

បូកគោ​គឺជារមណីយដ្ឋានដ៏កម្រ​ មានអាកាសធាតុត្រជាក់គ្រប់រដូវកាលដែលមិនមានចំងាយឆ្ងាយប៉ុន្មានពីរាជធានីភ្នំពេញ ដែលថ្ងៃខាងមុខហេដ្ឋារចនាសម្ព័ន្ធនឹងមានការតភ្ជាប់ធ្វើអោយមានលក្ខណះងាយស្រួលហើយទីតាំងភ្នំបូកគោនេះមានកំពស់1075mពីផ្ទៃបាតសមុទ្រ ដែលមានន័យថាទីតាំងនេះមានលក្ខណះភូមិសាស្រ្តល្អ។

ឯកឧត្ដម​ ឧបនាយករដ្ឋមន្រ្តីបានបញ្ជាក់ថា​សុខសន្តិភាពនិងស្ថេរភាពនយោបាយនេះគឺមានលក្ខណះអំណោយផលណាស់សំរាប់យើងទាំងអស់គ្នាបន្តដល់កូនចៅជំនាន់ក្រោយដូច្នេះដើម្បីភាពសុខដុមរមនានិងការអភិវឌ្ឍ ទាំងអស់គ្នាគួរតែដើរតាមនិងគាំទ្រដល់ការដឹកនាំរបស់សម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។