សម្ដេចតេជោ ហ៊ុន សែន៖ បានបញ្ជាក់ប្រាប់ថានាវាដឹកជញ្ជូនចំនួន៧គ្រឿងដែលដឹកវត្ថុធាតុដើមសម្រាប់ផ្គត់ផ្គង់រោងចក្រនៅកម្ពុជា កំពុងដឹកចូលមកផែកម្ពុជាជាបន្តបន្ទាប់


នៅព្រឹកថ្ងៃទី ១០ ខែ មីនា ឆ្នាំ ២០២០ ក្នុងពេលអញ្ជើញថ្លែងសុន្ទរកថានៅក្នុងពិធីប្រគល់សញ្ញាប័ត្រដល់និស្សិតសកវិទ្យាល័យវ៉ាន់ដា នៅកោះពេជ្រ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាក់ប្រាប់ថានាវាដឹកជញ្ជូនចំនួន៧គ្រឿងដែលដឹកវត្ថុធាតុដើមសម្រាប់ផ្គត់ផ្គង់រោងចក្រនៅកម្ពុជា កំពុងដឹកចូលមកផែកម្ពុជាជាបន្តបន្ទាប់ ក្នុងនោះគឺមាន៥គ្រឿងបានចូលចតនៅកំពង់ផែក្រុងព្រះសីហនុហើយ និង ២គ្រឿងទៀតចតនៅកំពង់ផែវៀតណាមសម្រាប់ផ្គត់ផ្គង់រោងចក្រនៅទីតាំងក្រុងបាវិត ខេត្តស្វាយរៀង។

សម្តេចតេជោ ហ៊ុន សែន បានសុំឲ្យអាជ្ញាធរពាក់ព័ន្ធទាំងអស់ ជាពិសេស ខាងកំពង់ផែ និងគយ ត្រូវធ្វើយ៉ាងណាសម្រួលដល់ការដឹកជញ្ជូននេះអោយដល់រោងចក្របានឆាប់រហ័សបំផុត។

សូមអរគុណមិត្តចិនរួមទាំងអ្នកវិនិយោគគិន និងក្រុមហ៊ុនចិនទាំងអស់ដែលបានខិតខំចូលរួមជំរុញការដឹកនាំវត្ថុធាតុដើមមកផ្គត់ផ្គង់តម្រូវការរោងចក្រនានានៅក្នុងប្រទេសកម្ពុជាអោយបានទាន់ពេលវេលា៕